តំណាងពលរដ្ឋ និងមន្ត្រីអង្គការសមធម៌ ពីរនាក់ ត្រូវបានអាជ្ញាធរចាក់អង្រែលើ ឃាត់ខ្លួន កាលពីយប់មិញ
ភ្នំពេញ៖ តំណាងប្រជាពលរដ្ឋ និងមន្ត្រីអង្គការសមធម៌ ពីរនាក់ ត្រូវបានអាជ្ញាធរឃាត់ខ្លួន នៅសង្កាត់ចាក់អង្រែលើ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ៨នាទីយប់ ថ្ងៃទី ០៩ ខែកុម្ភះ ខណៈដែលពួកគេ កំពុងធ្វើការប្រមូលស្នាមមេដៃប្រជាពលរដ្ឋដែលប៉ះពាល់ពីគម្រោងអភិវឌ្ឍរបស់រដ្ឋាភិបាល ដាក់ឲ្យក្រសួងដែនដី តាមការកំណត់ ដើម្បីស្នើសុំប្លង់កម្មសិទ្ធិ។ យ៉ាងណា ពួកគេទាំងពីរនាក់នោះ ត្រូវបានដោះលែងវិញ បន្ទាប់ពីប្រជាពលរដ្ឋជាច្រើននាក់ បាននាំគ្នាតវ៉ាបិទផ្លូវ។ រាយការណ៍បន្តដោយកញ្ញា ចាន់ សុវណ្ណដារី៖
ខណៈដែលកំពុងដើរប្រមូលស្នាមមេដៃ របស់ប្រជាពលរដ្ឋ នៅភូមិព្រែកតាគង់ ១ សង្កាត់ចាក់អង្រេលើ ខណ្ឌមានជ័យ សម្រាប់ដាក់ទៅក្រសួងដែនដី ដើម្បីស្នើសុំប្លង់កម្មសិទ្ធិ នៅវេលាម៉ោង ៨ យប់ ថ្ងៃទី ០៩ កុម្ភៈ ២០១៧ មន្ត្រីចងក្រងសហគមន៍អង្គការសមធម៌ម្នាក់ និងតំណាងសហគមន៍ព្រែកតាគង់ ១ ម្នាក់ ត្រូវបានអាជ្ញាធរភូមិព្រែកតាគង់ ឃាត់ខ្លួន និងនាំទៅសាលាសង្កាត់ចាក់អង្រែលើ ដើម្បីធ្វើការសាកសួរ។ នេះជាលើកឡើងរបស់តំណាងសហគមន៍ព្រែកតាគង់ លោក អ៊ំ ណារី ដែលត្រូវបានអាជ្ញធរឃាត់ខ្លួនតាំងពីម៉ោង ៨ យប់ និងដោះលែងវិញនៅម៉ោង ជិត ១២ យប់ថ្ងៃដដែល។
លោក អ៊ំ ណារី បានបញ្ជាក់បានប្រាប់វិទ្យុសំឡេងយុវជន នៅថ្ងៃទី ១០ កុម្ភៈនេះថា ដោយសារតែនៅពេលថ្ងៃ ប្រជាពលរដ្ឋរវល់ធ្វើការងារប្រកបរបរចិញ្ចឹមជីវិត ទើបលោក និង មន្ត្រីចងក្រងសហគមន៍អង្គការសមធម៌ លោក ឡុង គឹមហ៊ាន នាំគ្នាប្រមូលស្នាមមេដៃប្រជាពលរដ្ឋនៅក្នុងភូមិនៅពេលព្រលប់ ដើម្បីពន្លឿនដាក់ជូនក្រសួង។
គួរបញ្ជាក់ថា បន្ទាប់ពីអាជ្ញាធរភូមិព្រែកតាគង់ ១ បានឃាត់ខ្លួន និងធ្វើការសាកសួរ មន្ត្រីចងក្រងសហគមន៍អង្គការសមធម៌ និងតំណាងសហគមន៍ព្រែកតាគង់ ១ អស់រយៈពេលប្រមាណជាង ៤ ម៉ោង ទើបមានការដោះលែងពួកគាត់ទាំងពីរវិញ ព្រោះតែមានការតវ៉ាបិតផ្លូវពីសំណាក់ប្រជាពលរដ្ឋ ដែលទាមទារឲ្យមានការដោះលែងពូកគាត់វិញ។
មន្ត្រីចងក្រងសហគមន៍មកពីអង្គការ សមធម៌ លោក ឡុង គឹមហ៊ាន ដែលត្រូវអាជ្ញាធរឃាត់ខ្លួន ក៏បានលើកឡើងដែរថា ការប្រមូលស្នាមមេដៃរបស់ប្រជាពលរដ្ឋភូមិព្រែកតាគង់នេះ គឺដើម្បីបញ្ជាក់ថា ពួកគាត់ពិតជាមានដីធ្លី និងផ្ទះសម្បែងនៅជាប់ និងនៅក្នុងដីដែលរាជរដ្ឋាភិបាលគ្រោងនឹងអភិវឌ្ឍគម្រោងអាងស្តុបទឹក ដើម្បីស្នើឲ្យក្រសូងដែនដី នគររូបនីយកម្ម និងសំណង់ កាត់ខ្វៀលដីរបស់ប្រជាពលរដ្ឋចេញតែប៉ុណ្ណោះ។ លោក យល់ថា ការហាមឃាត់ និងការឃាត់ខ្លួនលោក និងតំណាងពលរដ្ឋនេះ ជាការរំលោភសិទ្ធិមនុស្សធ្ងប់ធ្ងរ និងបំបិតសិទ្ធិប្រជាពលរដ្ឋ ដែលផ្ទុយនឹងរបបលទ្ធិប្រជាធិតេយ្យមានចែងក្នុងច្បាប់។
យ៉ាងណាវិទ្យុសំឡេងយុវជន នៅថ្ងៃនេះ មិនអាច សុំការបំភ្លឺ ពីចៅសង្កាត់ចាក់អង្រែលើ លោក កែវ សាវឿន បាននោះទេ ដោយលើកឡើងថា កំពុងរវល់។
លោក អៀង វុទ្ធី នាយកអង្គការសមធម៌កម្ពុជា លើកឡើងថា នេះការភ័ន្តច្រឡំរបស់អាជ្ញាធរតែប៉ុណ្ណោះ។ យ៉ាងណាមិញ លោកអះអាងថា មន្ត្រីរបស់លោក នឹងនៅតែបន្តធ្វើការងារទាំងនេះជូនប្រជាពលរដ្ឋ ហើយអ្វីដែលអង្គការលោកធ្វើ គ្រាន់តែឆ្លើយតបទៅតាមអ្វីដែល ក្រសួងដែនដីកំណត់តែប៉ុណ្ណោះ ។
សូមជម្រាបថា គម្រោងអភិវឌ្ឍន៍ទីក្រុងរណបថ្មីរបស់ក្រុមហ៊ុនបានគ្របដណ្តប់លើផ្ទៃដី និងទឹកនៅបឹងទំពុនចំនួន ២៥៧២ ហិកតាក្នុងនោះមាន ៥២០ ហិកតាជាអាងស្តុកទឹក។ គម្រោងផែនការមេឆ្នាំ ២០១៤ ដល់ ២០២០ ទីក្រុង ING ត្រូវចែកជា ៤ ដំណាក់កាល ដើម្បីធ្វើការអភិវឌ្ឍជាតំបន់ពាណិជ្ជកម្ម អគាររដ្ឋាភិបាល កន្លែងសម្ភារៈសំណង់ កន្លែងយានយន្ត រោងចក្រ និងតំបន់ពលរដ្ឋរស់នៅ។ ក្នុងនោះផងដែរ ដីប្រជាពលរដ្ឋប្រមាណ ៣៨០ គ្រួសារនៅសហគមន៍ព្រែកតាគង់ ១ និងខ្វាក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោកាល ត្រូវប្រឈម និងបានស្នើដល់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់កាត់ឆ្វៀលដីពួកគាត់ចេញពីគម្រោងនិងទាមទារប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋនៅទីនោះផងដែរ ដែលតម្រូវឲ្យពួកគាត់ ផ្តល់ព័ត៌មានពីទំហំដីលំនៅឋានរៀងៗខ្លួន ដោយភ្ជាប់ជាមួយស្នាមមេដៃ ដើម្បីដាក់ទៅក្រសួងស្នើសុំប័ណ្ណកម្មសិទ្ធិ។
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!