អាជ្ញាធររាជធានីភ្នំពេញ បំភ្លឺករណីផ្ទះបណ្តែតទឹកក្បែរស្ពានជ្រោយចង្វារ
អាជ្ញាធររាជធានីភ្នំពេញ ថាផ្ទះបណ្តែតទឹកដែលគេចែកចាយនៅតាមបណ្តាញសង្គមហ្វេសប៊ុក គឺជាបែរចិញ្ចឹមត្រីរបស់ប្រជាពលរដ្ឋខ្មែរឥស្លាម ដែលរស់នៅខណ្ឌឬស្សីកែវតែប៉ុណ្ណោះ មិនមែនជាផ្ទះទឹកជនជាតិវៀតណាមអនាធិបតេយ្យដូចការលើកឡើងមួយចំនួននោះឡើយ។ រាយការណ៍បន្តដោយលោកញ៉ែម ប្រសិដ្ឋ៖
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា បានអោយវិទ្យុសំឡេងយុវជន ដឹងនៅថ្ងៃអង្គារ៍នេះថា ផ្ទះបណ្តែតទឹកដែលប្រជាពលរដ្ឋ បានចោទថា ជាផ្ទះបណ្តែតទឹករបស់ជនជាតិវៀតណាមនោះ គឺជាបែចិញ្ចឹមត្រីរបស់ប្រជាពលរដ្ឋខ្មែរអ៊ីស្លាម ដែលរស់នៅក្នុងខណ្ឌឬស្សីកែវតែប៉ុណ្ណោះ។ តែដោយសារតែ ពួកគេ ជួបប្រទះនូវកង្វះអ៊ុកស៊ីសែន ដែលធ្វើឱ្យត្រីចិញ្ចឹមរបស់ពួកគាត់ងាប់ ហេតុនេះ ទើបប្រជាពលរដ្ឋទាំងនោះ បានចល័តផ្លាស់ទីរកកន្លែងសុវត្ថិភាព និងទឹកត្រជាក់ សម្រាប់ត្រីចិញ្ចឹមរបស់ពួកគេមួយរយៈសិន។
គួកត់សំគាល់ថា ការថ្លែងបំភ្លឺពីសំណាក់ អាជ្ញាធររាជធានីភ្នំពេញបែបនេះ ក៏ដោយសារតែមួយរយៈចុងក្រោយនេះ មានការបង្ហោះរូបភាព និងសារមួយចំនួននៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ពាក់ព័ន្ធនឹងសកម្មភាពបណ្ដែតផ្ទះចល័តលើផ្ទៃទឹកទន្លេសាបក្បែរស្ពានជ្រោយចង្វារថ្មីប៉ែកខាងជើង ដែលពួកគេថា ជាផ្ទះទឹកវៀតណាម ដែលបានបង្កផលប៉ះពាល់កខ្វក់ដល់ផ្ទៃទឹក ខូចសោភ័ណភាពទឹកទន្លេ និងបណ្តែតលើទឹកដោយរប៉ាត់រប៉ាយ យ៉ាងអនាធិបតេយ្យ។
យ៉ាងណា លោក មាន ចាន់យ៉ាដា បានបកស្រាយដើម្បីអោយប្រជាពលរដ្ឋអស់ចម្ងល់ថា ប្រជាពលរដ្ឋទាំងអស់នោះមិនមែនជាអ្នកចំណូលថ្មី ឬជាពលរដ្ឋវៀតណាមនោះដែរ គឺជាប្រជាជននៅមូលដ្ឋានចាស់ មានលាយគ្រួសារវៀតណាមតិចតួច ប្រមាណជាជាង១០០ គ្រួសារ មកពីសង្កាត់ច្រោះចំរេះ១ ច្រាំងចំរេះ២ និងគីឡូម៉ែត្រលេខ៦។ ហើយចំពោះករណីនេះ អាជ្ញាធររាជធានីភ្នំពេញ នឹងចុះទៅពិនិត្យ និងរៀបចំរបាយការណ៍ជូនក្រសួងពាក់ព័ន្ធដើម្បី សម្របសម្រួលឱ្យពួកគាត់ត្រលប់ទៅរស់នៅកន្លែងដើមវិញផងដែរ។
ទាក់ទិននឹងបញ្ហានេះ វិទ្យុសំឡេងយុវជន នៅតែមិនអាចទាក់ទង លោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារបានទេ នៅរសៀលថ្ងៃទី ២ ខែឧសភានេះ ដោយសាតែលោកបានបិទទូរស័ព្ទ។
លោក មាស នី អ្នកស្រាវការអភិវឌ្ឍសង្គម យល់ថា រដ្ឋាភិបាលគួរតែពន្លឿននៅក្នុងការចុះទៅត្រួតពិនិត្យកន្លែងផ្ទះបណ្តែតទឹកទាំងនោះ និងពុំគួរអោយមានផ្ទះបណ្តែតទឹកនៅលើផ្ទៃទន្លេ ទៀតនោះទេ ពីព្រោះការបណ្តែទបណ្តោយនេះ ធ្វើអោយខូចសោភ័ណភាព កង្វក់បរិស្ថានទឹក និងមានបញ្ហាមិនប្រក្រតីមួយចំនួនទៀត។
សូមបញ្ជាក់ផងដែថា កន្លងទៅ ក៏ធ្លាប់មានផ្ទះបណ្តែតទឹក រស់នៅលើដងទន្លេយ៉ាងអនាធិបតេយ្យ មានដូចជា នៅតាមដងទន្លេជាប់ខេត្តទាំង៥ នៅអរិយក្សត្រ ជ្រោយចង្វា ដែលត្រូវបានអ្នកជំនាញបរិស្ថានមើលឃើញថា វាបានបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថានទឹក និងបង្កអោយស្ទះចរាចរណ៏ផ្លូវទឹក គ្រាដែលទឹកទន្លេកំពុងរីងនិងរួមតូចនៅរដូវប្រាំង ។ ក្រៅពីនោះបានធ្វើឱ្យប៉ះពាល់ការចរាចរណ៍មច្ឆជាតិ និងធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់សោភ័ណភាព ប៉ះពាល់លើវិស័យទេសចរណ៍ផងដែរ។
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!