សហរដ្ឋអាមេរិក ប្រកាសគាំទ្រសហភាពអឺរ៉ុប ករណីកម្ពុជា បន្តឃុំខ្លួនមន្ត្រីអាដហុក និងមន្ត្រីគជប
ភ្នំពេញ៖ សហរដ្ឋអាមេរិក ប្រកាសគាំទ្រចំពោះសេចក្តីថ្លែងការណ៍ដែលចេញដោយសហភាពអឺរ៉ុប ទាក់ទងនឹងការបន្តឃុំខ្លួនបណ្តោះអាសន្ននៃមន្ត្រីសមាគមអាដហុក ៤ នាក់ និងមន្ត្រីគជប ម្នាក់ បន្ទាប់ពីកម្ពុជា បានច្រាលចោល។រាយការណ៍បន្តដោយកញ្ញា ឡុង គីមម៉ារីតា
សហរដ្ឋអាមេរិក ប្រកាសគាំទ្រចំពោះសេចក្តីថ្លែងការណ៍ដែលចេញដោយសហភាពអឺរ៉ុប និងការិយាល័យអង្គការសហប្រជាជាតិនៃឧត្តមស្នងការទទួលបន្ទុកសិទិ្ធមនុស្សទាក់ទងនឹង ការឃុំខ្លួនបណ្តោះអាសន្ននៃមន្ត្រីសមាគមអាដហុក ៤ នាក់ និងមន្ត្រីគជប ម្នាក់។
បើតាមសេចក្តីថ្លែងការណ៍របស់សហរដ្ឋអាមេរិក នៅថ្ងៃទី ៥ ឧសភា បានលើកឡើងថា លោកស្រី លឹម មុនី លោក ណៃ វ៉ងដា លោក នី សុខា លោក យី សុខសាន្ត ព្រមទាំង លោក នី ចរិយា ត្រូវបានជាប់នៅក្នុងពន្ធនាគារដោយគ្មានការកាត់ទោសអស់រយៈពេលជាងមួយឆ្នាំ។
ចំពោះការបន្តឃុំខ្លួននេះ សហរដ្ឋអាមេរិក បានបង្ហាញក្តីបារម្ភថា នេះគឺជារឿងមិនសមហេតុផលមួយដែលផ្តល់ផលប៉ះពាល់ដល់សិទ្ធិសេរីភាពរបស់ពួកគេទាំងនោះ បើការឃុំខ្លួន នៅតែបន្តអូសបន្លាយ។ ហើយការបន្តឃុំខ្លួននេះ គឺជាការបំពានច្បាប់ ដែលសហរដ្ឋអាមេរិក ស្នើឲ្យមានការពិចារណាឡើងវិញ ក្នុងការដោះលែងពួកគេទាំងនោះ ឲ្យមានសេរីភាព។
កាលពីថ្ងៃទី៤ខែឧសភា កន្លងទៅ ប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជាបានចេញនូវសេចក្តីថ្លែការណ៍ស្តីពីតុលាការកម្ពុជាដែលបានសម្រេចបន្ត ឃុំខ្លួនសមាជិក ៤រូប របស់សមាគមអាដហុក និងមន្ត្រីគជប ១ រូប រយៈពេល៦ខែបន្ត និងបានចាត់ទុកការឃុំខ្លួនអ្នកទាំងនេះ ជាការធ្វើឡើងតាមអំពើចិត្ត និងទាមទារអោយមានការដោះលែងពួកគេជាបន្ទាន់។
តែយ៉ាងណា សេចក្តីថ្លែងការណ៍នេះ ក៏ត្រូវបាន ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា សេចក្តីថ្លែងការណ៍ប្រតិកម្ម និងលើកឡើងថា ការលើកឡើងរបស់សហភាពអឺរ៉ុប គឺជាការរំលោភបំពានយ៉ាងច្បាស់លើអនុសញ្ញាទីក្រុងវីយ៉ែនស្តីពីទំនាក់ទំនងការទូត ដែលចែងថា រាល់បេសកកម្មការទូតទាំងអស់មានកាតព្វកិច្ចគោរពច្បាប់ និងបទបញ្ជានានារបស់រដ្ឋដែលខ្លួនតាំងនៅ ហើយពួកគេមានកាតព្វកិច្ចមិនលូកដៃជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់រដ្ឋនោះឡើយ ។
ក្នុងនោះដែរ កម្ពុជា ក៏បានអះអាងថា ការសម្រេចរបស់តុលាការ គឺស្របទៅតាមក្រមនីតិវិធីព្រហ្មទណ្ឌរបស់កម្ពុជា ខណៈដែល ចៅក្រមស៊ើបអង្កេតអាចសម្រេចពន្យាការឃុំឃាំងមុនសវនាកា២ដង ក្នុងរយៈពេល៦ ខែ ក្នុង១ដង។
លោក មាស នី អ្នកស្រាវជ្រាវការអភិវឌ្ឈសង្គម យល់ថា មន្ត្រីសមាគមការពារសិទ្ធមនុស្សដែលជាប់ឃុំឃាំង ហាក់មិនមានទោសកំហុសធ្ងន់ធ្ងរ ដែលតម្រូវអោយតុលាការបន្តឃុំខ្លួនយូរបែបនេះទេ ដូច្នេះរដ្ឋាភិបាលត្រូវគិតគួរសារជាថ្មី ចំពោះការសម្រេចបន្តឃុំខ្លួនមន្ត្រីសមាគមការពារសិទ្ធមនុស្សនេះ ជៀសវាងការបាត់បងនូវប្រជាប្រិយភាពពីសំណាក់ប្រជាពលរដ្ឋរបស់ខ្លួននៅពេលបោះឆ្នោតខាងមុខ។
សូមជម្រាប់ថា កាលពីថ្ងៃទី២៧ខែមេសាឆ្នាំ២០១៧ តុលាការកម្ពុជាបានសម្រេចបន្តឃុំខ្លួនមន្ត្រីការពារសិទ្ធិមនុស្សទាំង ៤រូប មន្ត្រីគជប ១រូប ចំនួន៦ខែបន្តទៀត ហើយសេចក្តីសម្រេចបន្តឃុំខ្លួននេះ គឺធ្វើឡើងក្រោយមានការឃុំខ្លួនរយៈពេល១ឆ្នាំ ដោយគ្មានការកាត់ទោសចាប់ពីថ្ងៃទី២៨ខែមេសាឆ្នាំ២០១៦រ ហូតមកដល់បច្ចុប្បន្ន។
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!