ក្រសួងកសិកម្មកម្ម ថាខ្លួនគ្មានលទ្ធភាព ទប់ស្កាត់ការនាំជ្រូកចូលកម្ពុជា
ភ្នំពេញ៖ អ្នកនាំពាក្យនៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ លើកឡើងថា ក្រសួងមិនមានសម្ថតកិច្ចគ្រប់គ្រាន់ ក្នុងបញ្ឈប់ការនាំចូលជ្រូកពីបរទេសបានទេ ព្រោះតែកម្ពុជា ជាសមាជិកអាស៊ាន ដែលត្រូវបើកចំហរទីផ្សារសេរី។ ការអះអាងបែបនេះ បន្ទាប់ពីមានសារព័ត៌មានក្នុងស្រុកបានចុះផ្សាយព្រោងព្រាត ពីសំណើរបស់ប្រជាពលរដ្ឋ ស្នើឲ្យទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ពីវៀតណាម ដែលធ្វើឲ្យប៉ះពាល់ដល់ការចឹញ្ចឹមជ្រូកនៅកម្ពុជា។រាយការណ៍បន្តដោយលោក ញ៉ែម សំណាង៖
បើតាមសេចក្តីរាយការណ៍របស់សារព័ត៌មានក្នុងស្រុកមួយចំនួន បានអោយដឹងថា នៅថ្ងៃទី០៥ ខែឧសភា ម្សិលមិញ មានប្រជាពលរដ្ឋជាង១០០នាក់ ដែលជាកសិករចឹញ្ចឹមជ្រូកមកពីឃុំនានា ក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល នាំគ្នាឡោមព័ទ្ធរថយន្ត ដឹកជ្រូកមួយគ្រឿង ផ្ទុកជ្រូកជាង១០០ក្បាល ដើម្បីស្នើរឲ្យរាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ ចូលទប់ស្កាត់ការនាំចូល ជ្រូកខុសច្បាប់ពីវៀតណាម មកកម្ពុជា។ ដោយប្រជាពលរដ្ឋទាំងនោះ បារម្មណ៍ខ្លាច ការហូរចូលនៃជ្រូកវៀតណាមខុសច្បាប់ទាំងនេះ ធ្វើឲ្យការចឹញ្ចឹមជ្រូកនៅកម្ពុជាមានការធ្លាក់ចុះ ខណៈមិនអាចប្រកួតប្រជែងនឹងជ្រូកនាំចូលបាន។
ចំពោះការស្នើរសុំនេះ លោក សិន សុវណ្ណ អ្នកនាំពាក្យ និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផលិកម្មសត្វ និងបសុព្យាបាលនៃក្រសួងកសិកម្ម បញ្ជាក់ប្រាប់វិទ្យុសំឡេងយុវជន នៅថ្ងៃទី ៦ ឧសភា នេះថា ក្រសួងបានទទួលដំណឹងពីការព្រួយបារម្មណ៍របស់ប្រជាកសិករ និងប្រជាពលរដ្ឋនេះហើយ ប៉ុន្តែយ៉ាងណា ក្រសួងកសិកម្មមិនអាចមានលទ្ធភាព បញ្ឈប់ការនាំចូលផលិតផល និងសាច់សត្វ ដែលនាំចូលពីបរទេសបានទាំងស្រុងនោះទេ ពីព្រោះថាកម្ពុជាគឺជាប្រទេសនៃសមាជិកអាស៊ាន មានការបើកសេរីនៃទីផ្សារ នាំចេញនាំចូល។
តែយ៉ាងណាលោក សិន សុវណ្ណ អះអាងថា ក្រសួងនឹងធ្វើការរិតបណ្ដឹងបន្ថែមទៀត ចំពោះការនាំចូលផលិតផល ផ្ទុកសារធាតុគីមី និងរត់ពន្ធខុសច្បាប់ ខណៈដែលក្រសួងទទួលស្គាល់ថា ខ្លួនមិនទាន់មានមន្រ្តីជំនាញ់បសុព្យាបាលត្រួតពិនិត្យនៅតាមព្រំដែន ឲ្យបានត្រឹមត្រូវនៅឡើយ។
គួររំលឹកថាកាលពីពេលកន្លងទៅ ក្រុមអ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ សុខាភិបាលទីក្រុងហាណូយ បានពិនិត្យឃើញថា ក្នុងចំណោមសាច់ជ្រូកដែលត្រូវបានយកមកវិភាគ មានសុទ្ធតែពពួកបាក់តេរី Salmonella ដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្សដូចជា ជំងឺរាគ ឈឺពោះ គ្រុនក្ដៅ និងជាតិពុលនៅក្នុងឈាមកើនឡើងជាដើម។ និងបានបញ្ជាក់ទៀតថា ៤២%នៃសាច់ជ្រូក៤៨ក្បាល ក្នុងចំណោមសាច់ជ្រូក១០៨ក្បាល ត្រូវបានគេរកឃើញថា ពោរពេញទៅដោយបាក់តេរី ដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពអ្នកបរិភោគ។
លោក សរ មូរ៉ា សហជីពផ្នែកចំណីអាហារ បានលើកឡើងថា បច្ចុប្បន្ន កម្ពុជា មានការនាំចូលយ៉ាងគំហុកនៃផលិតផល និងសាច់សត្វគ្រប់ប្រភេទ ពីប្រទេសជិតខាង ជាពិសេសគឺប្រទេសវៀតណាម។ ចំពោះបញ្ហានេះ លោកយល់ថា រដ្ឋាភិបាលកម្ពុជា គួរតែទប់ស្ដាត់អោយបាននូវការនាំចូលផលិតផលខុសច្បាប់ទាំងនេះ ដើម្បីធានាឲ្យបាននូវតុល្យភាពតម្លៃផលិតផល សម្រាប់ប្រជាកសិករក្នុងស្រុកដែលពួកគេកំពុងប្រកបអាជីវកម្ម។
សូមបញ្ជាក់ថា រយៈពេល២ថ្ងៃ សមត្ថកិច្ច ឃាត់បានរថយន្តដឹកជ្រូក បាន៩គ្រឿងដោយថ្ងៃទី៣ឧសភា ឃាត់បាន៥គ្រឿង ហើយនៅថ្ងៃទី៦ឧសភា នេះឃាត់បាន៤គ្រឿងទៀត ហើយរថយន្តទាំងអស់រកឃើញសុទ្ធតែ ខុសស្លាកលេខជាមួយ លិខិតអនុញ្ញាតិឲ្យដឹកជញ្ជូន៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!