ក្រសួងរ៉ែ និងថាមពល បើកតំបន់សម្បទានរុករករ៉ែ៤ទីតាំង
ភ្នំពេញ៖ អ្នកវិភាគឯករាជ្យបរិស្ថានថា ការផ្តល់អាជ្ញាបណ្ណរុករករ៉ែ ដល់ក្រុមហ៊ុនវិនិយោគ គឺជារឿងល្អ ព្រោះបានផ្តល់ចំណូលចូលថវិកាជាតិ តែយ៉ាងណា លោកថា រដ្ឋាភិបាលគួរងាកមកអភិវឌ្ឍន៍លើវិស័យកសិកម្មវិញ ទើបអាចធ្វើអោយកម្ពុជារីចចំរើនឆាប់រហ័ស ។ រាយការណ៍បន្តដោយលោក ចក់ ចំរើន
លោក ហែម ឧត្តម អ្នកវិភាគឯករាជ្យពីបរិស្ថានបានលើកឡើងថា ទោះបីជាការរុករករ៉ែអាចនាំមកនូវចំណូលថវិការដល់ជាតិក្តី តែរដ្ឋាភិបាលគួរតែគិតអំពីសក្តានុភាពរបស់ប្រទេសខ្លួន ដែលជាប្រទេសមានសក្តានុភាពខ្លាំងលើផ្នែកកសិកម្ម ជាជាងផ្នែកឧស្សាហកម្ម ដូច្នោះ លោកថា ប្រសិនបើរដ្ឋាភិបាលចង់អោយកម្ពុជាមានការរីកចំរើនឆាប់រហ័សនោះ រដ្ឋាភិបាល ត្រូវតែផ្តល់អតិភាពដល់វិស័យកសិកម្មជាមុនសិន។
លោក ហែម ឧត្តម បន្តទៀតថា ការដែលរដ្ឋាភិបាលយកចិត្តទុកដាក់តែលើការអភិវឌ្ឍន៍វិស័យឧស្សាហកម្មនោះ នឹងធ្វើអោយកម្ពុជាមានការអភិវឌ្ឍយឺតយ៉ាវ។
ការលើកឡើងបែបនេះ បន្ទាប់ពីក្រសួងរ៉ែ និងថាមពល បានបើកតំបន់សម្បទានរ៉ែ៤ទីតាំង ដល់បណ្តាក្រុមហ៊ុនរ៉ែក្នុង និងក្រៅស្រុក ដាក់ពាក្យសុំអាជ្ញាបណ្ណស្វែងរុករករ៉ែលោហៈ កាលពីថ្ងៃទី១៨ខែមេសាឆ្នាំ២០១៧ ។ ដោយក្នុងនោះក្រសួងរ៉ែ និងថាមពល បានបើកទទួលពាក្យសុំអាជ្ញាបណ្ណរុករករ៉ែ នេះ ដល់ថ្ងៃទី៣០ខែឧសភា និងប្រកាសលទ្ធផលក្រុមហ៊ុនដែលត្រូវបានជ្រើសរើស នៅថ្ងៃទី១៥ខែមិថុនា នៅទីស្ដីការក្រសួង។
លោកហែម ឧត្តម លើកឡើងទៀតថា ការរុករករ៉ែ ដែលក្រសួងបើកឲ្យមានតំបន់សម្បទានរ៉ែនេះ បានបង្ករនូវផលប៉ះពាល់ដល់បរិស្ថាន ពីការប្រើប្រាស់នូវសារជាតិបារ៉ដ និងអាស៊ីត ដែលធ្វើឲ្យប៉ះពាល់ដល់ដី ខ្យល់ និងសុខភាពប្រជាពលរដ្ឋរស់នៅតំបន់រ៉ុករកនោះ។ ដូចនេះ លោក អំពាវនាវដល់រដ្ឋាភិបាល គួរតែធ្វើការកាត់បន្ថយនូវផលប៉ះពាល់ ពីការរុករករ៉ែអោយនូវកំរិតទាប និងត្រូវតែគោរពនូវស្តង់ដារ លើកកំពស់សិទ្ធិមនុស្ស និងបរិស្ថាន ដោយមានការចូលរួមពីសង្គមស៊ីវិល ព្រមទាំងពលរដ្ឋដែលរងផលប៉ះពាល់ ករណីបើកឲ្យមានការរុករកនេះ។
វិទ្យុសំលេងយុវជននៅថ្ងៃចន្ទទី ៨ ឧសភានេះ មិនអាចទាក់ទង លោក ម៉េង ចក្រធារ៉ា អ្នកនាំពាក្យក្រសួងរ៉ែនិងថាមពល ដើម្បីអត្ថាធិប្បាយទាក់ទិនបញ្ហានេះបានទេ ព្រោះទូរស័ព្ទចូល មិនមានអ្នកទទួល។
សូមជម្រាបថា តំបន់រ៉ែទាំង ៤ ដែលក្រសួងគ្រោងផ្តល់អាជ្ញាបណ្ណរុករករ៉ែនោះ មានដូចជា ទីតាំងទី១ស្ថិតក្នុងស្រុកស្នួល ខេត្តក្រចេះ និងស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី ដែលមានទំហំផ្ទៃដីរុករករ៉ែ ៧៤គីឡូម៉ែត្រក្រឡា។ ទីតាំងទី២គឺស្ថិតក្នុងស្រុកសំបូរខេត្តក្រចេះ និងស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដែលមានផ្ទៃដីរុករករ៉ែ ៩៤គីឡូម៉ែត្រក្រឡា។ ទីតាំងទី៣ស្ថិតក្នុងស្រុកឈូកខេត្តកំពតលើផ្ទៃដី ១៥៩គីឡូម៉ែត្រក្រឡា។ និងទីតាំងទី៤ស្ថិតក្នុងស្រុកចិត្តបុរីនិងស្រុកសំបូរខេត្តក្រចេះ និងស្រុកកែវសីម៉ាខេត្តមណ្ឌលគិរី ផ្ទៃដី ១៩៨គីឡូម៉ែត្រក្រឡា។
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!