គជប ប្រកាសឲ្យបញ្ឈប់ជាបន្ទាន់ នូវការស្ទង់មតិ តាមបណ្តាញសង្គម
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រកាសឲ្យបញ្ឈប់ជាបន្ទាប់ នូវសកម្មភាពស្ទង់មតិនានា ពីសំណាក់អ្នកលេងបណ្តាញសង្គមហ្វេសបុក ដោយយល់ឃើញថា ទង្វើទាំងនេះ អាចបង្កភាពយល់ច្រឡំដល់មហាជន ក្នុងដំណើរការបោះឆ្នោត ខណៈស្ថាប័ននេះ ព្រមានថា នឹងចាត់វិធានការតាមផ្លូវច្បាប់ ករណីមិនអនុវត្តតាម។
សេចក្តីអំពាវនាវរបស់គជប ដែលចុះថ្ងៃតី ១៤ ឧសភា បានលើកឡើងថា ក្រោយពីការអង្គេតរបស់ខ្លួន ក្នុងអំឡុងពេលឃោសនាបោះឆ្នោតប៉ុន្មានថ្ងៃកន្លងមកនេះ មានព័ត៌មានលើបណ្តាញសង្គមហ្វេសបុកមួយចំនួន បានធ្វើការស្ទង់មតិ លើគណបក្សនយោបាយមួយចំនួន ដែលធ្វើឲ្យមហាជន មានការយល់ច្រឡំ អំពីលទ្ធផលនៃការស្ទង់មតិទាំងនេះ។
លោក ស៊ិក ប៊ុនហុក ប្រធានគជប យល់ថា ការស្ទង់មតិនេះ បានធ្វើឡើងផ្ទុយពីគោលការណ៍ច្បាប់ និងគ្មានវិជ្ជាជីវៈត្រឹមត្រូវ ដែលទាមទារឲ្យបញ្ឈប់ជាបន្ទាន់ ចំពោះការស្ទង់មតិលើបណ្តាញសង្គមហ្វេសបុក ដើម្បីជៀសវាងការភាន់ច្រឡំ ពីមហាជន លើដំណើរការរៀបចំការបោះឆ្នោតរបស់គជប។
លោក ស៊ិក ប៊ុនហុក មានប្រសាសន៍៖ «បើនៅតែបន្តធ្វើសកម្មភាពបែបនេះទៀត គជប នឹងចាត់វិធានការតាមផ្លូវច្បាប់»។
តែលោកក៏សង្ឃឹមយ៉ាងមុតមាំថា បន្ទាបពីឃើញសេចក្តីអំពាវនាវនេះ សាធារណជន ដែលប្រើប្រាស់បណ្តាញសង្គមហ្វេសបុកទាំងអស់ នឹងចូលរួមគោរពច្បាប់ទាំងអស់គ្នា ដើម្បីឲ្យដំណើរការឃោសនាបោះឆ្នោត និងការបោះឆ្នោត ប្រព្រឹត្តទៅដោយរលូន និងទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធ។
សូមជំរាប់ថា យោងតាមច្បាប់ស្តីពីការបោះឆ្នោត និងបទបញ្ជារបស់គជប រាល់ការស្ទង់មតិ ត្រូវគោរពតាមគោលការណ៍ ដូចខាងក្រោម ប្រកបដោយតម្លាភាព និងគ្មានភាពលម្អៀង ត្រូវរៀបចំឡើងដោយអង្គការ ឬស្ថាប័នដែលមានវិជ្ជាជីវៈ គោរពសិទ្ធិ សេរីភាពបុគ្គល រក្សាការសម្ងាត់នៃការបោះឆ្នោតរបស់អ្នកបោះឆ្នោត មិនបង្កឲ្យមានភាពអន្តិសុខ ភាពចលាចល ឬប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ហើយលទ្ធផលដែលទទួលបានពីការស្ទង់មតិ ត្រូវបញ្ចាក់អំពីប្រភពផ្តល់ព័ត៌មាន ពេលវេលា ចំនួន ប្រជាពលរដ្ឋ ឲ្យបានត្រឹមត្រូវ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!