ក្រសួងមហាផ្ទៃ នឹងធ្វើសន្និសីទកាសែត ស្តីប្រតិបត្តិការគ្មានការអនុញ្ញាតក្នុងវិស័យមូលបត្រ នៅថ្ងៃស្អែក
ភ្នំពេញ៖ ក្រសួងមហាផ្ទៃ នឹងធ្វើសន្និសីទសារព័ត៌មាន នៅថ្ងៃទី៣០ ឧសភាស្អែកនេះ ស្តីពីចំណាត់ការផ្លូវច្បាប់ចំពោះអង្គការ និងសមាគម ក្នុងករណីប្រតិបត្តិការគ្មានការអនុញ្ញាតក្នុងវិស័យមូលបត្រ។
បើតាមសេចក្តីជូនរបស់ ក្រសួងមហាផ្ទៃ នៅថ្ងៃនេះ បានឲ្យដឹងថា ចំណាត់ការផ្លូវច្បាប់នេះ ធ្វើឡើងចំពោះអង្គការ AIF សមាគម ICA ក្រុមហ៊ុន EBC និងបុគ្គលពាក់ព័ន្ធ មួយចំនួនទៀត ក្នុងករណីប្រតិបត្តិការគ្មានការអនុញ្ញាតក្នុងវិស័យមូលបត្រ។
យ៉ាងណាក្រសួងមិនទាន់បានបញ្ចាក់ច្បាស់ថា តើត្រូវចាត់វិធានការយ៉ាងណាចំពោះបណ្តាអង្គការ និងសមាគមទាំងនេះ ដោយគ្រាន់តែអំពាវនាវ ដល់បណ្តាអ្នកសាព័ត៌មាន ឲ្យអញ្ញើញចូលរួមក្នុងកម្មពីធីនេះតែប៉ុណ្ណោះ។
កាលពីឆ្នាំ ២០១៦ គណៈកម្មការមូលបត្រកម្ពុជា បានប្រកាសពីការ បង្កើតក្រុមការងារមួយដើម្បីត្រួតពិនិត្យប្រតិបត្តិការដែលគ្មាន ការអនុញ្ញាតក្នុងវិស័យមូលបត្រ ដើម្បីការពារប្រយោជន៍សាធារណជន និងដើម្បីពង្រឹងការអនុវត្តច្បាប់ក្នុងវិស័យមូលបត្រកម្ពុជា។
សូមជំរាប់ថា ក្រុមការងារដែលមានប្រធានអនុប្រធាន និងសមាជិកសរុប ២១ នាក់ មកពីធនាគារជាតិ ក្រសួងមហាផ្ទៃ និងគណៈកម្មការមូលបត្រ មានតួនាទី និងភារកិច្ចតាមដាន និងត្រួតពិនិត្យលើប្រតិបត្តិការរបស់ស្ថាប័នអង្គការ សមាគម ឬក្រុមហ៊ុនដែលធ្វើសកម្មភាពដោយគ្មានការអនុញ្ញាតពីគណៈកម្មការ មូលបត្រកម្ពុជា ដើម្បីស្រាវជ្រាវរកទំហំទឹកប្រាក់ដែលប្រជាពលរដ្ឋបានដាក់ វិនិយោគជាមួយស្ថាប័ន អង្គការ សមាគម ឬក្រុមហ៊ុនដែលធ្វើប្រតិបត្តិការគ្មានការអនុញ្ញាតក្នុងវិស័យ មូលបត្រ ដោយស្រាវជ្រាវរកប្រភពនៃការវិនិយោគ ឬប្រភពធនធានដែលស្ថាប័នអង្គការ សមាគម ឬក្រុមហ៊ុនដែលធ្វើប្រតិបត្តិការគ្មានការអនុញ្ញាតក្នុងវិស័យ មូលបត្រយកមកផ្ដល់ជាភាគលាភ ឬផលចំណេញ និងស្រាវជ្រាវរកទំហំទឹកប្រាក់វិនិយោគពីប្រទេសកម្ពុជា និងចរន្តនៃការប្រើប្រាស់ទុនដែលប្រមូលបានជាដើម។
ជាទូទៅ ក្រុមការងារនេះ អាចសហការជាមួយស្ថាប័នពាក់ព័ន្ធ ក្នុងការសិក្សា ស្រាវជ្រាវទិន្នន័យបម្រើឲ្យវិស័យមូលបត្រ ចុះត្រួតពិនិត្យដល់ទីកន្លែងអាជីវកម្ម និងអាចផ្អាកសកម្មភាពអាជីវកម្មណាពាក់ព័ន្ធនឹងវិស័យមូលបត្រដែលគ្មាន ការអនុញ្ញាតពីគណៈកម្មការមូលបត្រកម្ពុជាក្នុងរកណីចាំបាច់ផងដែរ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!