រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នឹងជួបពលរដ្ឋរស់នៅអគារប៊ូឌីញ «ស»ជាថ្មីទៀត នៅពេលខាងមុខ
ភ្នំពេញ៖ លោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងបើកកិច្ចប្រជុំជាមួយប្រជាពលរដ្ឋរស់នៅអគារប៊ូឌីញ «ស» ទាំងពីរក្រុម ដែលព្រមទទួលសំណង និងបដិសេធមមិនព្រមទទួលសំណង នៅថ្ងៃទី ៣០ ឧសភា ខាងមុខ។
ប្រជាពលរដ្ឋរស់នៅអគារប៊ូឌីញ «ស» ដែលបានចុះកិច្ចសន្យាលក់លំនៅដ្ឋានរបស់ខ្លួន ឲ្យក្រុមហ៊ុន Arakawa របស់ជប៉ុនរួចរាល់ចំនួន៤៤៦គ្រួសារ និងអ្នកមិនទាន់ចុះកិច្ចលក់ចំនួន ៤៧គ្រួសារទៀត ដែលសរុបទាំងអស់ ៤៩៣គ្រួសារ។
បើតាមមន្រ្តីក្រសួងរៀបចំដែនដី កិច្ចប្រជុំខាងនេះ នឹងត្រូវធ្វើឡើងចំនួន ២លើកផ្សេងៗគ្នា ដោយនៅម៉ោង ៨៖៣០នាទី ព្រឹក ថ្ងៃទី៣០ ខែឧសភា លោក ជា សុផារ៉ា នឹងជួបជាមួយប្រជាពលរដ្ឋ ៤៧គ្រួសារ ដែលមិនទាន់ចុះកិច្ចលក់លំនៅដ្ឋានរបស់ខ្លួន ជាមួយតំណាងក្រុមហ៊ុន Arakawa និងនៅម៉ោង ២៖៣០នាទី រសៀល ថ្ងៃដដែល លោកក៏នឹងជួបជាមួយប្រជាពលរដ្ឋ ដែលព្រមចុះកិច្ចសន្យាទទួលសំណង។
កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ កន្លងទៅ ក្នុងជំនួបជាមួយប្រជាពលរដ្ឋ នៃអគារប៊ូឌីញ «ស» ទាំង៤៩៣គ្រួសារ ជាមួយតំណាងក្រុមហ៊ុន Arakawa មានពលរដ្ឋភាគច្រើន បានយល់ព្រមលក់លំនៅដ្ឋានរបស់ខ្លួនក្នុងតម្លៃ ១,៤០០ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ។ លើសពីនេះ ក្រុមហ៊ុន Arakawa ក៏បានសន្យាផ្ដល់ប្រាក់ ១០០ដុល្លារអាមេរិក ថែមទៀត ជូនប្រជាពលរដ្ឋសម្រាប់ចំណាយ ក្នុងពេលរុះរើសម្ភាររបស់ខ្លួន ខណៈពលរដ្ឋមួយចំនួន តូច មិនព្រមទទួលយកចសំណងទាំងនេះ។
គម្រោងអភិវឌ្ឍអាគារប៊ូលឌិញស ស្ថិតនៅក្នុងការសិក្សារវាងក្រសួងរៀបចំដែនដី ជាមួយក្រុមហ៊ុនជប៉ុន Arakawa ដែលគ្រោងចំណាយថវិកាអស់ប្រមាណ ៧០ ទៅ ៨០លានដុល្លារអាមេរិក រួមមានការសាងសង់ទីតាំងស្នាក់នៅបណ្តោះអាសន្ន និងអាគារថ្មីមានកម្ពស់ ២១ជាន់ ដែលក្នុងនោះត្រៀមធ្វើទីតាំងចំណត ៣ជាន់ កន្លែងលក់ដូរ១ជាន់ និងកន្លែងស្នាក់នៅ៥ជាន់ ដែលបន្ទប់ស្នាក់នៅនិមួយៗ នឹងមានទំហំធំជាងមុន ១០ភាគរយ ហើយចាប់ពីជាន់ទី៩ឡើងទៅ នឹងផ្តល់ជាកម្មសិទ្ធិវិនិយោគរបស់ក្រុមហ៊ុនជប៉ុន Arakawa៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!