ពលរដ្ឋមួយចំនួន ចំណាយថវិកាផ្ទាល់ខ្លួន ខណៈពលរដ្ឋមួយចំនួនទៀត ទទួលបានថវិកាពីការចួលរួមឃោសនាគណបក្ស
ភ្នំពេញ៖ ប្រជាពលដែលគាំទ្រគណបក្សនយោបាយចំនួន លើកឡើងថា ការចូលរួមធ្វើការឃោសនាផ្សព្វផ្សាយពីគោលនយោបាយគណបក្សនយោបាយដែលខ្លួនពេញចិត្ត មិនទទួលបាននូវថវិការអ្វីនោះទេ គឺមានតែលះបង់ពេលវេលា ថវិការផ្ទាល់ខ្លួន ខណៈពលរដ្ឋមួយចំនួនទៀត លើកឡើងថា ការចូលរួមហែក្បួនផ្សព្វផ្សាយគណបក្ស គឺទទួលបាននូវថវិការ និងថ្លៃធ្វើដំណើរ។
ការផ្សព្វផ្សាយពីគោលនយោបាយគណបក្ស ក្នុងថ្ងៃឃោសនាបោះឆ្នោត គឺមានរយៈ១៤ថ្ងៃ ចាប់ពីថ្ងៃទី ២០ ឧសភា ដល់ថ្ងៃទី ២ មិថុនា សំរាប់មេដឹកនាំគណបក្ស និងអ្នកគាំទ្រគណបក្សផ្សព្វផ្សាយសារនយោបាយរបស់ខ្លួនទៅកាន់ប្រជាពលរដ្ឋ អោយបានដឹងពីចំណុចពិសេសៗ និងគោលនយោបាយល្អៗ ដើម្បីអោយប្រជាពលរដ្ឋបានដឹងនិងជ្រើសរើសថ្នាក់ដឹកនាំបានត្រឹមត្រូវ។
ក្នុងអំឡុងពេលនេះដែរ គេសង្កេតឃើញថា គណបក្សដែលមានគោលនយោបាយល្អៗ ត្រូវបានប្រជាពលរដ្ឋពេញចិត្តស្រលាញ់ និងចូលរួមគាំទ្រ ដោយការដើរ និងជិះហែរក្បួនធ្វើយុទ្ធនាការណ៍ផ្សព្វផ្សាពផ្សេងៗ ដោយអ្នកខ្លះអះអាងថា ការចួលរួមនេះ ចំណាយថវិកាផ្ទាល់ខ្លួន និងមួយចំនួន ទៀត ទទួលបានថវិការមកវិញ។
អ្នកចូលរួមហែរក្បួនក្នុងគណបក្សសង្គ្រោះជាតិ លោក ទូច ងន់ អាយុ៧៤ឆ្នាំ បានឲ្យដឹងថា ការចូលរួមហែរក្បួនរបស់គណបក្សនេះ ព្រោះចង់ផ្សព្វផ្សាយពីគោលនយោបាយ ដែលអាចធ្វើអោយប្រទេសជាតិមានភាពរីកចំរើន មិនមានអំពើពុករលួយ និងមិនមានភាពអនាធិបតេយ្យក្នុងសង្គមជាតិ។ ខណៈទំនេរពីការងារ ក៏ឆ្លៀតពេលចូលរួមហែរក្បួនគណបក្សតែម្តង។
ជាមួយនឹងការចួលរួមនេះ លោក ទូច ងន់ បានបញ្ចាក់ថា លោកមិនបានទទួលនូវថវិការអ្វីពីការដើរហែរក្បួនរបស់គណបក្សសង្គ្រោះជាតិនោះទេ មានតែការចំណាចនូវថវិការផ្ទាល់ខ្លួន ពេលវេលាផ្ទាល់ខ្លួន ក្នុងការធ្វើដំណើរ និងការហូបចុកតាមផ្លូវជាដើម។
មិនខុសគ្នាដែរ យុវជនម្នាក់ ដែលជាអាជីវករលក់ដូរ លោក រ៉ាន ខេមរ៉ា បានអះអាងដែរថា ការចូលរួមហែក្បួនគណបក្សសម្ពន្ធ័ដើម្បីប្រជាធិបតេយ្យ កើតចេញពីការពេញចិត្ត ដោយចំណាយទាំងថវិការផ្ទាល់ខ្លួន និងកំលាំងកាយចិត្ត។ យ៉ាងណា បើទោះជាបែបនេះ ក៏លោករ៉ាន ខេមរ៉ា បានអះអាងថា ខ្លួននឹងនៅតែបន្តចូលរួមហែរក្បួនគណបក្សសម្ពន្ធ័ដើម្បីប្រជាធិបតេយ្យ រហូតដល់ចប់ថ្ងៃកំណត់ ទោះជាត្រូវផ្អាក់ការលក់ដូររបស់លោក ក៏ដោយ។
អ្នកគាំទ្រគណបក្សសម្ពន្ធ័ដើម្បីប្រជាធិបតេយ្យ ក្នុងវ័យ ៣៣ ឆ្នាំ រូបនេះ លើកឡើងបន្តថា ក្នុងចំណោមគណបក្សទាំងអស់ គ្មានគណបក្សណាដែលល្អជាងគណបក្សខ្លួននោះទេក្រោយខ្លួនបានសិក្សានិងពិនិត្យគ្រប់គណបក្សទាំងអស់ ទើបសម្រេចចិត្តចូលរួមគាំទ្រ។
ដោយឡែកអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា លោក គង់ លី អាយុ៤៩ឆ្នាំ បានលើកឡើងថា ការចូលរួមហែរក្បួនបក្សនេះ គឺខ្លួន បានទទួលជាថវិការក្នុងការធ្វើតំណើរ និងការហូបចុកផ្សេងៗ ពីគណបក្ស។ លោក អះអាងបន្តថា ថវិការទាំងនេះ លោកមិនចង់បានប៉ុន្មានទេ តែដោយសារតែមេភូមិ ជាអ្នកផ្តល់ឲ្យ និងកុំឲ្យមេភូមិចោទលោកថា លំអៀងរកគណបក្សផ្សេង។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគជប បានប្រាប់វិទ្យុសំលេងយុវជននៅព្រឹកថ្ងៃចន្ទ័ទី២៩ខែឧសភានេះថា ការផ្តល់ជាសំភារៈ និងថវិការដល់សមាជិកបក្ស ដើម្បីអោយចូលរួមហែរក្បួនបក្សនោះ មិនមែនជារឿងខុសច្បាប់ទេ តែការផ្តល់ជាលុយដល់ប្រជាពលរដ្ឋ ដែលមិនមែនជាសមាជិកគណបក្ស ដើម្បីជាថ្នូរអោយជួយចូលរួមហែរឃោសនាបក្សនោះ គឺជាអំពើខុសច្បាប់។សំលេង
ជាមួយនឹងការលើកឡើងបែបនេះ លោក ហង្ស ពុទ្ធា បន្តថា គជប នឹងចាត់វិធានការដល់គណបក្សណាដែលប្រព្រឹត្តខុសច្បាប់ លុះត្រាណាមានបណ្តឹងពីគណកម្មការឃុំសង្កាត់ការរៀបចំបោះឆ្នោតជាមុនសិន ខណៈលោក អំពាវនាវដល់គណបក្សនយោបាយទាំងអស់ ត្រូវគោរពអោយបានត្រឹមត្រូវនូវច្បាប់ បទបញ្ជា និងនីតិវិធី ដែលគជប បានកំណត់ផងដែរ។
ដោយលោក ចក់ ចំរើន
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!