Commentary:បោចពុកមាត់នាគរាជ
ADIZ មិនមែនជាសន្ធិសញ្ញាឬច្បាប់ជាផ្លូវការទេ តែត្រូវប្រើដោយប្រទេសខ្លះដែលត្រូវការពង្រីកការគ្រប់គ្រងលើព្រំដែនរបស់ខ្លួន ។
ថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ ២០១៥
នាវាចម្បាំង USS Fort Worth ធ្វើការល្បាតតាមទម្លាប់នៅក្នុងដែនទឹកអន្តរជាតិ នៃសមុទ្រចិនខាងត្បូង នៅថ្ងៃ ១២ ខែឧសភា ឆ្នាំ ២០១៥ ។ (Photo : U.S. Navy)
កងទ័ពជើងទឹកសហរដ្ឋអាមេរិក បានបញ្ជូននាវាចម្បាំងល្បាតតំបន់ដែនទឹកមានជម្លោះនៅប្រជុំកោះស្ព្រេតលី ក្នុងសមុទ្រចិនខាងត្បូង ។ នេះជាលើកដំបូងហើយ ដែលនាវាចម្បាំង USS Fort Worth មួយក្នុងចំណោមនាវាចម្បាំងដែលទំនើបបំផុតរបស់សហរដ្ឋអាមេរិក ។ ព្រោះក្រៅពីមានដ្រូនឬយន្តហោះគ្មានមនុស្សបើកបរល្បាតយកការណ៍ហើយនោះ នៅមានឧទ្ធម្ភាគចក្រ ស៊ី ហគ ទុកសំរាប់ល្បាតលើលំហរអាកាសថែមទៀតផង ។
ទោះបីកងទ័ពសហរដ្ឋអាមេរិកមិនបានអះអាងប៉ះទង្គិចយ៉ាងច្បាស់លាស់ដល់ចិនរឿងចាក់ដីសាងកោះសិប្បនិមិត្ត ដើម្បីបង្កើតផ្លូវឡើងចុះយន្តហោះក្នុងបរិវេណជួរផ្កាថ្មនៃប្រជុំកោះស្ព្រេតលីក្តី តែការបញ្ជូននាវាចម្បាំង USS Fort Worth របស់សហរដ្ឋអាមេរិក គឺជាសក្ខីបទមួយបង្ហាញនូវសក្តានុភាពរបស់សហរដ្ឋអាមេរិក បន្ទាប់ពីចិនបានប្រកាសនូវតំបន់ការពារដែនអាកាសពីភ័យគំរាមកំហែងខាងអាកាសរបស់ខ្លួន ឬ (ADIZ) នោះ ។
ADIZ មិនមែនជាសន្ធិសញ្ញាឬច្បាប់ជាផ្លូវការទេ តែត្រូវប្រើដោយប្រទេសខ្លះដែលត្រូវការពង្រីកការគ្រប់គ្រងលើព្រំដែនរបស់ខ្លួន ដូចនេះយន្តហោះយោធានិងស៊ីវិលត្រូវតែបង្ហាញខ្លួនរាល់លើកពេលហោះចូលដែនអាកាសក្នុងតំបន់ការពារភ័យគំរាមកំហែងខាងអាកាស មិនដូច្នោះទេអាចត្រូវប្រឈមនឹងការហាមឃាត់ខាងយោធា ។
មេបញ្ជាការម្នាក់របស់កងទ័ពសហរដ្ឋអាមេរិកដែលមិនចង់បញ្ចេញឈ្មោះបានថ្លែងថា ការប្រកាសតំបន់ ADIZ របស់ចិនក្នុងសមុទ្រចិនខាងកើតលើប្រជុំកោះគ្មានមនុស្សរស់នៅ ដែលមានករណីជម្លោះជាមួយរដ្ឋាភិបាលប្រទេសជប៉ុន កាលពីចុងឆ្នាំ ២០១៣ នោះ បានធ្វើឲ្យមានការថ្កោលទោសពីសហរដ្ឋអាមេរិកនិងប្រទេសជប៉ុន ។ មិនតែប៉ុណ្ណោះ ចិនកំពុងសាងសង់បន្ទាយយោធានៅលើជួរផ្កាថ្មប៉ប្រះទឹក ហ្វាយអឺរី ក្រូសរីហ្វ ក្នុងបរិវេណប្រជុំកោះស្ព្រេតលី រួមដល់ផ្លូវហោះហើរមានប្រវែងបណ្តោយ 3,000 ម៉ែត្រ និងរ៉ាដាប្រកាសអាសន្នជាមុន អ្វីទាំងនេះនឹងអាចប្រើការបាន នៅចុងឆ្នាំនេះ ។
រូបភាពផ្កាយរណបកាលពីពេលថ្មីៗនេះ បានផ្សព្វផ្សាយរូបភាពការចាក់ដីលើជួរថ្មប៉ប្រះទឹកស៊ូប៊ិ ដើម្បីបង្កើតជាកោះមួយដ៏ធំ ប្រសិនបើសាងសង់រួចនឹងបានផ្ទៃដីស្មើនឹងផ្លូវឡើងចុះយន្តហោះ ធ្វើឲ្យសហរដ្ឋអាមេរិកព្រួយបារម្ភយ៉ាងខ្លាំងថា ចិនអាចគ្រប់គ្រងដែនអាកាសនិងដែនទឹកក្នុងប្រជុំកោះស្ព្រេតលី ដែលរឿងទាំងនេះគួរនឹងក្លាយជាប្រធានបទ ប្រសិនបើលោក ហ្ចន ឃែររី រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក បានជួបបណ្តាមេដឹកនាំចិននៅទីក្រុងប៉េកាំងអំឡុងចុងសប្ដាហ៍នេះ ។
កងទ័ពសហរដ្ឋអាមេរិកនិងជប៉ុន មិនបានយកចិត្តទុកដាក់ចំពោះតំបន់ ADIZ របស់ចិនលើដែនសមុទ្រចិនខាងកើត ក៏ដូចគ្នានឹងក្រុមហ៊ុនអាកាសចរណ៍ដ៏ធំរបស់ប្រទេសជប៉ុន គឺក្រុមហ៊ុន All Nippon Air ways និង Japan air line ក៏មិនផ្តល់ភាពសំខាន់ចំពោះរឿងនេះ ។ លទ្ធផលការស្រាវជ្រាវរបស់អង្គភាពស្រាវជ្រាវសហរដ្ឋអាមេរិកបានបង្ហាញថា កងទ័ពអាកាសរបស់ចិនតាមដានឃ្លាំមើលតំបន់ដូចបានពោលដោយរ៉ាដាពីច្រាំងសមុទ្រយ៉ាងអំណត់អត់ធន ហើយចិនមិនគួរបញ្ជូនយន្តហោះចម្បាំងចូលមកក្នុងសមុទ្រចិនខាងកើតនោះទេ ។
យ៉ាងណាក៏ដោយ សមុទ្រចិនខាងត្បូងមានហានិភ័យកើនឡើង ព្រោះអាចត្រូវផ្គើនពីកងទ័ពអាកាសនិងកងទ័ពជើងទឹកសហរដ្ឋអាមេរិក ដោយសារមន្ត្រីសហរដ្ឋអាមេរិកបានថ្លែង ក្រសួងការពារជាតិ (ឬមន្ទីរបញ្ចកោណ) កំពុងពិចារណាលើការបញ្ជូនយន្តហោះនិងនាវាចម្បាំងជាច្រើនគ្រឿង ចូលទៅត្រួតពិនិត្យការធ្វើដំណើររបស់នាវាដោយសេរីជុំវិញកោះដែលចិនសាងសង់ឡើងមកនោះ ។ ខណៈដែលក្រសួងការបរទេសចិន បានចេញមកតបតថា រដ្ឋាភិបាលទីក្រុងប៉េកាំងមានក្តីបារម្ភយ៉ាងខ្លាំង ព្រមទាំងបានចោទប្រកាន់ប្រទេសហ្វីលីពីនថាបានកំពុងសហការជាមួយសហរដ្ឋអាមេរិកធ្វើការគំរាមកំហែងនៅប្រជុំកោះស្ព្រេតលី ហើយកាលពីពេលថ្មីៗនេះ ចិនធ្លាប់បានព្រមានយន្តហោះរបស់ប្រទេសហ្វីលីពីនឲ្យចេញឆ្ងាយពីប្រជុំកោះស្ព្រេតលី មិនតិចជាង៦លើកឡើយ ។
លោក ចាង បៅហ៊ុយ អ្នកជំនាញខាងសន្តិសុខនៅចិនដីគោក មកពីសាកលវិទ្យាល័យ លីងណាននៅទីក្រុងហុងកុង បានថ្លែងថា លោកព្រួយបារម្ភពាក់ព័ន្ធនឹងហានិភ័យនៃការប្រឈមមុខដាក់គ្នាជាមួយកងកម្លាំងសហរដ្ឋអាមេរិក ហើយនឹងបង្កឱ្យស្ថានការណ៍មានភាពតានតឹង ប៉ុន្តែកងទ័ពសហរដ្ឋអាមេរិកថ្លែងទាក់ទងនឹងនាវាចម្បាំង USS Fort Worth ដែលអាចប្រដេញនាវាមុជទឹក និងគាំទ្រ ភារៈកិច្ចនាំពលឡើងគោកថា នាវា USS Fort Worth បានប្រឈមមុខនឹងនាវាកងទ័ពជើងទឹកចិនជាច្រើនគ្រឿង ក្នុងអំឡុងពេលល្បាត ប៉ុន្តែមិនបានបង្ហាញពីព័ត៌មានលម្អិតឡើយ ។
វរៈនាវីត្រី ម៉េត ខាវ៉ស់ត៍ មន្ត្រីប្រចាំកងបញ្ជាការនាវា USS Fort Worth បានថ្លែងថា ទំនាក់ទំនងរវាងកងទ័ពជើងទឹកសហរដ្ឋអាមេរិកជាមួយនាវាចម្បាំងចិន ដំណើរទៅយ៉ាងមានវិជ្ជាជីវៈនិងតាមបទប្បញ្ញត្តិស្តីពីការប្រឈមមុខដាក់គ្នាដោយមិនបានរំពឹងទុកក្នុងផ្ទៃសមុទ្រ បានជួយសាងឱ្យមានភាពច្បាស់លាស់ដើម្បីការពារកុំឱ្យមានការយល់ច្រឡំ ៕
ដោយ មុំ រឿន វិទ្យុសំឡេងយុវជន VOY
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!