គណបក្សធំៗពីរ ក្នុងរដ្ឋសភា គាំទ្រកុំអោយមានការលាបពណ៌បំបែកបំបាក់សាមគ្គីខែ្មរនិងខ្មែរ
ភ្នំពេញ៖ គណបក្សធំៗពីរ ក្នុងរដ្ឋសភា មានគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ គាំទ្រកុំអោយមានការលាបពណ៌បំបែកបំបាក់សាមគ្គីភាពខែ្មរតែមួយ និងស្នើអោយអ្នកនយោបាយ និងអ្នកសារព័ត៌មានកម្ពុជា លាបពណ៍ដាក់គ្នាតទៅ។
លោក ឈាន វុន តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា និងលោកយ៉ែម បុញ្ញារិទ្ធ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ បានថ្លែងបែបនេះ នៅចំពោះមុខអ្នកសារព័ត៌មានក្នុងសន្និសីទសារព័ត៌មានក្រោយបិទបញ្ចប់កិច្ចប្រជុំគណៈម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧នេះ។
ក្នុងនោះ លោក យ៉ែម បុញ្ញារិទ្ធិ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ បានលើកឡើងថា ក្នុងស្ថានភាពនយោបាយបច្ចុប្បន្ន គឺមានតែការសាមគ្គីគ្នា ខ្មែររួបរួមគ្នាតែមួយ ដើម្បីធ្វើយ៉ាងណា បំរើផលប្រយោជន៍ប្រជាពលរដ្ឋជារួមតែប៉ុណ្ណោះ ដើម្បីធ្វើការអភិវឌ្ឍនប្រទេសជាតិ ឲ្យមានការរីកចំរើន។ លោក យ៉ែម បុញ្ញារិទ្ធ បន្តលើកឡើងដោយផ្ដោតសំខាន់ទៅលើអ្នកនយោបាយ និងអ្នកសារព័ត៌មាន ដែលជាផ្នែកសំខាន់ ដើម្បីធ្វើយ៉ាងណា កុំអោយមានការលាបពណ៌ដាក់គ្នាទៅវិញទៅមក ហើយក៏ស្នើដល់អ្នកសារព័ត៌មាន ឲ្យផ្សព្វផ្សាយព័ត៌មានពិត ដោយឥតលម្អៀងសម្រាប់គណបក្សនយោបាយ ដើម្បីរួមសាមគ្គីរវាងខ្មែរនិងខ្មែរ។
មិនខុសគ្នាដែរ លោក ឈាន វុន តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មការទី៥នៃរដ្ឋសភា ក៏បានថ្លែងនៅចំពោះមុខអ្នកសារព័ត៌ ក្នុងអំឡុងពេលនោះដែរថា តាំងពីគណបក្សប្រជាជនកម្ពុជា ដឹកនាំប្រទេសកន្លងមក គឺមិនធ្លាប់មានការលាបពណ៌ញុះញុងបំបែកបំបាក់ខ្មែរអោយឈ្លោះគ្នានោះទេ។ ដោយលោក បានចាត់ទុកថា ការលាបពណ៌នេះ គឺបណ្តាលមកពីភាគីផ្សេង តែលោកមិនបានបញ្ចាក់ថា ភាគីណានោះទេ។
ក្រៅពីលើកឡើងយ៉ាងដូច្នេះ លោក ឈាន វុន ក៏បានគាំទ្រចំពោះការលើកឡើងរបស់លោក យ៉ែម បុញ្ញារិទ្ធ និងសង្ឃឹមថា ស្ថានការណ៍នយោបាយនៅកម្ពុជាទៅថ្ងៃខាងមុខ នឹងល្អប្រសើរជាងនេះ ដរាបណាគ្មានការលាបពណ៍គ្នាបន្តទៀត។
ពាក់ព័ន្ធទៅនឹងការលាបពណ៍ដាក់គ្នានេះដែល លោកបណ្ឌិត មាស នី អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គមបានលើកឡើងក្នុងទំព័រហ្វេសបុកផ្ទាល់ខ្លួនថា ការជេរប្រមាថគ្នាដោយសារតែនិន្នាការនយោបាយ ការបំផ្លើសបំប៉ោង ឬបដិសេដការពិត និងកុហក ក្នុងពេលបច្ចុប្បន្ន នៅកម្ពុជា កំពុងពេញនិយមសំរាប់អ្នកនយោបាយខ្មែរ ខណៈដែលប្រទេសជិតខាងកម្ពុជា គេកំពុងតែសប្បាយក្នុងការពង្រីកឥទ្ធិពលរបស់គេទាំងសេដ្ឋកិច្ច នយោបាយ និងវប្បធម៍កាន់តែខ្លាំងឡើងៗ តែខ្មែរនៅទទូលរងនូវការហែកហួរផ្ទៃក្នុង លាបពណ៍គ្នាឯងគ្មានពេលស្រាក។
គួររំលឹកថា ពាក់ព័ន្ធនឹងការលាបពណ៌នេះ កាលពីអំឡុងពេលឃោសនាបោះឆ្នោតឃុំសង្កាត់កន្លងទៅ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ធ្លាប់បានលើកឡើងថា មូលហេតុចំបងនៃការកើតសង្គ្រាម គឺកើតចេញពីការឃោសនា និងសំដីមេដឹកនាំគណបក្សប្រឆាំង ដែលមានលក្ខណៈញុះញង់លាបពណ៌ ប្រមាថមកលើកលោក និងក្រុមគ្រួសារលោក ។
ដែលអ្វីទាំងនេះ កាលពី លោកកែម ឡី អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គម នៅមានជីវិត ធ្លាប់បានលើកឡើងថា ចរឹតនយោបាយលាបពណ៌គ្នា ប្រៀបបាន និងមាន់មិនឈឺ ត្រូវបានគេចោទថាជាមាន់ឈឺ ដើម្បីយកទៅសម្លាប់ សម្រាប់បរិភោគ។ ដែលក្នុងន័យនេះ លោកបណ្ឌិត កែម ឡី ក៏ធ្លាប់បានលើកជាអនុសាសន៍ថា ភាគីពាក់ព័ន្ធ គួរតែបង្កើនការអប់រំនយោបាយស្អាតស្អំ និងប្រែក្លាយនយោបាយកម្ពុជាឲ្យទៅជារឿងធម្មតា និងបង្កើនការប្រើប្រាស់ព័ត៌មានដែលមានលក្ខណៈវិទ្យាសាស្រ្ត។ ជាងនេះទៅទៀត លោកធ្លាប់បានលើកឡើងទៀតថា ភាគីពាក់ព័ន្ធ គួរតែបង្កើនការពិភាក្សា វេទិកា និងកិច្ចប្រជុំ ជាលក្ខណៈផ្លូវការ មិនផ្លូវការ និងមានការតតាំងគ្នាដោយផ្ទាល់ ដោយផ្តល់ការលើកទឹកចិត្តដល់មនុស្សគំរូល្អៗជាពិសេស មនុស្សគំរូតាមភូមិ ឃុំ និងតាមមូលដ្ឋានតាមរយៈការកំណត់លក្ខណវិនិឆ្ឆ័យសមស្រប និងយុតិធម៌ ហើយគ្រប់គណបក្សនយោបាយនីមូយៗ ត្រូវរៀបចំគោលនយោបាយ សារនយោបាយរបស់ខ្លួនក្នុងគោលបំណងអបំរំ និង យុទ្ធសាស្ត្រដោះស្រាយបញ្ហាដែលជាអាទិភាពជូនពលរដ្ឋក្នុងសង្គមជាដើម។
ដោយលោក ញ៉ែម សំណាង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!