ពលរដ្ឋសហគមន៍ដីធ្លីស្រុករមាសហែក ខេត្តស្វាយរៀងដង្ហោយសុំកិច្ចអន្តរាគមន៍
ភ្នំពេញ៖ តំណាងប្រជាពលរដ្ឋសហគមន៍ដីធ្លីស្រុករមាសហែក ខេត្តស្វាយរៀងដង្ហោយសុំកិច្ចអន្តរាគមន៍ពីថ្នាក់ដឹកនាំរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាជំលោះដីធ្លីរបស់ពួកគេ ជាមួយក្រុមហ៊ុន អិន ខេវេនឈ័រ (ខេមបូឌា) លីមីធីតក្នុង ខណៈដែលពលរដ្ឋសហគមន៍ ៣នាក់ ត្រូវបានតុលាការកោះហៅបំភ្លឺក្នុងសំណុំរឿង រំលោភកាន់កាប់ដីព្រៃរបស់រដ្ឋ។
តំណាងសហគមន៍ដីធ្លីស្រុករមាសហែក អ្នកស្រី ខៀវ សារ៉ុន បានអោយវិទ្យុសំឡេងយុវជនដឹងនៅថ្ងៃព្រហស្បត៍នេះថា ពលរដ្ឋបីនាក់ នៅក្នុងសហគមន៍ដីធ្លីរមាសហែក ត្រូវបានតុលារការកោះហៅអោយចូលបំភ្លឺ នៅអយ្យការអមសាលាតំបូងខេត្តស្វាយរៀង នៅថ្ងៃនេះ បន្ទាប់ពីមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន។ តែយ៉ាងណាអ្នកស្រីថា តុលាការបានលុបចោលការចូលឆ្លើយបំភ្លឺនេះវិញ បន្ទាប់ពីប្រជាពលរដ្ឋជាង ១០០ នាក់ បានដើរហែរហម ពលរដ្ឋទាំង ៣ នាក់ ដើម្បីទៅចូលបំភ្លឺនៅតុលាការ។
តំណាងសហគមន៍ដីធ្លីស្រុករមាសហែករូបនេះ បានរៀបរាប់បន្តថា ដីដែលកំពុងមានជម្លោះនេះ គឺជាដីរស់នៅ និងអាស្រ័យផលរបស់ប្រជាពលរដ្ឋតាំងពីមុនឆ្នាំ២០០១មកម្លេះ មិនដូចអ្វីដែលតុលាការចោទថាពួកគេទៅរុករានដីព្រៃរដ្ឋខុសច្បាប់នោះទេ។ ដូចនេះ អ្នកស្រី អំពាវនាវ ដល់ក្រសួង មន្ត្រីពាក់ព័ន្ធ ឲ្យជួយដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋសហគមន៍ដីធ្លីរមាសហែក ជាពិសេសនោះគឺសុំកិច្ចអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន មានវិធានការចំពោះតុលាការ ដែលកំពុងតែធ្វើផ្ទុយស្រឡះនិងការពិត និងបានបង្ហាញពីការគម្រាមកំហែងដល់ពួកគេ ដើម្បីកុំអោយមានការតវ៉ាទាមទារដីដែលជាកម្មសិទ្ធរបស់ពលរដ្ឋ។
ទាក់ទិននិងការលើកឡើងបែបនេះ លោក ចាប ណូ អភិបាលរងស្រុករមាសហែក បានអោយដឹងថា ចំពោះដីដែលប្រជាសហគមន៍បានតវ៉ានេះ គឺខាងអាជ្ញាបានព្យាយាមចុះទៅសម្របសម្រួលជាច្រើនលើកច្រើនសារមកហើយ រហូតដល់មានទាំងក្រុមនិស្សិតចុះវាស់វែងនិងបាន ខ្វៀលដីមួយចំនួនជួនដល់ប្រជាពលរដ្ឋទាំងនោះទៀត តែពួកគេមិនសុខចិត្ត និងនៅតែបន្តការតវ៉ាដោយខុសច្បាប់ ខណៈដីទាំងនោះ ត្រូវបានរដ្ឋាភិបាលបានប្រគល់សិទ្ធិអោយក្រុមហ៊ុនវិនិយោគបន្ត។
លោក ស៊ុម ម៉ាណែត មន្ត្រីសម្របសម្រួលសហគមន៍ស្រុករមាសហែកប្រចាំខេត្តស្វាយរៀង បានលើកឡើងថា អ្វីដែលតុលាការកំពុងតែធ្វើគឺផ្ទុយពីអ្វីដែលមានចែងនៅក្នុងច្បាប់។ ក្នុងនោះលោកថា ដីដែលប្រជាពលរដ្ឋកំពុងតវ៉ានេះជាកម្មសិទ្ធិស្របច្បាប់របស់ប្រជាពលរដ្ឋ មិនដូចអ្វីដែលជាការចោទរបស់តុលារការនោះឡើយ។
បើតាមអភិបាលរងស្រុករមាសហែក បានឲ្យដឹងថា កន្លងទៅ អភិបាលខេត្តស្វាយរៀង បានសន្យាជាមួយប្រជាពលរដ្ឋ ថានិងមានការដោះស្រាយបញ្ហាជូនពួកគេក្រោយពីការប្រកាសលទ្ធផលបោះឆ្នោតឃុំសង្កាត់ ប៉ុន្តែរហូតមកដល់ពេកនេះ ពុំទាន់មានការដោះស្រាយណាមួយនៅឡើយ ខណៈពលរដ្ឋ ៣ នាក់ ដែលមានការចូលរួមគាំទ្រពីប្រជាពលរដ្ឋដែលមានទំនាស់ដីធ្លីក្នុងសហគមន៍កសិកររមាសហែកប្រមាណ 100 បានចូលបំភ្លឺជុះវិញករណីនេះ នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧ តែត្រូវបានតុលាការលើកពេលវិញ។
សូមជម្រាបថា ពលរដ្ឋទាំង៣ នាក់នោះ ត្រូវបានតុលាការកោះហៅបន្ទាប់ពីមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុន អិន ខេវេនឈ័រ (ខេមបូឌា)លីមីធីត និងចោទប្រកានពីបទ« រំលោភកាន់កាប់ដីព្រៃរបស់រដ្ឋ» តាមដីការចុះ ថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០១៧ របស់លោក ឈុន ដាវី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តស្វាយរៀង។
ដោយលោកញ៉ែម ប្រសិដ្ឋ
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!