កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរ រយៈពេល ៦ ថ្ងៃ នៅខេត្តរៀមរាប
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានឲ្យដឹងថា សហគមន៍អន្តរជាតិតែងគាំទ្រកម្ពុជាជាគោលដៅសម្រាប់រៀបចំសន្និសីទទេសចរណ៍ វប្បធម៌ និងបេតកភណ្ឌកម្រិតអន្តរជាតិ និងពិភពលោក។ ការប្រកាសបែបនេះបន្ទាប់ពីប្រតិភូជាន់ខ្ពស់មកពី២១ ប្រទេស នឹងមកជួបជុំគ្នាក្នុងកិច្ចប្រជុំរដ្ឋមន្ត្រី ទេសចរណ៍នៃដៃគូសន្ទនាសហប្រតិបត្តិការអាស៊ីលើកទី២ និងសន្និសីទអន្តរជាតិលើកទី១ស្តីពីទេសចរណ៍ប្រកបដោយនិរន្តរភាព និងទីក្រុងបេតិកភណ្ឌ នៅខេត្តសៀមរាប ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី ១៦ មិថុនា ឆ្នាំ២០១៧ ខាងមុខ ដើម្បីពិភាក្សាអំពីគំរូថ្មីៗនៃភាពជាដៃគូនិងតួនាទីអភិបាលកិច្ចល្អក្នុងការគ្រប់គ្រងការពារ ការអភិរក្ស និងការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៃទីក្រុងបេតិកភណ្ឌ។
បើតាមទំព័រហ្វេសបុក របស់ក្រសួងទេសចរណ៍ បានដកស្រងសំដីលោក ថោង ខុន ដែលបានថ្លែងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអន្តរក្រសួង នារសៀលថ្ងៃទី០៦ ខែមិថុនាថា វេទិការនេះនឹងដាក់ចេញវិធាន និងទិសដៅថ្មីៗសម្រាប់ពិពិធកម្មផលិតផលទេសចរណ៍ និងការតម្រង់ទិសសម្រាប់ការអភិវឌ្ឍទេសចរណ៍បេតិកភណ្ឌវប្បធម៌ប្រកបដោយនិរន្តរភាពនៅកម្ពុជា ហើយផ្សារភ្ជាប់ទៅនឹងទស្សនទាននៃការកសាងភាពជាដៃគូសហប្រតិបត្តិការថ្មីនៃទេសចរណ៍ និងវប្បធម៌ដែលបានដាក់ចេញនៅក្នុងសេចក្តីថ្លែងការរួមសៀមរាប នៅក្នុងសន្និសីទពិភពលោកស្តីពីទេសចរណ៍ និងវប្បធម៌ កាលពីអំឡុងខែកញ្ញា ឆ្នាំ២០១៥ នៅកម្ពុជាកន្លងទៅ។
ជាងនេះទៅទៀត លោកក៏បានគូសបញ្ជាក់ថា ទស្សនទាននៃកិច្ចប្រជុំខាងមុខនេះ ក៏ឆ្លើយតបទៅនឹងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិនក្នុងក្របខណ្ឌនៃការអភិវឌ្ឍឧស្សាហកម្មទេសចរណ៍ប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ កម្ពុជា ចិន ដែលបានចុះហត្ថលេខាលើផែនការអនុវត្តសកម្មភាពការងារសម្រាប់អនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ ដោយផ្តោតសំខាន់លើការសិក្សារៀបចំបង្កើតផែនការអភិវឌ្ឍទេសចរណ៍គ្រប់ជ្រុងជ្រោយមួយសម្រាប់តំបន់សៀមរាបផ្តោតលើបេតិកភណ្ឌវប្បធម៌ពិភពលោកអង្គរវត្តមផងដែរ។
សូមជំរាប់ថា នៅថ្ងៃទី១២ខែមិថុនា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងធ្វើជាអធិបតី បើកកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍ នៃដៃគូសន្ទនាសហប្រតិបត្តិការអាស៊ីលើកទី២នេះ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!