ក្រសួងមហាផ្ទៃ បដិសេធគម្រោងតែងតាំងមន្ត្រីឃុំសង្កាត់ចាញ់ឆ្នោត ជាជំនួយការ និងជាទីព្រឹក្សារដ្ឋាភិបាល
ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បដិសេធគម្រោងតែងតាំងមន្ត្រីឃុំសង្កាត់ដែលចាញ់ឆ្នោត ជាជំនួយការ និងជាទីព្រឹក្សារដ្ឋាភិបាល បន្ទាប់ពីអ្នកឃ្លាំមើលផ្នែកអភិវឌ្ឍសង្គម និងបក្សប្រឆាំង បារម្ភថា រដ្ឋាភិបាលបានចំណាយថវិការដ្ឋជាច្រើនទៅលើទីប្រឹក្សានានា ដែលជាការចាយវាយថវិការដ្ឋខ្ជីខ្ជា ធ្វើឲ្យខាតបង់ថវិកាជាតិ។
ក្រសួងមហាផ្ទៃបានចេញសេចក្តីប្រកាសព័ត៏មាន បដិសេធនូវការព្រួយបារម្ភរបស់អង្កការសង្គមស៊ីវិល និងគណបក្សប្រឆាំង ពីការប្រើប្រាស់ថិវិការជាតិដោយគ្មានប្រសិទ្ធភាព ជុំវិញគម្រោងតែងតាំងមន្ត្រីឃុំសង្កាត់ដែលចាញ់ឆ្នោត របស់គណបក្សប្រជាជនកម្ពុជាអោយធ្វើជាជំនួយការ ឬទីព្រឹក្សាមន្ត្រីរដ្ឋាភិបាល។
សេចក្តីប្រកាសព័ត៏មានរបស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី៨ ខែមិថុនា បានបញ្ជាក់ថា កន្លងមករាជរដ្ឋាភិបាលមានតែគោលការណ៍ក្នុងការរៀបចំតែងតាំងមុខដំណែងជាទីប្រឹក្សា ឬជំនួយការនៅតាមក្រសួង ស្ថាបន័នានារបស់រដ្ឋាភិបាល ចំពោះតែមេឃុំ ចៅសង្កាត់ ជំទប់ និងចៅសង្កាត់រងមួយចំនួន ដែលមិនបានឈរឈ្មោះជាបេក្ខជនសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមព្រឹក្សាឃុំសង្កាត់អាណត្តិទី៤តែប៉ុណ្ណោះ។
ក្រសួងមហាផ្ទៃ បន្តថា ចំពោះការតែងតាំងមេឃុំ ចៅសង្កាត់ ជំទប់ ចៅសង្កាត់រងដែលមិនមានឈរឈ្មោះជាបេក្ខជនក្រុមប្រឹក្សាឃុំសង្កាត់ទៀតនោះ គឺជាការប្រើប្រាស់ធនធានមនុស្សដែលមានបទពិសោធន៍ និងសមត្ថភាពសម្រាប់ជួយការងារតាមក្រសួង ស្ថាប័ន ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារតាមអង្គភាព និងនៅថ្នាក់មូលដ្ឋាននីមួយៗតែប៉ុណ្ណោះ ។
ការបដិសេធបែបនេះ បន្ទាប់ពីអ្នកឃ្លាំមើលផ្នែកអភិវឌ្ឍសង្គម និងបក្សប្រឆាំង បានលើកឡើងពីការព្រួយបារម្ភតាមបណ្តាសារព័ត៌មានមួយចំនួនថា ការរៀបចំតែងតាំងមុខតំណែងជាទីប្រឹក្សា ឬជំនួយការនៅតាមក្រសួង ស្ថាបន័នានារបស់រដ្ឋាភិបាល គឺត្រូវចំណាយថវិការដ្ឋជាច្រើនទៅលើទីប្រឹក្សានានា ដែលជាការចាយវាយថវិការដ្ឋខ្ជីខ្ជា ធ្វើឲ្យខាតបង់ថវិកាជាតិជាដើម។
លោក សូ ចន្ថា សាស្រ្តាចារ្យផ្នែកនយោបាយ បានប្រាប់វិទ្យុសំលេងយុវជននៅថ្ងៃទី៩ ខែមិថុនានេះថា អ្វីទាំងនេះ គឺឆ្លុះបញ្ចាំពីបក្សពួកនិយមរបស់គណបក្សកាន់អំណាច ដែលតែងតែបំរើផលប្រយោជន៍បក្សខ្លួន ដោយមិនគិតពីផលប្រយោជន៍សាធារណៈជាធំ។ លោកបន្តថា បើទោះជាមានការបកស្រាយយ៉ាងដូច្នេះក្តី ក៏រូបភាពនេះ បង្ហាញពីការចាយវាយនូវថវិការជាតិ គ្មានប្រយោជន៍ ព្រោះជំនួយការ និងទីព្រឹក្សារដ្ឋាភិបាលនាពេលបច្ចុប្បន្ន មានស្ទើរាប់ពាន់នាក់ ប៉ុន្តែហាក់មិនបានបំរើផលប្រយោជន៍អ្វីដល់សង្គមជាតិនោះឡើយ។
សាស្រ្តាចារ្យផ្នែកនយោបាយ រូបនេះ បានបន្តទៀតថា ការតែងតាំងនេះទៀតសោត អាចនឹងប៉ះពាល់ដល់ប្រពន្ធ័គ្រប់គ្រងកម្ពុជាយ៉ាងធ្ងន់ធ្ងរ ដែលតម្រូវឲ្យរាជរដ្ឋាភិបាល គួរពិនិត្យមើលឲ្យបានល្អិតល្អន់ និងត្រូវជ្រើសរើសបុគ្គលដែលមានសមត្ថភាព អាចជួយដល់ប្រជាពលរដ្ឋខ្មែរទូទៅពិតប្រាកដ និងជាប្រយោជន៍ដល់សង្គម ដើម្បីជៀសវាងកុំអោយបាត់បង់នូវប្រជាប្រិយភាពពីសំណាក់ប្រជាពលរដ្ឋ។
សូមជម្រាបថា បើតាមលទ្ធផលបឋម របស់គជប យ៉ាងហោចណាស់ ឃុំ សង្កាត់ ជាច្រើន របស់គណបក្សកាន់អំណាច ត្រូវបានបាត់បត់ទៅឲ្យគណបក្សសង្រ្គោះជាតិ ដែលជាហេតុធ្វើឲ្យគណបក្សកាន់អំណាច ប្រកាស តែងតាំងមន្ត្រីឃុំសង្កាត់ដែលចាញ់ឆ្នោត របស់ខ្លួន អោយធ្វើជាជំនួយការ ឬទីព្រឹក្សាមន្ត្រីរាជរដ្ឋាភិបាល៕
ដោយលោក ចក់ ចំរើន
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!