លោកនាយករដ្ឋមន្រ្តី បញ្ជាអោយចាត់វិធានការជាបន្ទាន់ទៅលើបន្ទប់ស្ថានការណ៍បោះឆ្នោត
ភ្នំពេញ៖ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចាត់ទុក ការវាយតម្លៃរបស់ក្រុមអង្គការក្រៅរដ្ឋាភិបាលមួយចំនួន ដែលជាសមាជិករបស់បន្ទប់ស្ថានការណ៍បោះឆ្នោត ជាការបង្កើតចលាចលក្នុងប្រទេស ខណៈលោក បញ្ជាអោយក្រសួងមហាផ្ទៃ ចាត់វិធាន និង ស្រាវជ្រាវ អង្គច្បាប់ជាបន្ទាន់ លើក្រុមការងារមួយនេះ ។ តែយ៉ាងណាជុំវិញបញ្ហានេះ សមាជិកបន្ទប់ស្ថានការណ៍បោះឆ្នោត បានបង្ហាញក្តីសោកស្ដាយចំពោះការវាយតម្លៃរបស់ប្រមុខរាជរដ្ឋាភិបាលនេះ ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រតិកម្មចំពោះ បន្ទប់ស្ថានការណ៍បោះឆ្នោត ដែលមានអង្គការសង្គមស៊ីវិល ជាង ៤០ បានរួមគ្នាចេញសេចក្ដីថ្លែងការណ៍មួយ កាលពីថ្ងៃ ទី២៤ មិថុនា ក្នុងការវាយតម្លៃទៅលើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ កន្លងទៅ ថា ខ្វះយុត្តិធម៌ និងមានភាពមិនប្រក្រតី។
លោកនាយករដ្ឋមន្ត្រី បានចាត់ទុកថា ការវាយតម្លៃនេះ គឺជាបង្តើតចលាចល និងជាការប្រមាថទៅដល់គណកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលក្នុងនាមលោកជានាយករដ្ឋមន្ត្រី មិនអាចទទួលយកបាន និង បញ្ជាអោយរដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក ស ខេង ពិនិត្យមើលតាមអង្គច្បាប់ ដល់ក្រុមអង្គការក្រៅរដ្ឋាភិបាលមួយចំនួន ដែលធ្វើការនៅ បន្ទប់ស្ថានការណ៍បោះឆ្នោតនោះ។ ជាងនេះទៅទៀត លោកសង្កាត់ធ្ងន់ថា ប្រសិនបើក្រសួងមហាផ្ទៃ ពិនិត្យឃើញថាមិនមាននៅក្នុងបញ្ជីក្រសួងមហាផ្ទៃនោះទេ គឺតម្រូវអោយបន្ទប់ស្ថានការណ៍បោះឆ្នោត ចេញមកទទួលខុសត្រូវចំពោះមុខច្បាប់ ចំពោះការវាយតម្លៃរបស់ខ្លូន។
ការថ្លែងបែបនេះរបស់លោកនាយករដ្ឋមន្រ្តី នៅក្នុងអង្គមីទ្ទិញអបអរសាទរ រំលឹកខួបអនុស្សាវរីយ៍ លើកទី ៦៦ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១ - ២៨ មិថុនា ២០១៧) ដែលមានសមាជិកចូលរួម ប្រមាណជា ៥ម៉ឺននាក់ នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ នៅ មជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។
ទាក់ទន់ទៅនឹងការបញ្ជាឲ្យមានវិធានការនេះ លោក ខៀវ សុភ័ក្រ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានប្រាប់វិទ្យុសំឡេងយុវជននៅថ្ងៃពុធនេះថា ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវលើបញ្ហានេះ តែលោកមិនអាច បញ្ជាក់អ្វីច្រើននោះទេ ដោយរង់ចាំការពិនិត្យស្រាវជ្រាវលើអង្គច្បាប់រួចរាលជាមុនសិន។ យ៉ាងណា លោក បានអះអាងថា បន្ទប់ស្ថានការណ៍បោះឆ្នោតដោយបង្កើតឡើងដោយ ក្រុមអង្គការសង្គមស៊ីវិលនេះ មិនបានចុះបញ្ជីស្របច្បាប់នៅក្នុងក្រសួងមហាផ្ទៃនោះទេ។
ជុំវិញបញ្ហានេះ លោកស្រី ធីតា ឃឹះ នាយិកាប្រតិបត្តិអង្គការសីលការ និង ជាសមាជិកបន្ទប់ស្ថានការណ៍បោះឆ្នោតមួយរូបដែលនោះ បានបញ្ជាក់ថា បន្ទប់ស្ថានការណ៍បោះឆ្នោត មិនមានការភ័យខ្លាចនោះទេ ចំពោះការចាត់វិធានការរបស់លោកនាយករដ្ឋមន្ត្រីនេះ ពីព្រោះថាសមាជិកក្រុមលោកស្រី បានធ្វើការវាយរតម្លៃ ដោយមានការស្រាវជ្រាវផ្នែកច្បាប់ ត្រឹមត្រូវលើបញ្ហាទាំងនេះ។ លោកស្រីបន្តថា សមាជិកបន្តប់ស្ថានការណ៍បោះឆ្នោតជាបណ្ដុំអង្គការដែលមានក្នុងបញ្ជីឈ្មោះក្រសួងមហាផ្ទៃ។
ផ្ទុយទៅវិញ លោកស្រី មានការសោកស្ដាយចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចំពោះការចាត់វិធាននេះ ខណៈ បន្ទប់ស្ថានការណ៍បោះឆ្នោត បានធ្វើការវាយតម្លៃលើដំណើរការបោះឆ្នោត គឺដើម្បីធ្វើការកែប្រែអោយមានភាពប្រសើរឡើង ក្នុងបោះឆ្នោតនាពេលខាងមុខតែប៉ុណ្ណោះ។
សូមជំរាប់ថា បន្ទប់ស្ថានការណ៍បោះឆ្នោត បង្កើតឡើងក្នុងគោលបំណងដើម្បីបំពេញបន្ថែមនៅក្នុងទីតាំងការិយាល័យបោះ និងរាប់សន្លឹកឆ្នោតដែលមិនទាន់មានអ្នកសង្កេតការណ៍សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ដែលនឹងត្រូវប្រព្រឹត្តទៅកាលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ៕
ដោយលោក ញ៉ែម សំណាង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!