ក្រសួងសុខាភិបាល ប្រកាសអាសន្នឲ្យប្រជាពលរដ្ឋ ប្រុងប្រយត្ន័ពីជំងឺផ្តាសាយបក្សីប្រភេទថ្មី H7N9
ភ្នំពេញ៖ បន្ទាប់ពីក្រសួងសុខាភិបាលបានទប់ស្កាត់ និងគ្រប់គ្រងការពារនូវជំងឺផ្តាសាយបក្សី H5N1 ក្នុងពេលថ្មីៗនេះ ជំងឺផ្តាសាយបក្សីថ្មីប្រភេទ H7N9 បាននឹងកំពុងចាប់ផ្តើមរាតត្បាតក្នុងប្រទេសមួួយចំនួន ជិតកម្ពុជា ដែលអាចធ្វើអោយមនុស្សស្លាប់ ខណៈពុំទាន់មានថ្នាំការពារ ឬវាកសាំងព្យាបាលនៅឡើយ។ ហើយអ្វីនេះ ដែលជាក្តីព្រួយបារម្ភ នាំឲ្យក្រសួងសុខាភិបាល ប្រកាសអាសន្នឲ្យប្រជាពលរដ្ឋ ប្រុងប្រយ័ត្នពីជំងឺផ្តាសាយបក្សីប្រភេទថ្មី H7N9 នេះ។
ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយ ព័ត៌មានអំពីស្ថានភាពជំងឺសាយបក្សីជូនប្រព័ន្ធព័ត៌មាន នាព្រឹកថ្ងៃទី ២៤ កក្តដា នៅមន្ទីរពេទ្យកុមារជាតិ លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ឋនឹងជម្ងឺឆ្លងនៃក្រសួងសុខាភិបាល បានលើកឡើងថា ជំងឺសាយបក្សី H7N9 កំពុងរាតត្បាតលើប្រទេសចិន ឡាវ វៀតណាម និងតាមច្រកព្រំដែនផ្សេងៗ ដែលបង្ហាញក្តីព្រួយបារម្ភ។ ប៉ុន្តែលោក ថា កម្ពុជា ពុំទាន់មានលិចចេញនូវរោគសញ្ញានេះនៅឡើយទេ។
យ៉ាងណា បើទោះជាកម្ពុជា ពុំទាន់មានសញ្ញាណាមួយនៃប្រភេទជំងឺផ្តាស់សាយថ្មីនេះ តែលោក ស្នើឲ្យប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្ន ចំពោះ ជំងឺផ្តាសាយបក្សីប្រភេទថ្មី H7N9នេះ ព្រោះតែក្រសួងសុខាភិបាលលើពិភពលោក ពុំទាន់អាចរកឃើញថ្នាំសំរាប់ព្យាបាលបាននោះទេ។ ហើយលោក ក៍ស្នើដល់ប្រជាពលរដ្ឋ ត្រូវទំនាក់ទំនង់ផ្តល់ពត៍មានផ្សេងៗ ឲ្យបានឆាប់រហ័ស ក្រោយមានការសង្ស័យពីជំងឺអ្វីមួយ តាមរយៈលេខទូសព្ទ១១៥ ដើម្បីអោយក្រុមការងារមន្ទីសុខាភិបាលចុះទប់ស្កាត់ និងការពារបានទាន់ពេលវេលា។
សូមជម្រាបថា ជំងឺ H7N9 គឺជាវីរុសផ្តាសាយបក្សីថ្មី ដែលកើតមានលើសត្វស្លាបដូចជាមាន់ទារ និងអាចរាលដាលលើសត្វផ្សេងទៀតយ៉ាងស្ងៀមស្ងាត់ និងមិនបង្កអោយសត្វមាន់ទារនោះមានជំងឺធ្ងន់ធ្ងរនោះទេ ហើយជំងឺនេះអាចឆ្លងមកមនុស្ស និងធ្វើអោយមនុស្សស្លាប់បាន។ ជាងនេះទៅទៀត ជំងឺH7N9 គឺជាជំងឺដែលមានរោគសញ្ញានិងមានជំងឺអការៈដូចគ្នានឹងជំងឺគ្រុនផ្តាសាយបក្សី H5N1 ដែរ តែបច្ចុប្បន្ន ពិភពលោក នៅមិនទាន់មានថ្នាំអាចព្យាបាលជំងឺបាននៅឡើយទេ។
ដើម្បីឲ្យកាន់តែច្បាស់ពីជំងឺនេះ អ្នកស្រី តេង ស្រី វេជ្ជបណ្ឌិតនាយកដ្ឋានប្រយុទ្ឋនឹងជម្ងឺឆ្លងនៃក្រសួងសុខាភិបាលបានពន្យល់ពីអការៈនៃជំងឺនេះថា មនុស្សដែលកើតជំងឺផ្តាយសាយបក្សី H7N9 មានអការៈជំងឺដូចគ្នាទៅនឹងជំងឺផ្តាយសាយបក្សី H5N1 និងមានរោគសញ្ញាទូទៅដូចជា គ្រុនក្តៅ ក្អក ដក់ដង្ហើមខ្លីៗ និងធ្វើអោយអ្នកជំងឺរលាកសួតធ្ងន់ធ្ងរ។
អ្នកស្រីវេជ្ជបណ្ឌិត តេង ស្រី អះអាងថា ទោះបីជាជំងឺផ្តាសាយសាយបក្សី H7N9 នូវពុំទាន់មានថ្នាំអាចព្យាបាល តែប្រជាពលរដ្ឋអាចធ្វើការការពារដោយបង្កើនអនាម័យអោយល្អក្នុងការរស់នូវប្រចាំថ្ងៃដូចជា ត្រូវលាងដៃអោយបានស្អាត មុនពេលនឹងអំឡុងពេលបរិភោគអាហារ ឬក្រោយកាន់កាកសំណល់សត្វ ត្រូវទទួលទានផលិតផលសាច់ និងស៊ុតដែលមិនឈឺ និងត្រូវចំអិនអោយបានឆ្អិនល្អ ដាក់កុមារនៅអោយឆ្ងាយពីសត្វមាន់ឬទារ និងហាមជាដាច់ខាត់នូវការបរិភោគសត្វឈឺ ឬងាប់ដោយសារជំងឺ។
សូមជម្រាបថា ជំងឺផ្តាសាយបក្សី H7N9 បានរកឃើញដំបូង នៅឆ្នាំ២០១៣ ក្នុងប្រទេសចិន និងបានរាតត្បាតលើប្រទេសវៀតណាម និងឡាវផងដែរ។ គិតមកត្រឹមថ្ងៃទី១៥ ខែមិថុនាឆ្នាំ២០១៧នេះ លើពិភពលោកមានករណីសរុប ១៥៣៣ករណី និងស្លាប់៥៩២នាក់ ដោយសារតែជំងឺផ្តាសាយសាយបក្សី H7N9នេះ ខណៈមន្ទីពិសោធន៍ នៃអង្គការសុខភាពពិភពលោក អះអាងថា វីរុសជំងឺនេះនឹងបន្តការរាតត្បាតលើមនុស្សបន្តទៀត ព្រោះតែពុំទាន់រកឃើញនូវវ៉ាក់សាំង និងថ្នាំប្រឆាំងវីរុស គ្រុនផ្តាសាយសាយបក្សីនេះនៅឡើយ ៕
ដោយ លោក ចក់ ចំរើន
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!