នាយករដ្ឋមន្ត្រីកម្ពុជា ប្រតិកម្មខ្លាំងៗ ចំពោះការផ្សាយរបស់ទូរទស្សន៍ CNN និង ABC NEWS ករណីម្តាយលក់កូនស្រីឲ្យបម្រើផ្លូវភេទ
ភ្នំពេញ៖ ប្រមុខរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រតិកម្មខ្លាំងៗ និងថាមិនអាចអត់អោនឲ្យបាននោះទេ ដែលអង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា AIM ចេញផ្សាយនៅលើសារព័ត៌មាន CNN និង ABC News ពាក់ព័ន្ធរឿងជួញដូរផ្លូវភេទនៅកម្ពុជា ហើយថានេះ គឺជាការប្រមាថដ៏ធ្ងន់ធ្ងរដល់ស្រ្តីកម្ពុជា។
ថ្លែងនៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិត សាកលវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នាថ្ងៃទី ១ ខែសីហា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្ត្រី បានប្រតិកម្ម និងសម្តែងការមិនអាចទទួលយកបានក្នុងនាមជានាយករដ្ឋមន្ត្រី ដែលទូរទស្សន៍ CNN និង ABC NEWS បានផ្សព្វផ្សាយព័ត៌មាន ដែលមានលក្ខណៈប្រមាថមកលើស្ត្រីខ្មែរ។
ក្នុងនោះ លោកនាយករដ្ឋមន្ត្រីបានលើកឡើងថា លោកមិនអាចទទួលយកបាននោះឡើយ នៅពេលដែលអង្គការក្រៅរដ្ឋាភិបាល អេអាយអឹម បានផ្សាយនៅលើសារព័មានស៊ីអិនអិន និងព័ត៌មានអេប៊ីស៊ីញូវ ដែលបានចុះផ្សាយថា នៅកម្ពុជា មានម្តាយយកកូនទៅលក់ឲ្យបម្រើផ្លូវភេទ ។
ក្រៅពីលើកឡើងបែបនេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏បានបញ្ជាឲ្យក្រសួងមហាផ្ទៃបិទអង្គការក្រៅរដ្ឋាភិបាល (AIM) នោះ ដោយព្រមានថា នេះជាទង្វើមិនអាចអត់អោនឲ្យបាន ហើយក៏បានស្នើដល់ ស្ថានទូតអាមេរិក ឲ្យពិនិត្យ ចំពោះការចុះផ្សាយព័ត៌មាន របស់ ស៊ីអិនអិន បើពុំនោះទេ លោក នឹងបើកឲ្យមានការបាតុកម្មប្រឆាំងទៅនឹងការចុះផ្សាយព័ត៌មាននេះ ។
កាលពីពេលថ្មីៗនេះ ទូរទស្សន៍អាមេរិក CNN និង ABC New ដែលបានផ្សព្វផ្សាយឃ្លីបវីដេអូឯកសារខ្លី ចំពោះករណីស្ត្រីខ្មែរ ដែល ត្រូវបានម្តាយលក់ឲ្យធ្វើស្រីពេស្យាដើម្បីយកលុយ។ នៅក្នុងឃ្លីបវីដេអូ ដែលមានរយៈពេល ជិត ៣ នាទី ត្រូវបានផ្សាព្វផ្សាយក្នុងស្ថាប័នសាព័រ៌មានទាំងពីរនេះ ជាច្រើនដង ដោយក្នុងនោះ បានបង្ហាញពីសកម្មភាពស្ត្រី ៣ នាក់ ជាតួអង្គ ដែលស្ទើតែនិយាយខ្មែរ មិនច្បាស់ផងនោះ ហើយបាននិយាយជាភាសាវៀតណាម និងបកប្រែជាភាសាអង់គ្លេស រៀបរាប់បីបញ្ហា ដែលខ្លួន បានជួបប្រទះ នៅក្នុងប្រទេសកម្ពុជា។
លោកស្រីធីតា ឃឹះ នាយិការប្រតិបត្តិនៃអង្គការសីលការធ្វើការទាក់ទងទៅនឹងស្ត្រីភេទ បានលើកឡើងថា ទោះបីជាអ្នកទាំងនោះមិនមែនជាស្ត្រីជនជាតិខ្មែរ តែរឿងនេះបានកើតឡើងនៅក្នុងប្រទេសកម្ពុជា ដូច្នេះ រដ្ឋាភិបាលកម្ពុជា គួរតែមានវិធានការជាក់ស្តែងណាមួយដើម្បីស៊ើបអង្កេតនៅក្នុងករណីនេះ ខណៈស្ត្រីជនជាតិវៀតណាជាច្រើន បានមករកស៊ីរបរផ្លូវភេទនៅកម្ពុជា ហើយត្រូវបានម្តាយរបស់គេលក់នៅកម្ពុជា។ លោកស្រី បន្តថា រឿងនេះ កម្ពុជា ក៏គួរតែក្រលកទៅមើលបញ្ហាដែលបានកើតឡើងទាំងនេះឡើងវិញ ហើយអនុវត្តទៅតាមច្បាប់ដែលកម្ពុជាមានទាក់ទងទៅនឹងការលក់កូន អំពើរកស៊ីផ្លូវភេទជាដើម។
គួរបញ្ចាក់ថា បន្ទាប់ពីមានការចុះផ្សាយពីព័ត៌មានស៊ីអិនអិន និងអេប៊ីស៊ីមក នៅថ្ងៃទី ២៨ ខែកក្តដា ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា និងគណកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ប្រតិកម្មខ្លាំងៗ ចំពោះការផ្សព្វផ្សាយ របស់ទូរទស្សន៍អាមេរិក CNN និង ABC New ដែលបានផ្សព្វផ្សាយឃ្លីបវីដេអូឯកសារខ្លី ចំពោះករណីស្ត្រីខ្មែរ ដែល ត្រូវបានម្តាយលក់ឲ្យធ្វើស្រីពេស្យាដើម្បីយកលុយ។ ក្នុងសន្និសិទកាសែតនាព្រឹកនេះ លោក ហ៊ុយ វណ្ណៈ អះអាងថា ការផ្សព្វផ្សាយនេះ ជាការប្រមាថមកលើ ស្រ្តីកម្ពុជា ខណៈដែលតួរអង្គនៃឃ្លីបវីដេអូឯកសារខ្លីនោះ មិនមែនជាជនជាតិខ្មែរ គឺជាជនជាតវៀតណាម ដូចនេះ សាព័ត៌មានគួតែមានកាកែតម្រូវព័ត៌មាននេះឡើងវិញ៕
ដោយលោកញ៉ែម ប្រសិដ្ឋ។
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!