ក្រសួងទេសចរណ៍ ជំរុញឲ្យរាជធានីខេត្តចំនួន៧ ខិតខំប្រឹងប្រែង ក្នុងការប្រលងប្រណាំងទីក្រុងទេសចរណ៍ស្អាតក្នុងតំបន់អាស៊ាន
ភ្នំពេញ៖ ក្រសួងទេសចរណ៍ ជំរុញអោយរាជធានីខេត្តចំនួន៧ ក្នុងប្រទេសកម្ពុជា ដែលត្រូវប្រលងប្រណាំងទីក្រុងទេសចរណ៍ស្អាតក្នុងតំបន់អាស៊ាន ត្រូវខិតខំប្រឹងប្រែង និងរៀបចំផែនការយុត្តិសាស្រ្តអោយទទួលបានជោគជ័យល្អ សំរាបមុខមាត់ប្រទេសកម្ពុជា។
នៅព្រឹកថ្ងៃទី១ខែសីហាឆ្នាំ២០១៧ ក្រសួងទេសចរណ៍ បានរៀបចំកិច្ចប្រជុំស្តីពី ចលនាប្រលងប្រណាំងទីក្រុងទេសចរណ៍ស្អាត អាស៊ាន ក្នុងទីស្តីការក្រសួងទេសចរណ៍ ដែលមានមន្ត្រីពាក់ពន្ធ័ចូលរួមប្រមាណជាង៥០នាក់។
នៅក្នុងកិច្ចប្រជុំពិភាក្សា លោក ណេប សាមុត អគ្គលេខាធិការនៃ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតហៅកាត់.គ.ជ.វ.ទ បានលើកឡើងថា រដ្ឋាភិបាលបានជ្រើសតាំងរាជធានីខេត្តចំំនួន៧ ក្នុងការប្រលងប្រណាំងទីក្រុងស្អាតនៅអាស៊ាន រួមមាន រាជធានីភ្នំពេញ សៀបរាប បាត់តំបង កំពងចាម ព្រះសីហនុ កែប និងកំពត ដែលជាបេក្ខភាពក្នុងការប្រលងប្រណាំងទីក្រុងស្អាតនៅអាស៊ានសំរាប់ឆ្នាំ២០១៧ ។ លោក បញ្ជាក់ថា រាជធានីខេត្តទាំង៧ ដែលក្រសួងចាត់តាំងជាបេក្ខភាពប្រលងប្រណាំង គឺត្រូវតែរៀបចំនូវផែនការយុត្តិសាស្រ្តរបស់ខ្លួនអោយបានល្អ និងត្រូវមានការខិតខំប្រឹងប្រែងដើម្បីទទួលបានជ័យជំនះ និងដើម្បីមុខមាត់របស់ប្រទេសកម្ពុជាផងដែរ។
សូមជម្រាបថា ស្តងដារទីក្រុងទេសចរណ៍ស្អាតនៅអាស៊ាន ត្រូវបានរៀបចំតាកតែងឡើងដោយ ក្រុមការងារក្រសួង ទេសចរណ៍របស់ប្រទេសកម្ពុជា និងបានអនុមត័ជាផ្លូវការដោយរដ្ឋមន្ត្រីក្រសួងទេសចរណ៍អាស៊ាន ក្នុងវេទិការទេសចរណ៍អាស៊ាន កាលពីឆ្នាំ២០១៥ នៅប្រទេសមីយ៉ានម៉ា ក្នុងគោលបំណងជំរុញទាក់ទាញ និងលើកទឹកចិត្តភ្ញៀវទេសចរណ៍ អោយចូលមកកំសាន្តក្នុងតំបន់អាស៊ានទាំងមូល។
លោក អាំង សុវណ្ណរ័ត្ន អគ្គលេខាធិការរងនៃ.គ.ជ. វ.ទ បានមានប្រសាសន៍ថា ការអនុវត្តនូវគោលនយោបាយរៀបចំទីក្រុងស្អាតនៅក្នុងអាស៊ាន នឹងអាចធ្វើអោយប្រជាពលរដ្ឋមានជីវភាពរស់នៅសុខស្រួល អាចបង្កើនការចូលមកទស្សនាកំសាន្ត ពីភ្ញៀវបរទេសក្នុងពិភពលោក មកកាន់កម្ពុជា និងអាចគ្រប់គ្រង់បាននូវបម្រែបម្រួលបរិស្ថាន និងអាចចូលរួមក្នុងកិច្ចការពារបរិស្ថានទៀតផង។
ស្រដៀងគ្នានេះដែរ លោក ជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាតំណាងរដ្ឋមន្ត្រីក្រសួងទេសចរណ៍បានលើកឡើងដែរថា ស្តង់ដាអាស៊ានទីក្រុងស្អាត គឺជាគំនិតផ្តោចផ្តើមរបស់កម្ពុជា ដើម្បីធ្វើអោយសមាជិកអាស៊ានទាំងអស់ ក្លាយជាប្រទេសបៃតង និងមានការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព អាចជួយថែរក្សានិងគ្រប់គ្រងធនធានធម្មជាតិ និងគិតគូរពីការបំពុលបរិស្ថាន និងការគ្របគ្រងសំណល់និងអនាម័យជាដើម។
បើតាមរដ្ឋលេខាធិកាក្រសួងទេសចរណ៍ រូបនេះ ដើម្បីឆ្លើយតបទៅនឹងកំណើនភ្ញៀវទេសចរណ៍ប្រមាណជាង៥លាននាក់ ដែលបានចូលមកកំសានក្នុងប្រទេសកម្ពុជា និងការប្រលងប្រណាំងទីក្រុងស្អាតអាស៊ាន ក្រសួងទេសចរណ៍បានធ្វើការផ្សព្វផ្សាយ និងស្នើដល់គ្រប់ក្រុង ខណ្ឌ ទីប្រជុំជន និងរមណីយដ្ឋានទេសចរណ៍ទាំងអស់ក្នុងប្រទេសកម្ពុជា ត្រូវចូលរួមសហការ និងលើកកម្ពស់ភាពស្អាតនិងភាពបៃតង ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជាសំរាប់ពេលបច្ចុប្បន្ន និងអនាគត៕
ដោយលោក ចក់ ចំរើន
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!