ក្រុមការងារមិត្ដហ្វូនភ្នំពេញ ចូលរួមសកម្មភាពមនុស្សធម៍នៅខេត្តកំពង់ចាម
កំពង់ចាម៖ ស្ថិតក្នុងទឹកមុខញញឹមស្រស់ស្រាយនាពេលព្រឹកព្រលឹមបំណងធ្វើដំណើរទៅកាន់ខេត្តកំពង់ចាម ក្រុមការងារមិត្ដហ្វូនប្រចាំនៅទីស្នាក់កណ្ដាល រួមជាមួយនឹងក្រុមការងារ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ «TYDA» ទៅពិនិត្យ និងព្យាបាលជំងឺដល់ប្រជាពលរដ្ឋដល់មូលដ្ឋាននៅក្នុងភូមិទួលច័ន្ទ ឃុំច្បារអំពៅ ស្រុកបាធាយ កាលពីថ្ងៃអាទិត្យ ទី១៣ ខែសីហា ឆ្នាំ២០១៧។
នៅក្នុងសកម្មភាពដ៏ថ្លៃថ្លាដើម្បីគាំទ្រអំពើមនុស្សធម៌របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ដ TYDA យ៉ាងសស្រាក់សស្រាំ ក្រុមការងារមិត្ដហ្វូនទាំងពីរការិយាល័យបានបំពេញភារកិច្ចដោយយកចិត្ដទុកដាក់ខ្ពស់ព្រោះប្រាថ្នាជួយលើកស្ទួយសុខុមាលភាព និងយល់អំពីទុក្ខធុរៈរបស់ប្រជាពលរដ្ឋនៅតាមតំបន់ដាច់ស្រយាល ក៏ដូចជាអតិថិជនមិត្ដហ្វូនទូទាំងប្រទេស។
ដោយមិនបង្អង់យូរក្រុមការងារមិត្ដហ្វូនពីរាជធានីភ្នំពេញ និងក្រុមប្រចាំការនៅមូលដ្ឋាននៃខេត្តកំពង់ចាម បានចូលរួមជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ដជាង ១៦០ នាក់ ក្នុងការចុះទៅពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃសរុបចំនួន ៣០៣៦ នាក់ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក I LOVE TYDA បានបង្ហាញតួលេខអ្នកជំងឺដែលបានមកទទួលសេវាកម្មឥតគិតថ្លៃនោះ។
ទោះបីជាត្រូវចំណាយទាំងកម្លាំងចិត្ដ កម្លាំងកាយ និងថវិកាយ៉ាងណាក៏ដោយ ក៏ក្រុមហ៊ុនទូរស័ព្ទយក្សមួយនេះនៅតែបន្ដសកម្មភាពជួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ «TYDA» ដោយគ្មានការរួញរាជានិច្ចដរាប។
យោងតាមរបាយការណ៍ព័ត៌មានរបស់មិត្ដហ្វូន បានឲ្យដឹងថា៖ «ជាមួយនឹងសកម្មភាពចុះជួយក្រុមគ្រូពេទ្យស្ម័គ្រជាច្រើនលើកច្រើនសានៅតាមតំបន់ផ្សេងៗនាពេលកន្លងមក យើងនៅតែបន្ដគាំទ្រអំពើមនុស្សធម៌នេះនៅតាមបណ្ដាភូមិ-ឃុំដាច់ស្រយាលនៃ ២៥ ខេត្ដ-ក្រុងទាំងអស់ក្នុងប្រទេសកម្ពុជា»៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!