សហគមន៍រងគ្រោះដីធ្លី ខេត្តកោះកុង តវ៉ាជាថ្មី ខណៈគ្មានដំណោះស្រាយ ទោះមានបញ្ជាពីនាយករដ្ឋមន្រ្តី
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ខែសីហាឆ្នាំ២០១៧នេះ ប្រជាសហគមន៍រងគ្រោះដីធ្លី ជីខក្រោម សហគមន៍ជីខលើ សហគមន៍ដងពែង និងភូមិតាំកន់ ក្នុងខេត្តកោះកុង ប្រមាណជាង៦០នាក់ បានប្រមូលផ្តុំគ្នា នៅមុខខុទ្ទកាល័យនាយករដ្ឋមន្ត្រីហ៊ុន សែន ក្នុងគោលបំណង តាមដានញាតិដែលធ្លាប់បានដាក់ តាំងពីខែមករាកន្លងទៅ និងជំរុញអោយមានការដោះស្រាយបញ្ហាដីធ្លីពួកគាត់ឲ្យបានឆាប់រហ័ស ខណៈប្រជាពលរដ្ឋអះអាងថា រហូតមកដល់ពេលនេះ មិនទាន់ឃើញមានមន្ត្រីណាចុះធ្វើកិច្ចអន្តរាគមន៍ដោះស្រាយបញ្ហាដីធ្លីដល់ពួកគេនោះទេ។ ជុំវិញបញ្ហានេះ មន្ត្រីនៃខុទ្ទកាល័យនាយករដ្ឋមន្ត្រីហ៊ុន សែន បានស្នើឲ្យប្រជាពលរដ្ឋ ធ្វើញត្តិស្នើសុំសារជាថ្មី ដើម្បីខ្លួនមានចំណាត់ការណ៍ ។
អ្នកស្រី យី គន្ធា តំណាងប្រជាពលរដ្ឋរងគ្រោះដីធ្លីសហគមន៍ជីខក្រោម លើកឡើងថា គោលបំណងដែលមកប្រមូលផ្តុំគ្នានៅថ្ងៃនេះ ព្រោះការដាក់ញត្តិទាមទារអោយមានការដោះស្រាយបញ្ហាដីធ្លីកន្លងទៅ និងលិខិតអន្តរាគមន៍របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលបញ្ចារឲ្យក្រសួងរៀបចំដែនដី និងមន្ត្រីថ្នាក់ក្រោម ធ្វើការដោះស្រាយបញ្ហាដីធ្លី ដល់សហគមន៍ខេត្តកោះកងទាំង១៧៥គ្រួសារ មកទល់នឹងពេលនេះ គឺមិនទាន់មានការដោះស្រាយអ្វីដល់ប្រជាសហគមន៍រងគ្រោះដីធ្លីនោះទេ ។
អ្នកស្រី យី គន្ធា បន្តថា ការបណ្តែតបណ្តោយមិនអើពើដោះស្រាយបញ្ហាដីធ្លីដល់ប្រជាពលរដ្ឋ បានធ្វើអោយប៉ះពាល់ដល់ជីវិតរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋជាខ្លាំង ដោយមិនមានដីធ្វើកសិកម្ម គ្មានប្រាក់ចំណូលផ្គត់ផ្គងជីវភាព នឹងបណ្តាលអោយកូនចៅក្លាយជាកម្មករចំណាក់ស្រុកថែមទៀត។ ដូជនេះ អ្នកស្រី អំពាវនាវដល់រាជរដ្ឋាភិបាល ក្រសួងពាក់ពន្ធ័នានា ត្រូវជួយដោះស្រាយបញ្ហាដល់ពលរដ្ឋរងគ្រោះដីធ្លីខេត្តកោះកុងជាបន្ទាន់។
ជាមួយគ្នានេះ ប្រជាសហគមន៍រងគ្រោះខេត្តកោះកុងទាំងនោះ ក៍បានប្រមានដែរថា បើនៅតែគ្មានដំណោះស្រាយអ្វីសមរម្យដល់ពលរដ្ឋរងគ្រោះដីធ្លីទេ ពួកគាត់នឹងនាំគ្នាដើរដាក់ញត្តិតាមស្ថានទូតអន្តរជាតិ និងស្ថានបន្ថ័ផ្សេងៗ បន្តទៀត ។
ជាមួយនឹងការជំរុញអោយមានការដោះស្រាយបញ្ហាដីធ្លី លោក ប៉ាល់ ចន្ទតារា ជាមន្ត្រីខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានចេញមកសម្របសម្រួល និងស្នើឲ្យប្រជាពលរដ្ឋគួរធ្វើញត្តិដាក់មក ខុទ្ទកាល័យសារជាថ្មី ដើម្បីរៀបចំឯកសារដាក់ជូនទៅក្រសួងដែនដីម្តងទៀត។ លោក ប៉ាល់ ចន្ទតារា បានសង្កត់ធ្ងន់ថា បញ្ហាដីធ្លីមិនមែនជារឿងងាយស្រួលដោះស្រាយបានឆាប់រហ័ស ដូចចិត្តពលរដ្ឋចង់បាននោះទេ ខណៈដែលបច្ចុប្បន្នកំពុងតែមានការរៀបចំដំណើការដោះស្រាយជូនដល់ប្រជាពលរដ្ឋរងគ្រោះដីធ្លី ។
សូមជម្រាបថា លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន ធ្លាប់បានចេញលិខិតអន្តរាគមន៍ ទៅកាន់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧ ដើម្បីធ្វើការដោះស្រាយបញ្ហាដីធ្លីជូន ប្រជាពលរដ្ឋទាំង១៤៧គ្រួសារ ដែលជាអ្នកបាត់បង់ដីធ្លី និងស្រែចំការ មានផ្ទៃដីសរុបចំនួន៧៨២.១៦ហិកតា ។
លោក សៀ ភារម្យ នាយកប្រតិបត្តិនៃអង្គការក្រុមការងារពិសេសសិទ្ធិលំនៅឋាន បានលើកឡើងថា បញ្ហានេះ រដ្ឋាភិបាល មានសមត្ថភាពពេញលេញ និងអាចប្រើអំណាចផ្លូវច្បាប់ ដើម្បីដោះស្រាយបញ្ហាដីធ្លីជូនដល់ប្រជាពលរដ្ឋបាន តែគួអោយសោកស្តាយរាល់អនុសាសន៍ និងលិខិតអន្តរាគមន៍ផ្សេងៗ គឺគ្មានប្រសិទ្ធភាព ដែលអាចអោយមន្ត្រីថ្នាក់ក្រោមអនុវត្ត និងគោរពអោយតម្លៃនោះទេ។ លោក សៀ ភារម្យ បន្តថា ប្រសិនមន្ត្រីថ្នាក់ក្រោម អោយតម្លៃ គោរព និងអនុវត្តតាមអនុសាសន៍ និងលិខិតអន្តរាគមន៍ទាំងនេះ ម្លេះបញ្ហាដីធ្លីក្នុងខេត្តកោះកុងនេះ នឹងអាចដោះស្រាយបានងាយស្រួលឆាប់រហ័ស ។
យ៉ាងណានាយកប្រតិបត្តិនៃអង្គការក្រុមការងារពិសេសសិទ្ធិលំនៅឋានរូបនេះ ស្នើដល់រដ្ឋាភិបាល គួរតែមានចំណាត់ការដាក់ពិន័យដល់មន្ត្រីថ្នាក់ក្រោមរបស់ខ្លួន ដែលមិនគោរពអនុវត្តកាតព្វកិច្ចតាមលិខិតអន្តរាគមន៍ដោះស្រាយបញ្ហាដីធ្លី ដើម្បីអាចអោយមានការអនុវត្តការងារ ប្រកបដោយប្រសិទ្ធភាពពេញលេញ តាមសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។
គួរំលឹកថា ប្រជាសហគមន៍ខេត្តកោះកុង ប្រមាណ ១៤៧ គ្រួសារ មានវិវាទដីធ្លីជាមួយក្រុមហ៊ុន លីយ៉ុងផាត និងក្រុមហ៊ុន ហេង ហ៊ុយ តាំងពីឆ្នាំ២០០៦មកម្លោះ និងបានធ្វើការតវ៉ាជាច្រើនដងមកហើយដើម្បីអោយអាជ្ញាធរពាក់ព័ន្ធ ដោះស្រាយបញ្ហា ខណៈពួកគេ ទាមទារអោយមានការផ្តល់នូវដី ២ ហិតា និងលុយ៤៥០ដុល្លា ក្នុង១គ្រួសារ ដើម្បីបញ្ចប់វិវាទដីដ៍យូរាំរ៉ៃនេះ៕
ដោយលោក ចក់ ចំរើន
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!