រដ្ឋសភា អនុម័តឲ្យតុលាការបន្តនីតិវិធីរឿង លោក កឹម សុខា ខណៈតំណាងគណបក្សប្រឆាំង តវ៉ាមុខពន្ធនាគារ
ភ្នំពេញ៖ សមាជិករដ្ឋសភាចំនួន៦៦ រូប របស់គណបក្សកាន់អំណាច សម្រេចនៅក្នុងអង្គប្រជុំសភា ឱ្យស្ថាប័នតុលាការបន្តនីតិវិធីតាមច្បាប់ លើប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា ខណៈដែលក្រុមតំណាងរាស្រ្តមកពីគណបក្សសង្រ្គោះជាតិ បានធ្វើពហិកាមិនចូលរួមប្រជុំ និងបានប្រមូលផ្តុំ នៅមុខពន្ធនាគារ។ រាយការណ៍បន្តដោយ លោក ចក់ ចំរើន
ប្រជុំសភាវិសាមញ្ញ ថ្ងៃទី ១១ កញ្ញា ឆ្នាំ ២០១៧
ក្រុមសមាជិករដ្ឋសភាភាគច្រើន របស់គណបក្សកាន់អំណាច នៅព្រឹកថ្ងៃ ចន្ទ ទី ១១ កញ្ញានេះ បានបើកកិច្ចប្រជុំវិសាមញ្ញរដ្ឋសភា ដោយសម្រេចឱ្យស្ថាប័នតុលាការត្រូវបន្តនីតិវិធីតាមច្បាប់លើ លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ពីបទប្រព្រឹត្តអំពើក្បត់ជាតិ ដោយមិនមានក្រុមតំណាងរាស្រ្តមកពីគណបក្សសង្រ្គោះជាតិចូលរួម។
យោងតាមសេចក្តីប្រកាសព័ត៍មាន របស់រដ្ឋសភា ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៥ ដែលផ្សព្វផ្សាយ ក្រោយអង្គប្រជុំ បានដំណើរត្រឹមតែជាង២០វិនាទី បានបង្ហាញថា ការបើកកិច្ចប្រជុំវិសាមញ្ញរដ្ឋសភា ដែលដឹកនាំដោយលោក ហេង សំរិន ជាប្រធានរដ្ឋសភា និងក្រុមសមាជិករដ្ឋសភាភាគច្រើននៃបក្សកាន់អំណាចចំនួន៦៦រូប មិនបានបញ្ចេញមតិអោយក្រសួងសមត្ថកិច្ចផ្អាកការចោទប្រកាន់ ចាប់ខ្លួន ឃាត់ខ្លួន និងឃុំខ្លួនលោកកឹមសុខា តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាមនោះទេ ។
សេចក្តីប្រកាសដដែលបានបញ្ជាក់ថា ការសម្រេចឲ្យបន្តនីតិវិធីនេះ គឺទទួលបានសំឡេងគាំទ្រ ចំនួន ៦៦ សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូលនៃបក្សកាន់អំណាច និងបានសម្រេចអោយក្រសួងមានសមត្ថកិច្ចត្រូវតែបន្តនីតិវិធីចោទប្រកាន់លើប្រធានគណបក្សនេះបន្តទៀត។
ការសម្រេចរបស់ក្រុមសមាជិករដ្ឋសភាភាគច្រើន នៃគណបក្សកាន់អំណាចពេលនេះ ធ្វើឡើងខណៈក្រុមតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ធ្វើពហិកាមិនចូលរួមប្រជុំ ដោយប្រមូលផ្តុំគ្នាធ្វើដំណើរទៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ដែលជាទីឃុំឃាំង ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា។
គួរសង្កេតឃើញថា ខណៈតំណាងរាស្ត្រគណបក្សបានប្រមូលផ្តុំគ្នា នាព្រឹកនេះ ក៏មានកម្លាំងសមត្ថកិច្ចជាង ៦០០នាក់ ត្រូវបានដាក់ពង្រាយការពារសន្តិសុខ សណ្តាប់ធ្នាប់នៅមុខពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ តែយ៉ាងណា ពុំហេតុការហឹង្សាណាមួយ បានកើតឡើងឡើយ។
តំណាងរាស្ត្រគណបក្សសង្រ្គោះជាតិ ប្រមូលផ្តុំនៅមុខ ពន្ធនាគារ ត្រពាំងថ្លុំង
លោកស្រី មូ សុខហួ បានលើកឡើងកំពុងស្ថិតនៅមុខពន្ធនាគារ ត្រពាំងផ្លុងថា ការមកប្រមូលផ្តុំគ្នាមុខពន្ធនាគារនាពេលនេះ គឺមានបំណងចង់តស៊ូមតិ បង្ហាញឆន្ទៈទាមទារអោយមានការដោះលែងលោកកឹមសុខា ឲ្យមានសេរីភាពឡើងវិញ ។ លោកស្រី មូ សុខហួ បានសង្កត់ធ្ងន់ថា ក្រុមសមាជិករដ្ឋសភាគណបក្សសង្គ្រោះជាតិ នឹងមកប្រមូលផ្តុំគ្នាមុខពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ជារៀងរាល់សប្តាហ៍ ថ្ងៃចន្ទ័ រហូតមានការដោះលែង ប្រធានរបស់ខ្លួន។
បន្ថែមពីនេះ លោកស្រី មូ សុខហួ បានចាត់ទុកថា ការបោះឆ្នោតនាពេលខាងមុខ នឹងមិនមានភាពសេរី ត្រឹមត្រូវយុត្តិធម៍សំរាប់ប្រជាពលរដ្ឋកម្ពុជាទេ ប្រសិនគ្មានការដោះលែង លោកកឹមសុខា អោយមានសេរីភាព ។ លោកស្រីក៏បានអំពាវនាវដល់អង្កការអន្តរជាតិ អោយចូលជួយអន្តរាគមន៍ករណីនេះ ផងដែរ។
សូមជម្រាបថា កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួន លោក កឹម សុខា ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ សន្និដ្ឋិភាពជាមួយបរទេស ដែលជាបទល្មើសមួយក្នុងអំពើក្បត់ជាតិ ក្នុងមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ នឹងប្រឈមការដាក់ពន្ធនាគារពី១៥ ទៅ៣០ឆ្នាំ បន្ទាប់ពីអាជ្ញាធរ បានចូលចាប់ខ្លួន លោក កឹម សុខា ទាំងកណ្តាលយប់ នៅថ្ងៃ២ រំលងចូលថ្ងៃទី ៣ កញ្ញា ឆ្នាំ ២០១៧។
ពាក់ព័ន្ធនឹងការចាប់ខ្លួនលោក កឹម សុខា នេះដែរមុននឹងចាកចេញពីកម្ពុជា ទៅចូលរួមការតាំងពិព័រណ៍នោប្រទេសចិន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសព្រមានរំលាយគណបក្សសង្គ្រោះជាតិទាំងមូល នៅក្នុងពិធីចែកសញ្ញាបត្រ នៅមជ្ឈមណ្ឌលកោះពេជ្យ ប្រសិនបើរកឃើញមានការឃុបឃិតគ្នា ជាមួយលោក កឹមសុខា លើអំពើក្បត់ជាតិនេះ ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចួលរួមពិធីចែកសញ្ញាបត្រដល់និស្សិតពេទ្យ នៅថ្ងៃទី ១១ កញ្ញា ឆ្នាំ ២០១៧
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា ការប្រជុំសភាព្រឹកនេះ គឺមិនមែនជាការប្រជុំដកអភ័យឯកសិទ្ធសភា លោកកឹមសុខាទេ តែជាការប្រជុំបើកផ្លូវអោយតុលាការចាត់ការតាមនីតិវិធីច្បាប់ ហើយប្រសិនគណបក្សប្រឆាំងចង់ផ្អាកនីតិវិធីតុលាការនោះ លុះត្រាតែមានសំឡេង ៣ភាគ៤ នៃចំនួនតំណាងរាស្រ្ត ក្នុងរដ្ឋសភាទាំងមូល ។
លោក មាស នី អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គម យល់ថា ទង្វើរបស់រដ្ឋាភិបាលពេលនេះ ហាក់មិនមានអ្វីប្លែក ដូចអ្វីដែលខ្លួនបានធ្វើ កាលពីមុនៗនោះទេ ព្រោះរដ្ឋសភាពតែងតែសម្រេច និងតែងអនុវត្តន៍តាមការបញ្ជាររបស់រដ្ឋាភិបាលតែប៉ុណ្ណោះ ។
លោកមាសនី ក៍បង្ហាញក្តីព្រួយបារម្ភ ពីស្ថានភាពនយោបាយកម្ពុជាបច្ចុប្បន្ន ដែលអាចប្រឈមនឹងការដាក់គំនាបសេដ្ឋកិច្ច និងការផ្តាច់ជំនួយផ្សេងៗនៅកម្ពុជា ដែលអាចប៉ះពាល់ដល់ប្រជាជន ខណៈសេដ្ឋកិច្ចកម្ពុជា កំពុងតែមានការកើនឡើង៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!