មិត្តហ្វូនបន្តសកម្មភាពមនុស្សធម៌ជាថ្មីម្តងទៀតនៅក្នុងខេត្តកណ្តាល
កណ្តាល៖ ក្រៅពីម៉ោងបំរើការងារនៅក្នុងក្រុមហ៊ុន ព្រមជាមួយនឹងទឹកចិត្ត ការយកចិត្តទុកដាក់ក្នុងកិច្ចការសង្គម បុគ្គលិកក្រុមហ៊ុនមិត្តហ្វូនបានចំនាយពេលវេលាឈប់សម្រាកក្នុងថ្ងៃចុងសប្តាហ៍របស់ខ្លួនដើម្បីចុះទៅតំបន់ដាច់ស្រយាល ជាមួយនឹងក្រុមការងារ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ «TYDA» ក្នុងគោលបំណងទៅពិនិត្យ និងព្យាបាលជំងឺដល់ប្រជាពលរដ្ឋដល់មូលដ្ឋានដោយឥតគិតថ្លៃ ដែលស្ថិតនៅក្នុងភូមិប្រឡាយ ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កាលពីថ្ងៃសៅរ៍ ទី៩ ខែកញ្ញា ឆ្នាំ២០១៧។
នៅក្នុងសកម្មភាពដ៏ថ្លៃថ្លាដើម្បីគាំទ្រអំពើមនុស្សធម៌របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ដ TYDA យ៉ាងសស្រាក់សស្រាំ ក្រុមការងារមិត្ដហ្វូនទាំងអស់បានបំពេញភារកិច្ចដោយយកចិត្ដទុកដាក់ខ្ពស់ព្រោះប្រាថ្នាជួយលើកស្ទួយសុខុមាលភាព និងយល់អំពីទុក្ខធុរៈរបស់ប្រជាពលរដ្ឋនៅតាមតំបន់ដាច់ស្រយាល ក៏ដូចជាអតិថិជនមិត្ដហ្វូនទូទាំងប្រទេស។
យោងតាមរបាយការណ៍ពីទំព័រហ្វេសប៊ុក I LOVE TYDA ដែលជាទំព័រផ្លូវការរបស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តដ៏សកម្មមួយនេះបានរាយការណ៍ថា មានប្រជាពលរដ្ឋសរុបទាំងអស់ចំនួន ២៤៩៤នាក់ ដែលបានទទួលពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃពីក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ។ ក្នុងនោះជម្ងឺទូទៅមាន ១៨២១នាក់ ជម្ងឺមាត់ធ្មេញ ១២០នាក់ ជម្ងឺត្រចៀក ច្រមុះ បំពង់ក ៧២នាក់ ជម្ងឺភ្នែក ២២០នាក់ ជម្ងឺរោគស្រ្តី ៤៣នាក់ ពិនិត្យផ្ទៃពោះ ៣៤នាក់ វះកាត់តូច ១០នាក់ ឬសដូងបាត ៣០នាក់ អេកូបេះដូង ៤នាក់ ពិនិត្យឈាម ២៥នាក់ និងជម្ងឺសើរស្បែក ៦០នាក់ និងមានអ្នកជម្ងឺបញ្ជូនបន្តមកព្យាបាលសរុបនៅមន្ទីរពេទ្យនៅរាជធានីភ្នំពេញសរុប ៥៥នាក់។
ទោះបីជាត្រូវចំណាយទាំងកម្លាំងចិត្ដ កម្លាំងកាយ និងថវិកាយ៉ាងណាក៏ដោយ ក៏ក្រុមហ៊ុនបណ្តាញទូរស័ព្ទចល័តមិត្តហ្វូន នៅតែបន្ដសកម្មភាពនិងឆន្ទៈក្នុងការចុះជួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ «TYDA» ទូទាំងតំបន់ដាច់ស្រយាល គ្រប់ខេត្តក្រុងដោយគ្មានការរួញរាជានិច្ចដរាប។ តាមទិន្និន័យសរុបដែលរួមមានចាប់តាំងពីដើមឆ្នាំ២០១៧ សកម្មភាពមនុស្សធម៍មួយនេះបានចុះទៅពិនិត្យព្យាបាលប្រជាពលរដ្ឋតាមបណ្តាខេត្តក្រុងសរុប 49,897 នាក់រួចហើយ។
ក្រុមហ៊ុនមិត្តហ្វូនជាប្រតិបត្តិការទូរគមនាគមន៍ដ៏ធំជាងគេក្នុងការគាំទ្រសកម្មភាពមនុស្សធម៍ជាច្រើន តាំងពីខ្លួនបានចាប់ផ្តើមប្រតិបត្តិនៅក្នុងទីផ្សារប្រទេសកម្ពុជាក្នុងឆ្នាំ២០០៩។ មិត្តហ្វូនក៏ត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនដែលបានចូលរួមចំណែកទីផ្សារច្រើនជាងគេផងដែរនៅក្នុងការបើកអាជីវកម្មរបស់ខ្លួននេះ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!