លោកកឹម សុខ ថា ការចោទប្រកាន់មេបក្សប្រឆាំង ជាជនក្បត់ជាតិ គឺជាការបង្ករឿងបំបែកជាតិដ៏អាក្រក់បំផុត
បើទោះជាកំពុងស្ថិតក្នុងពន្ធនាគា ក៏លោកកឹម សុខ អ្នកវិភាគនយោបាយ បានអះអាងថា ការចោទប្រកាន់មេបក្សប្រឆាំង លោក កឹម សុខា ជាជនក្បត់ជាតិ គឺជាការបង្ករឿងបំបែកជាតិដ៏អាក្រក់បំផុត ខណៈដែលលោកបានចាត់ទុកថា តុលាការ គ្មានភាពឯករាជ្យ និងគ្រាន់តែជាសេនាធិការនយោបាយ សម្រាប់អ្នកមានអំណាចតែប៉ុណ្នោះ។
យោងតាមលិខិតរបស់លោកកឹម សុខ ចុះថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧ ដែលផ្ញើចេញពីពន្ធនាគាព្រៃសរ បានសរសេររៀបរាប់ថា ជនក្បត់ជាតិ មែនមិនជាលោកកឹម សុខានោះទេ ព្រោះរាល់សកម្មភាព និងសម្តីថ្លែងរបស់មេបក្សប្រឆាំងលោក កឹម សុខា គឺមិនមានចំនុចណាដែលបញ្ជាក់ថា ជាជនក្បត់ជាតិនោះទេ គឺមានតែបញ្ជាក់ថាលោក កឹម សុខា ជាអ្នកនយោបាយដែលតែងតែរួមចំណេកក្នុងកិច្ចដឹកនាំពុះពារនាំសេរីភាពប្រជាធិបតេយ្យ មកកម្ពុជា។ លោក គឹម សុខ បន្តថា ដើម្បីធ្វើឲ្យស្ថានការណ៏នយោបាយធូរស្រាល ជម្រើសល្អបំផុត គឺដោះលែង លោកកឹម សុខា និងអ្នកនយោបាយជាច្រើនផ្សេងទៀត ហើយងាកទៅកាន់តុចចារ ដើម្បីបើកផ្លូវទៅរកការប្រកួតប្រជែងក្នុងការបោះឆ្នោតដោយសេរី យុត្តិធម៏ ព្រោះមានតែការបោះឆ្នោតសេរី និងយុត្តិធម៏តែប៉ុណ្ណោះ ទើបជាសេនារីយ៉ូ នាំផ្លូវខ្មែរ ឲ្យយោគយល់ផ្សះផ្សារគ្នា បាននូវគ្រប់ជម្លោះ ខ្វែងគំនិតនយោបាយក្នុងប្រទេសកម្ពុជា។
ក្រៅរៀបរាប់យ៉ាងដូច្នេះ លោកគឹម សុខ ក៏ស្នើឲ្យតុលាការ ដោះលែងលោកកឹម សុខា និងបានអះអាងថា លោកនិងធ្វើកូតកម្មមិនហូបបាយ និងសាច់ ឬម្ហូបអាហារមានសាច់ គឺហូបតែទឺកអំបិល និង អំបិល ឬបន្លែស្រស់ទឹកក្តៅតែប៉ុណ្តោះរហូតទាល់តែមានការដោះលែងលោកកឹម សុខា ឲ្យមានសេរីភាព និងមានឪកាសក្នុងការដឹកនាំបក្ស ក្នុងការប្រកួតប្រជែងនយោបាយឡើងវិញក្នុងបព្វហេតុជាតិប្រជាធិបតេយ្យ។
គួររំលឹកថាលោក គឹម សុខ គឺជាអ្នកវិភាគនយោបាយនិងសង្គម លោកត្រូវបានតុលាការឃុំខ្លួន នៅថ្ងៃទី ១៧ កុម្ភៈ ឆ្នា ២០១៧ ក្រោមបទចោទចំនួន ពីរ ពីបទញុះញង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ និងបរិហាកេរ្តិ៍ ជាសាធារណៈ ករណីចោទរាជរដ្ឋាភិបាលកម្ពុជាថា រៀបចំជាប្រព័ន្ធ ក្នុងការសម្លាប់លោក បណ្ឌិត កឺម ឡី។
ទាក់ទងនឹងអះអាងនេះ វិទ្យុសម្លេងយុវជន មិនអាចសុំការអត្ថធិប្បាយ ពីអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានទេ ដោយលោកកំពុងបំពេញបេសកម្ម ចំណែកលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ក៏មិនអាចទាក់ទងបានដែរ ដោយទូរស័ព្ទចូល ពុំមានអ្នកទទួល។ តែកន្លងទៅ លោក សុខ ឥសាន ធ្លាប់បានអះអាងថា បក្សប្រឆាំងជួបបញ្ហា គឺមកពីលោក សម រង្ស៊ី និងលោក កឹម សុខាខ្លួនឯង។ លោកបានបញ្ចាក់ក្នុងបណ្ដាញទំនាក់ទំនងសង្គម លើតេឡេក្រាម កាលពីថ្ងៃទី០៨ ខែតុលា ថា លោក សម រង្សី នៅសុខៗស្រាបតែលាចេញពីតំណែងប្រធានគណបក្សដោយខ្លួនឯង។ ចំណែក លោក កឹម សុខា នៅមិននៅបានលាតត្រដាងគ្មានលាក់លៀម បានទទួលការចាត់តាំងរបស់បរទេសឲ្យប្រព្រឹត្តអំពើក្បត់ជាតិ តាមផែនការយុទ្ធសាស្ត្រ យុទ្ធវិធីដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាល។
គួរបញ្ជាក់ថា កាលពីថ្ងៃទី ៦ ខែតុលា ក្រសួងមហាផ្ទៃសម្រេចដាក់ពាក្យបណ្តឹងទៅតុលាការកំពូល ដើម្បីសុំរំលាយគណបក្សសង្គ្រោះជាតិ យោងទៅលើភស្ដុតាងវីឌីអូឃ្លីបចំនួន៣ និងភស្ដុតាងមួយចំនួនទៀត ដែលក្រសួងចោទថា ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានឃុបឃិតជាមួយបរទេស និងជំរុញឲ្យមានចលនាបដិវត្តន៍ពណ៌ប្រឆាំងរដ្ឋាភិបាល ដោយថា បានជ្រកក្រោមពាក្យស្លោកនយោបាយ ការផ្លាស់ប្ដូរជាវិជ្ជមាន ដើម្បីបំផុសបំផុល ឲ្យប្រជាពលរដ្ឋស្អប់រដ្ឋាភិបាលបច្ចុប្បន្ន។
តែការស្នើសុំរំលាយគណបក្សប្រឆាំងដ៏ធំនេះ លោក សម រង្ស៊ី បានថ្លែងថា អ្នកណាចង់រំលាយគណបក្សសង្គ្រោះជាតិ អ្នកនោះនឹងរលាយខ្លួនឯង»។
យោងតាមច្បាប់រដ្ឋធម្មនុញ្ញកម្ពុជា ត្រង់មាត្រា៧៨ ចែងថា នីតិរបស់រដ្ឋសភាមានកំណត់៥ឆ្នាំ ហើយត្រូវផុតកំណត់នៅពេលដែលរដ្ឋសភាថ្មីស្បថចូលកាន់តំណែង។ រដ្ឋសភាមិនអាចត្រូវបានរំលាយមុនផុតអាណត្តិបានឡើយ វៀរលែងតែក្នុងករណីដែលរាជរដ្ឋាភិបាល ត្រូវបានទម្លាក់ពីរដងក្នុងរយៈពេល១២ខែ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!