Metfone ទទួលពានមាស Stevie Award សម្រាប់ផលិតផលឬសេវាថ្មីល្អដាច់គេ ប្រចាំឆ្នាំ២០១៧
រាជធានីភ្នំពេញ - ក្រុមហ៊ុនសេវាទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា មិត្តហ្វូន (Metfone) កាលពីពេលថ្មីៗនេះ បានទទួលពានរង្វាន់ពិភពលោកសម្រាប់ផលិតផល ឬសេវាថ្មីល្អដាច់គេប្រចាំឆ្នាំ។
ពានរង្វាន់ដែលមានឈ្មោះថា Gold Stevie Award 2017 សម្រាប់ផលិតផល ឬសេវាថ្មីល្អដាច់គេប្រចាំឆ្នាំ ត្រូវបានទទួលជំនួសមុខឲ្យ មិត្តហ្វូន ដោយក្រុមហ៊ុនមេរបស់ខ្លួន គឺ Viettel នៅឯព្រឹត្តិការណ៍ពានរង្វាន់ធុរកិច្ចអន្តរជាតិ-ពានរង្វាន់ Stevie Awards ដែលបានប្រព្រឹត្តទៅនៅទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី២១ ខែតុលា កន្លងទៅនេះ។
ផលិតផលដែលនាំឲ្យ មិត្តហ្វូន ឈ្នះនូវរង្វាន់កិត្តិយសលំដាប់អន្តរជាតិនេះ គឺគម្រោង យូធូប ដោយសេរី ដែលបានដាក់ឲ្យអតិថិជនកម្ពុជាប្រើប្រាស់ កាលពីចុងឆ្នាំ២០១៦។
មន្ត្រីតំណាងក្រុមហ៊ុន មិត្តហ្វូន និយាយថា ពានរង្វាន់នេះនឹងធ្វើឲ្យកេរ្តិ៍ឈ្មោះម៉ាកយីហោ មិត្តហ្វូន កាន់តែល្បីល្បាញថែមទៀត ទាំងនៅថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ។
មន្ត្រីតំណាងក្រុមហ៊ុនដដែល ថ្លែងដូច្នេះថា «ការឈ្នះពានរង្វាន់ដ៏មហាកិត្តិយសនេះ មានអត្ថន័យធំធេងណាស់ចំពោះម៉ាកយីហោ មិត្តហ្វូន នៅកម្ពុជា។ នេះជាការសបញ្ជាក់ឲ្យឃើញថា ផលិតផល/សេវារបស់ មិត្តហ្វូន ត្រូវបានអតិថិជនកម្ពុជាជឿជាក់និងទុកចិត្ត ថាជាផលិតផល/សេវាដែលមានគុណភាពល្អដាច់គេ»។
មន្ត្រីតំណាង មិត្តហ្វូន ថ្លែងបន្ថែមថា «យើងពិតជាមានមោទកភាពណាស់ចំពោះអ្វីដែលយើងសម្រេចបាន។ នេះជាការបោះជំហានទៅមុខដ៏ធំមួយរបស់ មិត្តហ្វូន»។
កាលពីចុងឆ្នាំ២០១៦ ក្រុមហ៊ុន មិត្តហ្វូន បានដាក់ចេញនូវគម្រោង យូធូប ដោយសេរី ដែលមានតម្លៃទាបបំផុត ដល់អតិថិជនរបស់ខ្លួន។
គម្រោងនេះអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចទស្សនាវីដេអូដ៏សម្បូរបែបនៅលើ YouTube ដោយមានគុណភាពរូបច្បាស់កម្រិត HD និងល្បឿនអ៊ិនធឺណិតលឿន ដោយប្រើប្រព័ន្ធ 4G របស់ មិត្តហ្វូន។
មន្ត្រីតំណាង មិត្តហ្វូន ថ្លែងដូច្នេះថា «អ្វីដែលពិសេស គឺថា គម្រោង យូធូប ដោយសេរី នេះ មានតម្លៃធូរថ្លៃបំផុត ដែលស័ក្ដិសមសម្រាប់អ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា។ អ្នកប្រើប្រាស់ចំណាយតែ ១ដុល្លារ ក្នុងមួយសប្ដាហ៍ ឬ ៣ដុល្លារក្នុងមួយខែ ហើយអាចរីករាយនឹងការទស្សនាវីដេអូ លើ YouTube ដោយគ្មានដែនកំណត់»។
មិត្តហ្វូន គឺជាក្រុមហ៊ុនសេវាទូរស័ព្ទចល័តតែមួយគត់ ដែលមានសមត្ថភាពផ្ដល់សេវាបែបនេះ ជាមួយនឹងសេវា 4G គ្របដណ្ដប់ធំជាងគេនៅក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្ន មិត្តហ្វូន បម្រើអតិថិជនប្រមាណ ៩៧% នៃប្រជាជនសរុបរបស់ប្រទេសកម្ពុជា៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!