លោកហ៊ុនសែន ថ្លែងពីពិធីបុណ្យអុំទូកនៅលើហ្វេសប៊ុក
ព្រះរាជបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ ដែលនឹងប្រារព្ធឡើងចាប់ពីថ្ងៃទី០២-០៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ជាឱកាសដ៏វិសេសវិសាលសម្រាប់កូនចៅ យុវជនខ្មែរជំនាន់ក្រោយបានស្គាល់នូវពិធីបុណ្យរបស់ប្រទេសជាតិ ហើយក៏ជាឱកាសឲ្យទេសចរបរទេសបានស្គាល់នូវវប្បធម៌ប្រពៃណី និងទំនៀមទម្លាប់ដ៏ល្អផូរផង់របស់កម្ពុជាផងដែរ។នេះជាប្រសាសន៍របស់ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលថ្លែងនៅលើហ្វេសប៊ុករបស់លោកនៅព្រឹកនេះ។
ក្នុងនាមជានាយករដ្ឋមន្រ្តី លោកក៏បានថ្លែងថា ក្នុងព្រះរាជពិធីបុណ្យអុំ អកអំបុក និងសំពះព្រះខែរយៈពេល៣ថ្ងៃនេះ នឹងមានប្រជាពលរដ្ឋមកពីគ្រប់ទិសទី ជាពិសេសមកពីតាមបណ្តាខេត្ត។ សម្តេចតេជោ ហ៊ុន សែន បានអរគុណដល់ប្រជាពលរដ្ឋទាំងអស់ ដែលបានរួមគ្នាថែរក្សាសន្តិភាព ដើម្បីកម្ពុជាមានឱកាសប្រារព្ធព្រះរាជពិធីបុណ្យអុំទូកដ៏អធិកអធម្មនេះឡើង។
ជាចុងក្រោយ ប្រមុខរាជរដ្ឋាភិបាល ក៏បានជូនពរដល់ប្រជាពលរដ្ឋខ្មែរ ដែលមានដំណើរកម្សាន្តទៅកាន់តំបន់ទេសចរណ៍នានាក្នុងឱកាសប្រារព្ធពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែនេះ បានជួបតែសុខសុវត្ថិភាពតាមផ្លូវគ្រប់ៗគ្នា៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!