សត្វត្រដក់តូចជាង១២០សំបុក ត្រូវបានរកឃើញនៅដែនជម្រកសត្វព្រៃឆែប ក្នុងខេត្ដព្រះវិហារ
សត្វត្រដក់តូចជាង១២០សំបុក ត្រូវបានរកឃើញនៅដែនជម្រកសត្វព្រៃឆែប ក្នុងខេត្ដព្រះវិហារ ខណៈ អង្គការសមាគមអភិរក្សសត្វព្រៃអះអាងថា ប្រភេទសត្វត្រដក់តូចនេះ ជាសត្វងាយរងគ្រោះជាសាកល ហើយត្រូវធានាថាសំបុកពងកូនសត្វស្លាបទាំងនេះ ត្រូវបានការពារពីអ្នកប្រម៉ាញ់ ការប្រមូលយក ពងកូន និងការរំខាន។ ចំរើន
ក្រុមអ្នកស្រាវជ្រាវ នៃក្រសួងបរិស្ថាន ប្រជាសហគមន៍ និងអង្គការសមាគមអភិរក្សសត្វព្រៃ បានរកឃើញសំបុកពងកូនសត្វត្រដក់តូច ដែលជាប្រភេទងាយរងគ្រោះជាសាកល ចំនួន១២១សំបុកនៅក្នុងដែនជម្រកសត្វព្រៃ គូលែន ព្រហ្មទេព និងដែនជម្រកសត្វព្រៃឆែបនៃតំបន់ខ្ពង់រាបភាគខាង ជើងប្រទេសកម្ពុជា សម្រាប់រដូវការពងកូនឆ្នាំនេះ។
យោងតាមសេចក្តីប្រកាសពត៍មានរបស់ អង្គការសមាគមអភិរក្សសត្វព្រៃ ដែលហៅតាត់ថា WCS នៅព្រឹកថ្ងៃទី៣១ខែតុលាឆ្នាំ២០១៧ បានអោយដឹងថា តាមរយៈកម្មវិធីការពារសំបុកសត្វស្លាប អង្គការWCS បានជួលប្រជាសហគមន៍ចំនួន១០ក្រុម ឲ្យយាមសំបុកត្រដក់តូចទាំងអស់នោះ រហូតដល់ពេលកូនវាញាស់ និងហើរចេញពីសំបុក។ កម្មវិធីនេះ ធានាថាសំបុកពងកូនសត្វស្លាប ប្រភេទរងគ្រោះជាសាកលត្រូវបានការពារពីអ្នកប្រម៉ាញ់ ការប្រមូលយក ពងកូន និងការរំខានជាដើម។
លោក រស់ វ៉ាន់ ប្រធានក្រុមស្រាវជ្រាវសត្វព្រៃប្រចាំដែនជម្រកសត្វព្រៃ គូលែន ព្រហ្មទេពនៃក្រសួងបរិស្ថាន និងអង្គការWCS បាននិយាយថា សំបុកត្រដក់តូចចំនួន៦៥មានទីតាំង ក្នុងដែនជម្រកសត្វព្រៃឆែប និង៥៦សំបុកស្ថិតក្នុងដែនជម្រកសត្វព្រៃ គូលែន ព្រហ្មទេព ខេត្តព្រះវិហារ។
លោក រស់ វ៉ាន់ អះអាងថា ក្រុមអ្នកស្រាវជ្រាវ នៅតែបន្តស្វែងរកសំបុកត្រដក់តូច និងកំពុងធ្វើការរួមគ្នាជាមួយសមាជិកសហគមន៍ដើម្បីការពារសំបុក និងទីតាំងពងកូនរបស់ពួកវា។”
ទាក់ទិននឹងបញ្ហានេះ លោក សុង ច័ន្ទសុជាតិ អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ បានបញ្ជាក់ថា សត្វត្រដក់តូច គឺជាប្រភេទសត្វងាយរងគ្រោះជាសាកល។ ការការពារទីជម្រកពងកូនរបស់ពួកវា ពិតជាចាំបាច់ខ្លាំងណាស់ដើម្បី ធានាដល់ការរស់រាននៃប្រភេទសត្វដ៏កម្រមួយនេះ។
យ៉ាងណាលោក សុង ច័ន្ទសុជាតិ បានសង្កត់ធ្ងនថា តំបន់ខ្ពង់រាបភាគ ខាងជើងប្រទេសកម្ពុជាក្នុងខេត្តព្រះវិហារ គឺជាទីជម្រកពងកូនសំខាន់ ជាងគេបង្អស់ទី០២នៅកម្ពុជាបន្ទាប់ពីតំបន់រ៉ាមសារព្រែកទាល់ ខេត្តបាត់ដំបង និងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមការពារសត្វព្រៃនៅកម្ពុជា ដោយបញ្ឈប់ការ បរបាញ់ ការបំពុល ឬបរិភោគសាច់សត្វព្រៃជាដើម។
សូមជម្រាបថា ត្រដក់តូច ចូលចិត្តធ្វើសំបុកពងកូននៅលើដើមឈើខ្ពស់ដែលជាប្រភេទ ព្រៃល្បោះ ព្រៃពាក់កណ្តាលស្រោង និងព្រៃស្រោង ដូច្នោះ តំបន់ខ្ពង់រាបភាគខាងជើងប្រទេសកម្ពុជា ក្នុងខេត្តព្រះវិហារ គឺជាទីជម្រកដ៏សំខាន់បំផុត មួយសម្រាប់ហ្វូងសត្វត្រដក់តូច។
ត្រដក់តូច គឺជាសត្វស្លាបមានមាឌធំ មានកម្ពស់រហូតដល់ ១៣០ សង់ទីម៉ែត្រ ហើយស្លាបរបស់វា ពីម្ខាងទៅម្ខាងទៀតមានប្រវែងជាង២ម៉ែត្រ។ ទោះបីជាចំនួន របស់វានៅលើ សកលលោកត្រូវបានគេប៉ាន់ ប្រមាណថាមានជាង ១០. ០០០ក្បាល ប៉ុន្តែ តួលេខនេះកំពុង តែធ្លាក់ចុះយ៉ាងខ្លាំងនៅតំបន់អាស៊ី។ ដូច្នេះហើយ វាត្រូវបានគេចាត់ជាប្រភេទ ងាយរងគ្រោះជាសកលនៅក្នុង បញ្ជីក្រហមរបស់អង្គការ IUCN ។ ហើយតាមរយៈ កម្មវិធីការពារសំបុកសត្វស្លាបដូចជាសត្វត្រដក់នេះ នឹងអាចធ្វើអោយប្រជាសហគមន៍ ដែលធ្លាប់តែប្រមូលយកពងសត្វមកធ្វើជាចំណីអាហារ ងាកមកថែរក្សា និងការពារសត្វស្លាបទាំងអស់នោះវិញ បានផងដែរ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!