លោកនាយករដ្ឋមន្ត្រី មិនខ្វល់ពីការព្រមានរបស់សហរដ្ឋអាមេរិក ករណីមិនទទួលស្គាល់ការបោះឆ្នោត
ភ្នំពេញ៖ បើទោះជាមានការព្រមានមិនទទួលស្គាល់ពីការបោះឆ្នោត ក្នុងពេលខាងមុខ និងព្រមានរារាំងមន្ត្រីរដ្ឋាភិបាលកម្ពុជាមួយចំនួន មិនឲ្យធ្វើដំណើរចូលទឹកដីអាមេរិកក្តី ក៏លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅតែអះអាងថា កម្ពុជា មិនខ្វល់ពីការទទួលស្គាល់ ឬមិនទទួលស្គាល់របស់បរទេសនោះឡើយ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកនេះ បានប្រកាសថា កម្ពុជា មិនខ្វល់ពីការទទួលស្គាល់ ឬមិនទទួលស្គាល់ ពីការបោះឆ្នោត ក្នុងពេលខាងមុខ របស់បរទេសនោះឡើយ។ ការប្រកាសយ៉ាងដូច្នេះ បន្ទាប់ពី លោក Ted Cruz សមាជិកសភាសហរដ្ឋអាមេរិកថា អាមេរិក នឹងមិនទទួលស្គាល់ការបោះឆ្នោត របស់កម្ពុជា បើមិនលែងមេបក្សប្រឆាំង។
ថ្លែងក្នុង ពិធីសំណេះសំណាល ជាមួយយុវជនអាស៊ាន និងជប៉ុន នៃនាវាយុវជនអាស៊ីអាគ្នេយ៍-ជប៉ុនសរុប ៣៦២នាក់ ជួបសំណេះសំណាលដោយផ្ទាល់នៅវិមានសន្តិភាព ក្នុងពេលពួកគេចូលមកស្នាក់នៅក្នុងប្រទេសកម្ពុជារយៈពេល៤ថ្ងៃ លោកនាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ការទទួលស្គាល ឬមិនទទួលស្គាល់ កម្ពុជា នៅតែដំណើរការការបោះឆ្នោតរបស់ខ្លួន ជាធម្មតា បើទោះជាការបោះឆ្នោត ក្នុងពេលខាងមុខ មិនមានការជួយពីបរទេសក៏ដោយ។ លោកថា បរទេស ពុំមានឥទ្ធពលណាមួយមកលើកម្ពុជានោះទេ ដោយបរទេស អាចមានសិទ្ធិត្រឹមតែធ្វើការសង្គេតការណ៍ក្នុងការបោះឆ្នោតរបស់កម្ពុជាតែប៉ុណ្ណោះ។ ជាមួយគ្នានោះ លោកអះអាងថា កម្ពុជា នៅតែប្តេជ្ញា គោរពលិទ្ធិប្រជាធិបតេយ្យ និងមានការបោះឆ្នោត ជាទៀតទាត់។
ក្រៅពីថ្លែងបែបនេះ លោកនាយករដ្ឋមន្ត្រី ស្នើឲ្យប្រទេស គោរពតាមការសម្រេចចិត្ត របស់ប្រទេសនីមួយៗ និងកុំជ្រៀលជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ខណៈលោក អះអាងថា ការទទួលស្គាល់ ឬមិនទទួលស្គាល់ គឺអាស្រ័យលើច្បាប់ កម្ពុជា ជាពិសេស ពលរដ្ឋកម្ពុជាផ្ទាល់។
ក្រៅពីព្រមានរារាំងមន្ត្រីរដ្ឋាភិបាលកម្ពុជាមួយចំនួន មិនឲ្យធ្វើដំណើរចូលទឹកដីអាមេរិក លោក Ted Cruz សមាជិកព្រឹទ្ធសភាដ៏មានឥទ្ធិពលមួយរូបរបស់សហរដ្ឋអាមេរិក បានប្រកាសថា ប្រសិនបើលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ នៅតែជាប់ឃុំក្នុងពន្ធនាគារ រដ្ឋាភិបាលកម្ពុជា នាអាណត្តិទី៦ ដែលកើតចេញពីការបោះឆ្នោតថ្នាក់ជាតិក្នុងឆ្នាំ២០១៨ នាពេលខាងមុខ អាចនឹងមិនត្រូវបានទទួលស្គាល់ដោយសហរដ្ឋអាមេរិក។ លោក និយាយថា ជាជំហានដំបូង លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រូវតែដោះលែងលោក កឹម សុខា ជាបន្ទាន់។
បន្ថែមពីនេះ លោក ថេត គ្រូស ថែមទាំងទាមទារឲ្យអង្គការផ្នែកប្រជាធិបតេយ្យ បានធ្វើសកម្មភាពដូចមុន ហើយស្ថាប័នព័ត៌មានមួយចំនួន ដែលត្រូវបានបិទកាលពីកន្លងមក អាចបន្តផ្សព្វផ្សាយឡើងវិញ បើពុំដូច្នេះទេ សហរដ្ឋអាមេរិក នឹងលំបាកក្នុងការទទួលស្គាល់លទ្ធផលបោះឆ្នោតនៅកម្ពុជា។
ឆ្លើយតបទៅនឹងការព្រមាននេះ ឯកអគ្គរាជទូតកម្ពុជាប្រចាំរដ្ឋធានីវ៉ាស៊ីនតោន នៅសហរដ្ឋអាមេរិក កាលពីម្សិលមិញ បានចេញសេចក្តីថ្លែងការណ៍មួយជុំវិញការមិនដោះលែង មេបក្សប្រឆាំង នៅថ្ងៃទី ៩ វិច្ឆកា ដោយអះអាងថា ករណីចាប់ខ្លួនមេបក្សប្រឆាំងនៅកម្ពុជា នេះ ក៏មាននៅសហរដ្ឋអាមេរិកដែរ។
លោក ជុំ ប៊ុនរ៉ុង ឯកអគ្គរាជទូតកម្ពុជា ប្រចាំរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក បានសរសេរនៅក្នុងសេចក្តីថ្លែងការរបស់ខ្លួនថា ការចាប់ខ្លួនលោក កឹម សុខា ពីបទក្បត់ជាតិ បានធ្វើឡើងស្របទៅតាមច្បាប់ព្រហ្មទណ្ឌរបស់កម្ពុជា ហើយវិធានការនេះ ដូចគ្នានឹងករណី លោក ផូល ម៉ាណាហ្វត អតីតប្រធានយុទ្ធនាការបោះឆ្នោត របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលថ្មីៗនេះត្រូវជាប់ចោទពីបទឃុបឃិតជាមួយបរទេស ប្រឆាំងនឹងសហរដ្ឋអាមេរិក។
លោក ជុំ ប៊ុនរ៉ុង បានបន្តទៀតថា ការចាប់ខ្លួនលោក កឹម សុខា និងការឈានទៅរកការរំលាយគណបក្សសង្រ្គោះជាតិ នៅពេលខាងមុខ ពុំមានន័យថា ពហុបក្ស និង លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា នឹងត្រូវបញ្ចប់នោះទេ ដោយឡែកចំពោះការបិទប្រព័ន្ធផ្សព្វផ្សាយ និងអង្គការសង្គមស៊ីវិលនោះ គឺត្រូវបានធ្វើឡើង ដោយអនុលោមតាមច្បាប់ស្តីពីប្រព័ន្ធផ្សព្វផ្សាយ ខណៈស្ថានីយ៍ទាំងនោះ បានជួលម៉ោងផ្សាយរបស់ពួកគេ ដោយមិនបានរាយការណ៍ជូន ក្រសួងព័ត៌មាន។
ជាមួយគ្នានេះ អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ក៏ធ្លាប់បានលើកឡើងដែរថា ការបោះឆ្នោត រួមទាំងវាសនាប្រទេសជាតិទាំងមូល គឺត្រូវសម្រេចដោយប្រជាពលរដ្ឋខ្មែរគ្រប់រូប មិនមែនសហរដ្ឋអាមេរិកនោះទេ។ លោក ថា លោក ថេត គ្រូស គ្រាន់តែជាសមាជិកព្រឹទ្ធសភាម្នាក់ប៉ុណ្ណោះ របស់សហរដ្ឋអាមេរិក ដូច្នេះគ្មានឥទ្ធិពលអ្វី មកលើការសម្រេចចិត្តរបស់ប្រទេសកម្ពុជាឡើយ។
សូមបញ្ជាក់ថា មិនមែនតែសហរដ្ឋអាមេរិកប៉ុណ្ណោះទេ កន្លងទៅ សហគមន៍អន្តរជាតិផ្សេងទៀត ក៏បានប្រតិកម្មនឹងការចាប់ខ្លួនលោក កឹម សុខា នេះដែរ។
លោក ហង្ស វិទូ ប្រធានក្រុមអ្នកវិភាគវ័យក្មេង បាននិយាយថា បើទោះបីជាសហរដ្ឋអាមេរិចគ្មានសិទ្ធអំណាច បញ្ជារអោយរដ្ឋាភិបាលកម្ពុជា អនុវត្តតាមការលើកឡើងរបស់ខ្លួនក៍ដោយ ប៉ុន្តែសហរដ្ឋអាមេរិកជាដៃគូរបស់កម្ពុជា ក្នុងការលើកស្ទួយសិទ្ធមនុស្ស និងការអភិវឌ្ឍន៍ស្ទើគ្រប់ផ្នែកនៅប្រទេសកម្ពុជា ដូច្នោះ បញ្ហានសិទ្ធនៅកម្ពុជា មិនចាំបាច់មានការដាក់តឿនពីសហរដ្ឋអាមេរិកនោះទេ តែរដ្ឋាភិបាល ចាំបាច់ត្រូវតែមានការអនុវត្តច្បាប់លើបក្សប្រឆាំងអោយបានត្រឹមត្រូវ ព្រោះការអនុវត្តច្បាប់នាពេលកន្លងមក គឺហាក់មានការរំលោភសិទ្ធមនុស្សខ្លាំង នឹងគួរតែមានការជុំនំជម្រះអោយបានត្រឹមត្រូវតាមច្បាប់។
លោក ហង្ស វិទូ សង្កត់ធ្ងន់ថា «ប្រសិនរដ្ឋាភិបាលកម្ពុជានូវតែបន្តរសកម្មភាព អនុវត្តច្បាប់ដោយរំលោភបំពានទៀតនោះ រដ្ឋាភិបាលកម្ពុជា នឹងអាចប្រឈមការទទួលរងទណ្ឌកម្មពីសហរដ្ឋអាមេរិក ការផ្តាច់ជំនួយផ្សេងៗ រួមនឹងការបែកបាក់ទំនាក់ទំនងការទូតជាមួយអាមេរិក នឹងមិនងាយផ្សះផ្សាយឡើយវិញឡើយ ដែលជាហេតុនាំអោយកម្ពុជា ខាតបង់ប្រយោជន៍ ដូច្នោះអ្នកដែលប៉ះពាល់ខ្លាំង គឹមានតែប្រជាពលរដ្ឋ ប៉ុណ្ណោះ» ។
ដូចនេះ ប្រធានក្រុមអ្នកវិភាគវ័យក្មេងរូបនេះ បារម្ភថា បើមិនមានការដោះលែងមេបក្សប្រឆាំង ហើយថែមទាំងរំលាយគណបក្សប្រឆាំងចោលទៀតនោះ ការបោះឆ្នោតនាពេលខាងមុខ នឹងពុំទទួលបានភាពយុត្តិធម៍ត្រឹមត្រឹមទេ ថែមទាំងមិនមានការទួលស្គាល់ពីសហគមន៍អន្តរជាតិថែមទៀតផង ដូច្នោះលោកបានអំពាវនាវដល់រាជរដ្ឋាភិបាល និងអ្នកនយោបាយទាំងអស់ គួរគិតពិចារណាលើប្រយោជន៍ជាតិជារួម ជាជាងការគិតគូរតែពីផលប្រយោជន៍បក្ស។
សូមជម្រាបថា លោកកឹមសុខា ជាមេបក្សប្រឆាំងដ៍ធំមួយនៅកម្ពុជា ត្រូវបានចាប់ខ្លួនទាំងកណ្តាលអាធ្រាត ដោយរាជរដ្ឋាភិបាលកម្ពុជាអះអាងថា មេបក្សប្រឆាំងរូបនេះ បានឃុបឃិតជាមួយបរទេស ដើម្បីបំផ្លាញរដ្ឋាភិបាលស្របច្បាប់៕
ដោយកញ្ញា ឡុង គីមម៉ារីតា និងលោក ចក់ ចំរើន
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!