នាយករដ្ឋមន្ត្រីខ្មែរនិងរុស្ស៊ីជួបពិភាក្សារនៅក្នុងពិធីអបអរខួបលើកទី៥០ របស់អាស៊ាន ដែលរៀបចំឡើងនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន
ដើម្បីជួយអោយដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦ នាឆ្នាំ២០១៨ខាងមុខនេះ ប្រព្រឹត្តទៅបានល្អ ជាមួយនឹងការគាំទ្រយ៉ាងពេញទំហឹងចំពោះវិធានការ និងចំណាត់ការទាំងឡាយរបស់រាជរដ្ឋាភិបាល ក្នុងការថែរក្សាសន្តិសុខ និងស្ថេរភាពនយោបាយនោះ រដ្ឋាភិបាលនៃប្រទេសរុស្ស៊ីបានសំរេចជួយកម្ពុជា តាមរយៈសំណើរបស់លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងជំនួបពិភាក្សារមួយនៅហ្វីលីពីន។
ជំនួបពិភាក្សារវាងសម្តេចតេជោ ហ៊ុន សែន និងលោក ឌីមេទ្រី មាក់ម៉េដេវ ក៏បានពិភាក្សាផ្តោតជាសំខាន់ ទៅលើការបង្កើនទំហំពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។ នាយករដ្ឋមន្រ្តីកម្ពុជា និងរុស្ស៊ី ក៏បានពិភាក្សាក្នុងការបើកឲ្យមានហោះហើរត្រង់ពីរុស្ស៊ី ទៅខេត្តព្រះសីហនុងផងដែរ។
ស្តីពី ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦ នាឆ្នាំ២០១៨ខាងមុខនេះ លោកនាយករដ្ឋមន្រ្តីរុស្ស៊ី លោក ឌីមេទ្រី ម់ាក់ម៉េដេវ បានថ្លែងថា ក្រៅពីផ្តល់ជំនួយសម្រាប់ការបោះឆ្នោតហើយនោះ លោក ក៏នឹងផ្តល់អ្នកសង្កេតការណ៍មកចូលរួមសង្កេតការណ៍លើការបោះឆ្នោតនៅកម្ពុជាផងដែរ។
នាយករដ្ឋមន្រ្តីរុស្ស៊ី បានថ្លែងថា កម្ពុជា គឺជាមិត្តដ៏ស្និទ្ធស្នាលរបស់រុស្ស៊ី ហើយរុស្ស៊ីក៏គាំទ្រទាំងស្រុង ចំពោះចំណាត់ការទាំងឡាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការថែរក្សានូវស្ថេរភាពនយោបាយ និងសន្តិភាពនៅក្នុងប្រទេស ដោយមិនអនុញ្ញាតឲ្យបរទេសចូលមកជ្រៀងជ្រែកកិច្ចការផ្ទៃក្នុងនោះ។
ក្នុងជំនួបខាងលើនេះ នាយករដ្ឋមន្រ្តីរុស្ស៊ី ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ក្នុងការជួសជុលមន្ទីរពេទ្យរុស្ស៊ីផងដែរ ហើយដំណើរការជួសជុលនឹងចាប់ផ្តើមឡើងនាពេលឆាប់ៗខាងមុខនេះ។
ចំនែកឯលោក ហ៊ុន សែន ក៏បានស្នើដល់នាយករដ្ឋមន្រ្តីរុស្ស៊ី ឲ្យពិចារណាលុបបំណុលដែលកម្ពុជាជំពាក់។ ត្រង់បញ្ហានេះ នាយករដ្ឋមន្រ្តីរុស្ស៊ីបានឆ្លើយតបថា នឹងបង្កើតក្រុមការងារ ដើម្បីសិក្សាទៅលើបញ្ហានេះ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!