មិត្តហ្វូន បង្ហាញសក្ដានុពលរបស់ខ្លួននៅឯព្រឹត្តិការណ៍អាស៊ាន នៅខេត្តសៀមរាប
កាលពីពេលថ្មីៗនេះ ព្រះរាជាណាចក្រកម្ពុជាបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្ត្រីទូរគមនាគមន៍ និងបច្ចេកវិទ្យាព័ត៌មាន អាស៊ាន លើកទី១៧ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលហៅកាត់ថា ASEAN TELMIN 2017 នៅឯខេត្តសៀមរាប។
ពិធីបើកកិច្ចប្រជុំ ASEAN Telmin 2017 ដែលមានរយៈពេល ០៣ថ្ងៃ គិតចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្ដម ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី និងដឹកនាំដោយឯកឧត្ដម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា។
នៅក្នុងព្រឹត្តិការណ៍កិច្ចប្រជុំថ្នាក់តំបន់នេះ ក្រុមហ៊ុន មិត្តហ្វូន ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ធំជាងគេបំផុតនៅកម្ពុជា បានដាក់តាំងបង្ហាញផលិតផលនិងសេវាថ្មីៗបំផុតរបស់ខ្លួន ដល់គណៈប្រតិភូ និងភ្ញៀវកិត្តិយសមកពីក្នុងតំបន់។
យោងតាមមន្ត្រីតំណាងក្រុមហ៊ុន មិត្តហ្វូន ផលិតផលនិងសមិទ្ធផលថ្មីៗបំផុតដែលក្រុមហ៊ុន មិត្តហ្វូន បានដាក់តាំងបង្ហាញនៅក្នុងព្រឹត្តិការណ៍ខាងលើ រួមមាន សេវាផ្ដល់អ៊ិនធើណិតល្បឿនលឿនបំផុត ដោយប្រើប្រាស់
បច្ចេកវិទ្យា 2G, 3G និង 4G និងអង់តែន ១០,០០០ ស្ថានីយ៍ដែលគ្របដណ្ដប់ប្រជាជន ៩៧% នៃប្រជាជនសរុបនៅកម្ពុជា។
មន្ត្រីតំណាងក្រុមហ៊ុនដដែល បានបន្ថែមថា ចាប់តាំងពីឈានជើងចូលទីផ្សារកម្ពុជា ក្រុមហ៊ុន មិត្តហ្វូន បានដំឡើងបណ្ដាញខ្សែកាបអុបទិកប្រមាណ ២៣,០០០គីឡូម៉ែត្រ នៅទូទាំងប្រទេសកម្ពុជា ដែលតភ្ជាប់ទៅប្រទេសថៃ ឡាវ និងវៀតណាម ជាមជ្ឈមណ្ឌលប្រមូលផ្ដុំមួយដើម្បីតភ្ជាប់ជាមួយប្រទេសសិង្ហបុរី និងទីក្រុងហុងកុង។
លើសពីនេះទៀត ក្រុមហ៊ុនក៏ជាសមាជិកនៃបណ្ដាញ អាស៊ី-អាហ្វ្រិក-អឺរ៉ុប 1 (AAE-1) ដែលជាបណ្ដាញខ្សែកាបក្រោមសមុទ្រចម្ងាយ ២៥,០០០គីឡូម៉ែត្រ ដែលតភ្ជាប់តំបន់អាស៊ីអាគ្នេយ៍ជាមួយអឺរ៉ុប។
អ្វីដែលសំខាន់បំផុត គឺនៅឯព្រឹត្តិការណ៍ប្រជុំថ្នាក់តំបន់នៅខេត្តសៀមរាបនោះ ក្រុមហ៊ុន មិត្តហ្វូន ក៏បានបង្ហាញជូនដល់គណៈប្រតិភូ នូវសេវាដ៏ពិសេសរបស់ខ្លួន គឺ Roam Like Home ដែលសេវានេះអនុញ្ញាតឲ្យអតិថិជនមិត្តហ្វូន ប្រើសេវា Roaming នៅប្រទេសឡាវ វៀតណាម និងកម្ពុជា ក្នុងអត្រាទាបដូចអត្រាក្នុងស្រុកដែរ។ ហើយបើតាមមន្ត្រីតំណាងក្រុមហ៊ុនឲ្យដឹងថា Viettel Cambodia ក្រោមស្លាកសញ្ញា មិត្តហ្វូន គឺជាក្រុមហ៊ុនតែមួយគត់ ដែលមានសមត្ថភាពផ្ដល់សេវា Roaming បែបនេះ នៅក្នុងប្រទេសកម្ពុជា និងជាក្រុមហ៊ុនតែមួយគត់ក្នុងចំណោមក្រុមហ៊ុនទូរស័ព្ទឈានមុខគេ ដែលផ្ដល់សេវានេះនៅលើពិភពលោក។
មន្ត្រីតំណាងក្រុមហ៊ុន មិត្តហ្វូន និយាយយ៉ាងដូច្នេះថា ៖ «ចាប់តាំងពីបង្កើតឡើងនៅឆ្នាំ២០០៩មក មិត្តហ្វូន បានរួមចំណែកយ៉ាងច្រើនដល់វិស័យទូរគមនាគមន៍នៅកម្ពុជា។ ក្រុមហ៊ុន មិត្តហ្វូន នាំយកសេវាទូរគមនាគមន៍ដែលមានតម្លៃធូរថ្លៃ និងសមរម្យជាទីបំផុតមកជូនប្រជាជនរាប់លាននាក់»។ «ឥឡូវនេះ ទិន្នន័យសម្រាប់ការប្រើអ៊ិនធើណិតមានតម្លៃទាបខ្លាំងណាស់ បើធៀបនឹងកាលពីមុន។ បច្ចុប្បន្ន អ្នកណាៗក៏អាចប្រើប្រាស់អ៊ិនធើណិតបានដែរ»។
ទន្ទឹមនឹងការប្រតិបត្តិមុខជំនួញនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន មិត្តហ្វូន ក៏បានរួមចំណែកផងដែរ នៅក្នុងកិច្ចអភិវឌ្ឍន៍សង្គមរបស់ប្រទេសនេះ ពោលគឺ មិត្តហ្វូន បានធ្វើសកម្មភាពសង្គមជាច្រើននៅក្នុងវិស័យនានា ដូចជា វេជ្ជសាស្ត្រ អប់រំ កីឡា និងមនុស្សធម៌។ សកម្មភាពសង្គមទាំងនោះ រួមមាន នេះមិនមែនជាសុបិន ការប្រកួតបាល់ទាត់លីកកំពូលកម្ពុជាពានរង្វាន់មិត្តហ្វូន អ៊ិនធើណិតដល់សាលារៀន និងការពិនិត្យនិងព្យាបាលជំងឺប្រជាជនដោយឥតគិតថ្លៃតាមរយៈក្រុមគ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្ដេចតេជោ។
ក្រុមហ៊ុន មិត្តហ្វូន បានចូលក្នុងទីផ្សារទូរស័ព្ទចល័តនៅកម្ពុជា តាំងពីឆ្នាំ២០០៩ មកម្ល៉េះ ហើយបច្ចុប្បន្ន បានក្លាយជាក្រុមហ៊ុនឈានមុខគេ ដែលមានសេវាគ្របដណ្តប់ ៩៧% នៃចំនួនប្រជាជនសរុបរបស់ប្រទេសកម្ពុជា៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!