គជប ចាប់ឆ្នោតកំណត់លេខរៀងគណបក្សនយោបាយ សម្រាប់បោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា
ភ្នំពេញ៖ នៅថ្ងៃទី ចន្ទ ពី ៨ មករានេះ គជប បានរៀបចំពិធីចាប់ឆ្នោតកំណត់លេខរៀងគណបក្សនយោបាយ សម្រាប់ការបោះឆ្នោតជ្រើសតាំសមាជិកសភា នីតិកាលទី៤ ដែលនឹងប្រព្រឹត្តទៅ នៅខែពាក់កណ្តាលក្រោយ ។ នៅក្នុងពីធីចាប់ឆ្នោតកំណត់លេខរៀងនោះ គឺមានគណបក្សចំនួន៤ បានដាកពាក្យចូលរួម ខណៈគណបក្សប្រជាជនកម្ពុជា ទទួលបានលេខរៀង លេខ១ ។ ដោយលោក ចក់ ចំរើន
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឬហៅកាត់ថា គជប នៅព្រឹកថ្ងៃចន្ទនេះ បានរៀបចំពិធីចាប់ឆ្នោតកំណត់លេខរៀងគណបក្សនយោបាយ លើសន្លឹកឆ្នោតសម្រាបការបោះឆ្នោតជ្រើសតាំសមាជិកសភា នីតិកាលទី៤ សំរាប់កំណត់លេខរៀងគណបក្សនយោបាយចំនួន៤ ដែលបានឈរឈ្មោះបោះឆ្នោត ខណៈលទ្ធផលទទួលបានគឺ គណបក្សប្រជាជនកម្ពុជា ទទួលបានលេខរៀង លេខ១ គណបក្សយុវជនកម្ពុជា ទទួលបានលេខរៀងលេខ២ គណបក្សខ្មែររួបរួមជាតិ ទទួលបានលេខរៀងលេខ៣ និងគណបក្សហ្វ៊ុនស៊ីនប៉ិច ទទួលបានលេខរៀង លេខ៤ ។
ថ្លែងក្នុងពិធីនៃការចាប់ឆ្នោតកំណត់លេខរៀងគណបក្សនយោបាយនេះ លោក ស៊ិក ប៊ុនហុក ប្រធានគជប បានអះអាងថា លទ្ធផលនៃការចាប់ឆ្នោត កំណត់លេខរៀងគណបក្សនយោបាយលើសន្លឹកឆ្នោត គឺមានអត្តន័យសំខាន់ខ្លាំង សម្រាប់គណបក្សនយោបាយទាំង៤ ដែលឈរឈ្មោះបោះឆ្នោត នាពេលខាងមុខ។
លោកស៊ិក ប៊ុនហុក បន្តថា ការកំណត់លេខរៀងគណបក្សនយោបាយនីមួយៗ លើសន្លឹកឆ្នោតនឹងជួយបង្កលក្ខណៈងាយស្រួល ដល់គណបក្សនយោបាយពាក់ពន្ធ័ក្នុងការឃោសនាបោះឆ្នោត ការបោះឆ្នោត និងជួយអោយអ្នកបោះឆ្នោត អាចស្គាល់បានច្បាស់នូវលេខរៀងគណបក្សនយោបាយដែលពេញចិត្ត ផងដែរ។
លោក ហ៊ីង រ៉ុង ប្រធាននាយកដ្ឋានប្រតិបត្តិការ និងជាមន្ត្រីនាយកដ្ឋានប្រតិបត្តិបត្តិការ អះអាងថា ការចាប់ឆ្នោតជ្រើសរើសលេខរៀងនេះ ធ្វើឡើងដោយមានក្រដាសសន្លឹក មានទំហំ ពត៍ ប្រភេទ និងឈ្មោះគណបក្សនយោបាយដូចៗគ្នា នឹងត្រូវបានបង្ហាញនៅចំពោះមុខអង្គពិធី ដោយមានការបត់ក្រដាសជាពីរផ្នត់ ហើយសូកបញ្ចូលក្នុងស្រោមសំបុត្រ រួចបិទភ្ជិត មូរក្នុងហិត រួចមានការចាប់យកសំបុត្រជ្រើសលេខរៀង ដោយសម្តេចសង្ឃរាជទាំងពីរអង្គ រួចទើបប្រកាសជាលទ្ធផលផ្លូវការ។
បើតាមរបាយការណ៍ គជប សម្រាបការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨ គឺមានចំនួនអសនៈនៃព្រឹទ្ធសភាសរុប ចំនួន ៦២ អាសនៈ ដោយអាសនៈតាមភូមិនីមួយៗមានដូចជា រាជធានីភ្នំពេញមាន៦អាសនៈ ខេត្តកំពង់ចាម និងកំពង់ចាម និងខេត្តត្បូងឃ្មុំ មាន៨អាសនៈ ខេត្តកណ្តាលមាន៥អាសនៈ ខេត្តបាត់តំបង់ បន្ទាយមានជ័យ សៀបរាប ឧត្តរមានជ័យ និងខេត្តប៉ៃលិន មាន១០អាសនៈ ខេត្តតាកែវ កំពត និងខេត្តកែប មាន៧អាសនៈ ខេត្តព្រៃវែង និងខេត្តស្វាយរៀង មាន៧អាសនៈ ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំ ពោធ៍សាត់ កោះកុង និងខេត្តព្រះសីហនុ មាន៩អាសនៈ ខេត្តកំពង់ធំ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង និងខេត្តមណ្ឌមគិរី មាន៦អាសនៈ។
ជាមួយនឹងការបោះឆ្នោតជ្រើសតាំងក្នុងអាណត្តិនេះ មានតែគណបក្សចំនួន៤ប៉ុណ្ណោះ បានដាក់ពាក្យឈរឈ្មោះបោះឆ្នោត រួមមាន គណបក្សប្រជាជនកម្ពុជា ឈរឈ្មោះ៨ លើ៨បណ្ឌល គណបក្សយុវជនកម្ពុជា ឈរឈ្មោះ ៣លើ៨មណ្ឌល គណបក្សខ្មែររួបរួមជាតិ ឈរឈ្មោះ ៧លើ៨មណ្ឌម និងគណបក្សហ្វ៊ុនស៊ីនប៉ិច ឈរឈ្មោះ៨ លើ៨មណ្ឌល ដោយអវត្តមានទាំងស្រុង គណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ។
គួរសង្កេតឃើញថា ការរៀបចំពិធីនៃការចាប់ឆ្នោតរើសលេខរៀងសម្រាប់គណបក្សនយោបាយពេលនេះ បានធ្វើឡើងដោយគ្មានអង្កការ អន្តរជាតិ និងអង្គការជាតិពាក់ព័ន្ធចូលរួម ដូចសព្វដងនោះឡើយ ខណៈសហភាពអ៊ឺរ៉ុប និងសហរដ្ឋអាមេរិក បានប្រកាសជាផ្លូវការ ក្នុងការផ្តាច់ជំនួយទាំងស្រុង លើការគាំទ្រដំណើរការប្រព្រឹត្តទៅ នៃការបោះឆ្នោតនៅកម្ពុជា បន្ទាប់ពីរដ្ឋាភិបាលកម្ពុជា បានចាប់ឃុំខ្លួន លោក កឹម សុខា អតីតប្រធានបក្សសង្គ្រោះជាតិ និងបានរំលាយបក្សនេះកាល់ពីពាក់កណ្តាល ខែ វិច្ឆិកា ។
លោក សម គន្ធាមី ប្រធានអង្គការ និចហ្វិច យល់ថា ដំណើការប្រព្រឹត្តទៅដោយគ្មានការចូលរួមពីបណ្តារអង្គការអន្តរជាតិពាក់ពន្ធ័ ដូចជាការបាត់បង់ថវិការពីម្ចាស់ជំនួយ ការលែងផ្តល់អ្នកជំនាញដល់គជប និងការបាត់បង់គណបក្សប្រឆាំង បែបនេះ នឹងអាចធ្វើអោយប្រជាពលរដ្ឋជាច្រើន មានការធ្លាក់ទឹកចិត្តលែងទៅចូលរួមបោះឆ្នោត នាពេលខាងមុខ។
ប្រធានអង្គការ និចហ្វិច រូបនេះ ក៍ទទូចដល់រាជរដ្ឋាភិបាល គួរតែមានការរៀបចំបរិយាកាសនយោបាយអោយបានល្អប្រសើឡើងវិញ ដើម្បីអាចអោយប្រជាបលរដ្ឋ ចូលរួមដំណើការបោះឆ្នោតឡើងវិញ ជៀសវាងការបាត់បង់នូវតម្លាភាព និងយុត្តិធម៍ត្រឹមត្រូវ ។
សូមជម្រាបថា ដំណើការប្រព្រឹត្តទៅ នៃការបោះឆ្នោតជ្រើសតាំងតំណាងព្រឹទ្ធសភា ៦២អសនៈ អាណត្តិទី៤ នឹងចាប់ផ្តើមនៅថ្ងៃទី២៥ ខែកុម្ភៈឆ្នាំ២០១៨ ខណៈប្រទេសកម្ពុជា នឹងរៀបចំដំណើរការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រ នៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!