ប្រជាកសិករ ក្នុងភូមិចំនួនពីរ ស្នើឲ្យអាជ្ញាធរខេត្តតាកែវ ជួយស្តារប្រឡាយស្រោចស្រង់ដំណាំ
តាកែវ៖ ប្រជាពលរដ្ឋ ភូមិព្រៃដកពរ និងភូមិព្រៃភ្លងជាង ២០០ នាក់ ផ្តិតមេដាយ ស្នើឲ្យ អភិបាលខេត្តតាកែវ ជួយស្តារប្រឡាយមេសម្រាប់ធ្វើកសិកម្ម ខណៈដែលពួកគាត់ខកខានធ្វើស្រែរយៈពេល២ឆ្នាំមកហើយ ដោយសារតែប្រឡាយដែលជាប្រភពទឹកសម្រាប់ធ្វើស្រែនេះ មានសភាពរាក់ទៅៗ គ្មានទឹកគ្រប់គ្រាន់សម្រាប់ប្រើប្រាស់។ រាយការណ៍បន្តដោយលោក សួស យ៉ាមី
យោងតាមលិខិតស្នើសុំរបស់កសិករជាង ២០០នាក់ ស្ថិតក្នុងភូមិចំនួន២ ក្នុងខេត្តតាកែវ បានស្នើសុំឲ្យអភិបាលខេត្តតាកែវ ជួយស្តារប្រឡាយ មេមួយខ្សែ នៅក្រោយស្ថានីយ៍ បូមទឹកសាមពុត ភូមិព្រៃភ្លង ដែល មានប្រវែង ៣០០ម៉ែត្រ ជម្រៅ ៣ ម៉ែត្រ មាត់លើ១៥ម៉ែត្រ ដោយសារតែប្រឡាយនេះ មានស្ថានភាពរាក់ មិនអាចបូម ទឹក ជូនប្រជាពលរដ្ឋបាន សម្រាប់ធ្វើស្រូវបង្កើនរដូវលើដីស្រែវស្សាបាន។
ប្រជាកសិករម្នាក់ កញ្ញា សែម នីម បានឲ្យវិទ្យុសម្លេងយុវជនដឹងថា ពេលនេះប្រជាជនកំពុងប្រមូលស្នាមមេដៃ និងស្នើទៅស្រុក និងបញ្ជូនបន្តទៅខាងខេត្ត នៅថ្ងៃទី ១៤ ដើម្បីឲ្យអាជ្ងាធរខេត្តជួយដោះស្រាយបញ្ហស្តារប្រឡាយនេះ ខណៈកន្លងមកក៍មានការស្នើពីអាជ្ញាធរភូមិឃុំ ទៅខាងលើ ប៉ុន្តែមិនមានការឆ្លើយតប។
កញ្ញា សែន នីម ក៍បានស្នើឲ្យ អាជ្ញាធរថ្នាក់លើ ជួយស្តារប្រឡយ ក្រោយស្ថានីយ៍ បូមទឹកសាមពុត នៃភូមិព្រៃភ្លងនេះ ព្រោះអាចជួយឲ្យប្រជាពលរដ្ឋអាចធ្វើស្រែបានគ្រប់រដូវ បន្ទាប់ប្រជាពលរដ្ឋ នៅក្នុងភូមិទាំងពីរនេះ ទទួលរងនូវហានិភ័យ មិនអាចធ្វើស្រែចំការរបស់ខ្លួនបាន ក្រោយប្រឡាយ រីងហួត ស្ទើរអស់ទឹក។
ចំណែកលោក ពុក មេភូមិព្រៃភ្លង ក្នុងខេត្តតាកែវ បានបញ្ជាក់ថា ប្រឡាយនេះកសាងយូរឆ្នាំ ណាស់មកហើយ នៅពេលនេះប្រឡាយមានសភាពរាក់ ដែលបណ្តាលអោយប្រជាពលរដ្ឋអាក់ខានធ្វើស្រែរយៈពេលពីរឆ្នាំមកហើយ ដោយមើលឃើញពីការលំបាក ទើបលោក សហការជាមួយប្រជាពលរដ្ឋ ស្នើសុំឲ្យថ្នាក់ខេត្តជួយ បន្ទាប់ពីលោក ធ្លាប់បានស្នើទៅថ្នាក់ស្រុក ម្តងរួចមកហើយ កាលពីពេលកន្លងទៅ ។
វិទ្យុសម្លេងយុវជនមិនអាចទាក់ទងលោក ឡាយ វណ្ណ អភិបាលខេត្តតាកែវ ដើម្បីសុំកិច្ចអន្តរគមន៍ពីបញ្ហានេះ បាននៅឡើយទេ ព្រោះទូរស័ព្ទចូលជាច្រើនដង តែមិនមានអ្នកទទួល។
គួរបញ្ជាក់ថា ការស្នើសុំស្តារប្រឡាយ មេមួយខ្សែ នៅក្រោយស្ថានីយ៍ បូមទឹកសាមពុត ភូមិព្រៃភ្លង ឃុំ សំបូរ ស្រុកទ្រាំង ខេត្តតាកែវ បន្ទាប់ពីប្រឡាយមេដែលជាប្រភពទឺកស្រោចស្រពដំណាំដាំដុះរបស់ប្រជាពលរដ្ឋទាំងពីរភូមិ គឹភូមិភូមិព្រៃដកពរ និងភូមិព្រៃភ្លង មានសភាពរាក់ ដែលធ្វើឲ្យប្រជាពលរដ្ឋអាក់ខាន ធ្វើស្រែចំការរយៈ២ឆ្នាំមកហើយ ។
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!