លោកនាយករដ្ឋមន្ត្រី ប្រកាសចាត់វិធានការក្តៅជាថ្មី លើរថយន្តដឹកជញ្ជូនលើសទំងន់ និងរថយន្តកាត់តខុសបទដ្ឋាន
ភ្នំពេញ៖ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រកាសចាត់វិធានការក្តៅជាថ្មី លើរថយន្ត ដែលដឹកជញ្ជូនលើសទំងន់ នឹងរថយន្តកាត់តខុសបទដ្ឋាន ដែលកំពុងចរាចរណ៍លើដងផ្លូវ ដោយលោក បញ្ជារឲ្យបញ្ឈប់សកម្មភាពនេះជាបន្ទាន់ ដើម្បីជៀសវាងការដាក់ទោសទណ្ឌធ្ងន់ធ្ងរ។ តែអ្នកវិភាគផ្នែកចរាចរណ៍ យល់ថា ជាកំសាយផ្នែកអនុវត្តច្បាប់ ព្រោះទាល់តែមានការប្រកាសពីនាយករដ្ឋមន្តី ទើបមន្ត្រីថ្នាក់ក្រោមអនុវត្តន៍ ហើយការអនុវត្តន៍ធ្វើឡើង ក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ។ រាយការណ៍បន្តដោយ សួស យ៉ាមី
សំឡេង៖
លោក នាយករដ្ឋមន្ត្រីហ៊ុន សែន នៅព្រឹកនេះ បានប្រកាសចាត់វិធានការក្តៅជាថ្មីម្តងទៀត លើរថយន្ត ដែលដឹកជញ្ជូនលើសទំងន់ នឹងរថយន្តកាត់តខុសបទដ្ឋាន ដោយបញ្ចារឲ្យបញ្ឈប់សកម្មភាពរបស់ខ្លួនជាបន្ទាន់ បើអ្នកបើកបររថយន្តទាំងនេះ នៅតែប្រព្រឹត្ត នឹងត្រូវទទួលទោសតាមច្បាប់។
ថ្លែងក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់ស្ពានបេតុងសរសៃដែកប្រវែងសរុប១,១៣១ម៉ែត្រ និងទទឹង ១៣.៥០ ម៉ែត្រ ឆ្លងកាត់ទន្លេមេគង្គ ត្រង់ចំណុចភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ទៅត្រើយខាងកើត ត្រង់ចំណុចភូមិក្តុលលើ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨នេះ លោក នាយករដ្ឋមន្ត្រីហ៊ុន សែន បានបញ្ចារឲ្យអាជ្ញាធរមានសមត្ថកិច្ចទូទាំងប្រទេស ត្រូវអនុវត្តន៍ឲ្យបានម៉ើងម៉ាត់ ក្នុងការចុះបង្រ្កាបរថយន្ត ដែលដឹកជញ្ជូនលើសទំងន់ នឹងរថយន្តកាត់តខុសបទដ្ឋាន ដោយទុករយៈពេលត្រឹមថ្ងៃទី០៩ ខែកុម្ភៈនេះ ប្រសិនបើជាម្ចាស់រថយន្ត ឬអ្នកបើរបររថយន្តល្មើសច្បាប់ទាំងអស់នេះ នៅតែព្រហើន នឹងបន្តសកម្មភាព អាជ្ញាធរត្រូវចាត់វិធារការត់តាមផ្លូវច្បាប់ជាបន្ទាន់។
ជាមួយគ្នានោះ នាយករដ្ឋមន្រ្តី ក៏ព្រមានដែរថា បើបណ្តាខេត្តណា បណ្តែបណ្តាយឲ្យសកម្មភាពទាំងនេះ នៅតែបន្តមានក្នុងខេត្តរបស់ខ្លួន លោក នឹងដកអភិបាលខេត្តនោះចេញភ្លាម ។
វាមិនមែនជារឿងថ្មីនោះទេចំពោះបញ្ហានេះ កន្លងទៅ លោក នាយករដ្ឋមន្ត្រី ក៏ធ្លាប់ថ្លែងបញ្ជារ និងព្រមានធ្ងន់ៗ ចំពោះបញ្ហានេះជាច្រើនដងផងដែរ ដូចជា កាលពីឆ្នាំ២០១៦ និងឆ្នាំ ២០១៧ លោកនាយករដ្ឋមន្ត្រី ហ៊ុន បានសង្កត់ធ្ងន់ថា រថយន្តល្មើសច្បាប់ទាំងអស់នោះ បានធ្វើឲ្យខូចផ្លូវជាតិ ផ្លូវខេត្ត ផ្លូវទាំងអស់ ដែលរដ្ឋាភិបាលបានចំណាយថវិការាប់លានដុល្លា ដែលស្នើរសុំពីដៃគូអភិវឌ្ឍ ដោយមានថវិកាទាំងនោះមានទាំងកម្ចី នឹងជំនួយផង ដូចនេះលោកមិនបណ្ដោយឲ្យឧកញ្ញា អ្នកមាន អ្នកខូចប៉ុន្មានអ្នកជាអ្នកបំផ្លាញនោះទេ។ តែគេសង្កេតឃើញថា ចំពោះការអនុវត្តវិញ គឺហាក់មានសកម្មភាព តែមួយឆាវ ហើយក៏បាត់ទៅវិញ ស្របពេលបទល្មើសទាំងនោះ នៅតែបន្តកើតមានជារៀងរាល់ថ្ងៃ។
លោក គង់ រតនៈ អ្នកវិភាគផ្នែកចរាចរណ៍ បានលើកឡើងថា ការប្រកាសរបស់លោកនាយករដ្ឋមន្ត្រី ហាក់មានប្រសិទ្ធភាពត្រឹមរយៈពេលខ្លី ប៉ុន្តែមួយរយៈពេលក្រោយមក សកម្មភាពចុះបង្រ្តាបក៍មានភាពធ្លាក់ចុះ ដូចនេះលោកយល់ថា រដ្ឋាភិបាល គួរតែមានគោលនយោបាយ ឬយន្តការសម្រាប់មន្ត្រីចរាចរណ៍របស់ខ្លួន ដោយមានទាំងការលើកទឹកចិត្ត និងការដាក់ពិន័យ សម្រាប់ត្រួតពិនិត្យរាល់សកម្មភាពរបស់មន្រ្តីចរាចរណ៍វិញទើបប្រសើរ ជាជាងការបញ្ចារម្តងហើយ ម្តងទៀតរបស់លោកនាយករដ្ឋមន្ត្រី។
អ្នកវិភាគផ្នែកចរាចរណ៍រូបនេះ ក៏ស្នើឲ្យគ្រប់ភាគីទាំងខាងរដ្ឋភិបាល នឹងប្រជាពលរដ្ឋ គួរតែចូលរួមសហការគ្នាក្នុងការគិតគូរពីសុវត្ថិភាព នឹងការគោរពច្បាប់ទាំងអស់គ្នា។
គួរបញ្ជាក់ថា នៅឆ្នាំ២០១៧ លេខាធិការដ្ឋាននៃក្រសួងសាធារណការ និងដឹកជញ្ជូន បានបើកយុទ្ធនាការចុះបង្ក្រាបរថយន្តដឹកលើសទម្ងន់កំណត់ចំនួន ៩២៣,៦៥៨គ្រឿង ក្នុងនោះ រថយន្ដចំនួន ២,៩៥៣គ្រឿង ត្រូវបានផាកពិន័យ ដោយទទួលបានប្រាក់ចំនួន ៥,៧៧៨,៨២០,២០០រៀល ដែលស្មើនឹងប្រមាណ ១,៤២៣,២១០លានដុល្លារ។ បើតាមរបាយការណ៍បូកសរុបលទ្ធផលការងារ ឆ្នាំ២០១៧ ពីក្រសួងសាធារណការ និងដឹកជញ្ជូន បានត្រួតពិនិត្យលក្ខណៈបច្ចេកទេសសរុបចំនួន ២៣,៦៧៨គ្រឿង ក្នុងចំនួននេះ កាត់ទ្រុងបានចំនួន ១,២១៥គ្រឿង បានត្រួតពិនិត្យយានដ្ឋានជួសជុលសរុបចំនួន ៣,០៦៩កន្លែង ក្នុងចំនួននេះ មិនមានច្បាប់អនុញ្ញាតចំនួន ១,២៥០កន្លែង ហើយនិងយានដ្ឋានកែច្នៃ និងដំឡើងសរុបចំនួន ១៧៧កន្លែង ក្នុងចំនួននេះមិនមានច្បាប់អនុញ្ញាតចំនួន ៤៨កន្លែង៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!