រដ្ឋមន្រ្តីក្រសួងមហាផ្ទៃក្រិកបានព្រមានមិនសងលុយIMF
ATHENS,25, May: រដ្ឋមន្រ្តីក្រសួងមហាផ្ទៃរបស់ប្រទេសក្រិច លោក Nikos Voutsis បានចេញការព្រមានថ្មីមួយកាលពីថ្ងៃអាទិត្យថា ប្រទេសក្រិកនឹងមិនសងរំលស់ប្រាក់កម្ចីទៅឱ្យមូលនិធិរូបិយវត្ថុអន្តរជាតិIMFសម្រាប់បំណុលខែមិថុនានោះទេ ខណៈពេលដែលរដ្ឋមន្រ្តីក្រសួងថាមពល Panagiotis Lafazanis បានសញ្ជឹងគិតជាសាធារណៈអំពីគុណសម្បត្តិនិងគុណវិបត្តិចំពោះការដកប្រទេសក្រិចចេញពីតំបន់ចាយប្រាក់អឺរ៉ូនៅក្នុងអំឡុងកិច្ចប្រជុំរបស់គណបក្សកាន់អំណាច។
កិច្ចប្រជុំកំពូលសហភាពអឺរ៉ុបចុងក្រោយបំផុតនៅរីហ្គាកាលពីថ្ងៃសុក្រសប្តាហ៍មុននេះមានការពិភាក្សាគ្នាជាមួយមេដឹកនាំបណ្តាប្រទេសនៅអឺរ៉ុបនៅលើលក្ខខណ្ឌនៃកិច្ចព្រមព្រៀងថ្មីមួយដើម្បីដោះស្រាយវិបត្តិបំណុលនៅក្រិកនេះ ក្នុងនោះលោក Alexis Tsipras នាយករដ្ឋមន្រ្តីបានប្រឈមមុខនឹងសម្ពាធយ៉ាងខ្លាំងនៅចុងសប្តាហ៍នេះពីពួកជ្រុលនិយមរបស់គណបក្សរ៉ាឌីកាល់ខាងឆ្វេង Syriza ដែលជាអ្នកប្រឆាំងនឹង សម្បទានបន្ថែមទៀតទៅម្ចាស់បំណុលរបស់ប្រទេសក្រិកក្នុងការវិលត្រឡប់មកវិញសម្រាប់ការផ្តល់មូលនិធិដ៏ធំមួយបន្ថែមទៀតដើម្បីឲ្យប្រទេសនេះមានសេដ្ឋកិច្ចងើបឡើងវិញនៅតំបន់ចាយប្រាក់អឺរ៉ូ។
លោករដ្ឋមន្រី្តក្រសួងមហាផ្ទៃ Voutsis បានឱ្យដឹងក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ក្នុងស្រុក ថា ប្រាក់ដែលត្រូវសងទៅឲ្យស្ថានប័ន IMF នៅខែមិថុនានេះគឺជាបំណុលចាប់ផ្តើមពីថ្ងៃទី 5 ខែមិថុនាដល់ថ្ងៃទី 19 ខែមិថុនាមានចំនួនទឹកប្រាក់ 1,6 ពាន់លានអឺរ៉ូ។ ហើយប្រទេសខ្លួនមិនមានលុយសម្រាប់បង់ឲ្យIMFនោះទេ។
មានការថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍ស្រដៀងគ្នានេះដែរ ដែលបានធ្វើឡើងដោយរដ្ឋមន្ត្រី ផ្សេងទៀតនៅប៉ុន្មានថ្ងៃចុងក្រោយនេះ ដែលបាននិយាយថា បន្ទាប់ពីបានជួបការលំបាកជាចំហក្នុងការបំពេញកាតព្វកិច្ចហិរញ្ញវត្ថុរបស់ខ្លួនសងប្រាក់ទៅឱ្យមូលនិធិរូបិយវត្ថុអន្តរជាតិ IMF រួមទាំងការចំណាយប្រាក់បៀវត្សរ៍និងប្រាក់សោធននិវត្តន៍សម្រាប់និទាឃរដូវនេះទៀត គឺដោយសារតែប្រទេសនេះមិនមានជំនួយអន្តរជាតិចាប់តាំងពីរដូវក្តៅឆ្នាំមុនមកម្លេះ ដូចនេះទីក្រុងអាតែនមិនអាចធ្វើការចាត់ចែងរឿងទាំងនេះបានទេ បើគ្មានជំនួយបន្ទាន់បរទេសនោះ។
លោក Voutsis បង្ហាញនូវភាពសុទិដ្ឋិនិយមថា "ការសម្របសម្រួលដែលមានផលប្រយោជន៍ទៅវិញទៅមក" គឺទាក់ទងនឹងពេលវេលានៃការផ្តល់ប្រាក់កម្ចី លោកថាការចាកចេញជាបន្តបន្ទាប់ពីតំបន់ ចាយប្រាក់អឺរ៉ូរបស់រូបិយប័ណ្ណក្រិចគឺជារឿងធម្មតាទេនៅអឺរ៉ុបនេះ៕
ដោយ: ម៉ែន ឥទ្ឋិពល
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!