សេវាពិនិត្យនិងព្យាបាលជម្ងឺដោយឥតគិតថ្លៃពីក្រុមគ្រូពេទ្យ TYDA និងមិត្តហ្វូនបានទៅដល់ខេត្តកំពង់ចាម
កំពង់ចាម៖នៅថ្ងៃសៅរ៍ ទី១៦ ខែមិថុនា ឆ្នាំ២០១៨ ថ្មីៗនេះប្រជាជនចាស់ក្មេងនៅតំបន់ដាច់ស្រយាលមួយនៃខេត្តកំពង់ចាមសរុបប្រមាណ ៤០០០នាក់បានមកទទួលសេវាពិនិត្យនិងព្យាបាលជម្ងឺដោយឥតគិតថ្លៃពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ «TYDA» សហការជាមួយនឹងក្រុមហ៊ុនមិត្តហ្វូនដែលបានរៀបចំឡើងនៅបរិវេណវិទ្យាល័យ វង្ស តឹក ដែលស្ថិតនៅក្នុងភូមិខ្នារ ឃុំខ្នាសរ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
នៅក្នុងសកម្មភាពដ៏ថ្លៃថ្លាដើម្បីគាំទ្រអំពើមនុស្សធម៌របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ដ TYDA យ៉ាងសស្រាក់សស្រាំ ក្រុមការងារមិត្ដហ្វូនទាំងអស់បានបំពេញភារកិច្ចដោយយកចិត្ដទុកដាក់ខ្ពស់ព្រោះប្រាថ្នាជួយលើកស្ទួយសុខុមាលភាព និងយល់អំពីទុក្ខធុរៈរបស់ប្រជាពលរដ្ឋនៅតាមតំបន់ដាច់ស្រយាល ក៏ដូចជាអតិថិជនមិត្ដហ្វូនទូទាំងប្រទេស។
យោងតាមរបាយការណ៍ពីក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តTYDA ដ៏សកម្មមួយនេះបានរាយការណ៍ថា មានប្រជាពលរដ្ឋសរុបទាំងអស់ចំនួន ៤២០៤នាក់ ដែលបានទទួលពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃពីក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ។
អុំស្រីហេនអាយុ៦៥ឆ្នាំបានមានប្រសាសន៍ថា៖ ពួកខ្ញុំសប្បាយរីករាយណាស់ដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្ត TYDA និង ក្រុមហ៊ុនមិត្តហ្វូនបានចុះមកផ្តល់សេវាពិនិត្យសុខភាពជូនលោកតា លោកយាយ ចាស់ក្មេងទាំងអស់ដែលនៅភូមិនេះ។ ពួកខ្ញុំមានអារម្មណ៍ថាកក់ក្តៅណាស់ដែលបានទទូលថ្នាំសង្កូវព្រមទាំងការព្យាបាលប្រកបដោយការយកចិត្តទុកដាក់ដោយគ្មានគិតកម្រៃ។
TYDA គឺជាសមាគមគ្រូពេទ្យស្ម័គ្រចិត្តមួយដែលតែងតែផ្តល់នូវសេវាថែទាំ ពិនិត្យ និងព្យាបាលសុខភាពជូនប្រជាពលរដ្ឋនៅក្នុងតំបន់ដាច់ស្រយាលទូទាំងប្រទេសដោយឥតគិតថ្លៃ។ ជារៀងរាល់ខែក្រុមហ៊ុនមិត្តហ្វូន បានសហការជាមួយនឹងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ «TYDA» តែងតែមានបេសកកម្មទៅតាមតំបន់នីមួយៗ ក្នុងឆន្ទៈផ្តល់នូវសេវាសុខាភិបាលដោយឥតគិតជូនប្រជាពលរដ្ឋដោយគ្មានការរួញរាជានិច្ចដរាប។
ក្រុមហ៊ុនមិត្តហ្វូនជាប្រតិបត្តិការទូរគមនាគមន៍ដ៏ធំជាងគេក្នុងការគាំទ្រសកម្មភាពមនុស្សធម៍នេះតាំងពីដើមរៀងមក ហើយក្រុមហ៊ុននឹងបន្តបេជ្ញាក្នុងការចូលរួមកម្មវិធីមនុស្សធម៍ផ្សេងៗជាច្រើនទៀតផងដែរ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!