មិត្តហ្វូន ជាក្រុមហ៊ុនទូរស័ព្ទតែមួយគត់ដែលមានសេវាគ្របដណ្តប់នៅតំបន់ផ្លូវទូក ខេត្តកំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង -- ផ្លូវទូកគឺជាតំបន់ដាច់ស្រយាលស្របតាមដងទន្លេមួយក្នុងខេត្តកំពង់ឆ្នាំង និងជាតំបន់ខ្សត់ខ្សោយនូវហេដ្ឋារចនា សម្ព័ន្ធ នានាជាច្រើនដូចជា បណ្តាញផ្លូវថ្នល់ អគ្គិសនី មណ្ឌលសុខភាព ព្រមទាំងសេវាទូរស័ព្ទក៏ពុំអាចផ្គត់ផ្គង់បាន តែឥឡូវនេះតំបន់នេះទាំងមូលត្រូវបានតភ្ជាប់ជាមួយនឹងផ្នែកផ្សេងទៀតនៃប្រទេសកម្ពុជា និងពិភពលោកជាមួយនឹងបណ្ដាញសេវាទូរស័ព្ទដែលឈានមុខគេ។
ក្រុមហ៊ុនបណ្ដាញទូរស័ព្ទចល័តធំជាងគេនៅកម្ពុជា មិត្តហ្វូន (Metfone) ទើបតែបានដំឡើងបង្គោល
អង់តែនទូរស័ព្ទរបស់ខ្លួននៅក្នុងតំបន់ផ្លូវទូកនេះដែលមានទីតាំងនៅភូមិថ្នល់ឈើទាល ឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំងដែលស្ថិតនៅចម្ងាយប្រហែល ៣៥គីឡូម៉ែត្រពីទីប្រជុំជនធំនៃខេត្តកំពង់ឆ្នាំង។
ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់បង្គោលអង់តែនទូរស័ព្ទកាលពីថ្ងៃទី១៨ ខែកក្កដា ឯកឧត្ដម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ និងទូរគមនាគមន៍ មានប្រសាសន៍ថា មិត្តហ្វូន គឺជាក្រុមហ៊ុនមុនដំបូងគេ ដែលស្ម័គ្រចិត្តចូលមកតំបន់ដាច់ស្រយ៉ាលនេះ ខណៈដែលក្រុមហ៊ុនផ្សេងទៀតមិនចង់មក ព្រោះតែតំបន់នេះដាច់ស្រយាលពេកនិងពិបាកក្នុងការសាងសង់ស្ថានីយ៍ផ្សាយសេវា។
ឯកឧត្ដមរដ្ឋមន្ត្រីមានប្រសាសន៍បន្ថែមទៀតថា មិត្តហ្វូនបានបើកអាជីវកម្មនៅក្នុងប្រទេសកម្ពុជាមានរយៈពេលជិតដប់ឆ្នាំហើយ ហើយក្រុមហ៊ុនបានរួមចំណែកដល់ការអភិវឌ្ឍយ៉ាងច្រើន នៅក្នុងប្រទេសកម្ពុជា ជាពិសេស ការផ្ដល់សេវាទូរគមនាគមន៍ដល់ប្រជាជន មិនថាទីប្រជុំជន ឬទីជនបទដាច់ស្រយាលឡើយ តួយ៉ាងដូចជា តំបន់លិចទឹកនៅទីនេះផ្ទាល់។
ឥឡូវនេះ បន្ទាប់ពីការដាក់ឲ្យប្រើប្រាស់អង់តែនសេវារបស់មិត្តហ្វូន ប្រជាជននៅក្នុងសហគមន៍នេះប្រមាណពីរភូមិ ក្នុងឃុំផ្លូវទូក នៃស្រុកកំពង់លែង អាចប្រើប្រាស់សេវាទូរស័ព្ទ និងអ៊ិនធឺណិត បានដូចប្រជាជនដទៃទៀត នៅទូទាំងប្រទេសផងដែរ។
អ្នកស្រី ម៉ារី ពលរដ្ឋរស់នៅក្នុងសហគមន៍នេះ បាននិយាយថា អ្នកស្រីសប្បាយចិត្តដែលបានក្រុមហ៊ុន មិត្តហ្វូន មកដំឡើងប្រព័ន្ធផ្ដល់សេវាទូរស័ព្ទនៅតំបន់ដាច់ស្រយាលមួយនេះ។
អ្នកស្រីបន្តថា «កាលពីមុន ពេលត្រូវការប្រើទូរស័ព្ទពិតជាពិបាកណាស់ សេវាខ្សោយហើយតេដាច់ៗ។ ពេលខ្លះខ្ញុំត្រូវឆ្លងទូកមកត្រើយម្ខាងទៀតនៃទន្លេដើម្បីរកសេវាប៉ុន្តែឥឡូវនេះ ខ្ញុំរីករាយដែលខាងក្រុមហ៊ុនមិត្តហ្វូន បានមកដំឡើងអង់តែននៅទីនេះ ដែលធ្វើឲ្យខ្ញុំមានភាពងាយស្រួលយ៉ាងខ្លាំង ព្រមទាំងអាចស្គាល់ពិភពលោកកាន់តែច្បាស់ថែមទៀត»។
អគ្គនាយករងក្រុមហ៊ុន មិត្តហ្វូន លោក ញ៉ុង ឌិនថន មានប្រសាសន៍ថា ជានិច្ចកាល ក្រុមហ៊ុនតែងតែប្ដេជ្ញាចិត្តពង្រីកសេវាទៅកាន់គ្រប់ទិសទីនៅទូទាំងប្រទេសកម្ពុជា ទោះទៅដល់ទីដាច់ស្រយាលចុងកាត់មាត់ញកយ៉ាងណាក៏ដោយ។
លោក ញ៉ុង ឌិនថន មានប្រសាសន៍យ៉ាងដូច្នេះ «ទោះក្នុងកាលៈទេសៈណាក៏ដោយ មិត្តហ្វូន តែងតែខិតខំនាំយកសេវារបស់ខ្លួន ទៅជូនប្រជាជននៅទូទាំងប្រទេសកម្ពុជា ទោះពួកគេនៅដល់តំបន់ដាច់ស្រយាលមាត់ញកយ៉ាងណាក៏ដោយ។ ជាក់ស្តែងតំបន់នេះជាឧទាហរណ៍ ក្រុមការងារពិតជាមានភាពលំបាកខ្លាំងក្នុងការសាង់សង់ស្ថានីយ៍ ត្បិតអីទីនេះមិនមែនជាតំបន់ផ្លូវគោករាល់ការដឹកជញ្ជូនឧបករណ៍ដាច់ខាតមានតែផ្លូវទឹក ប៉ុន្តែឥឡូវយើងមោទនភាពដែលបានសម្រេចជាស្ថាពរនៅថ្ងៃនេះ ហើយប្រជាពលរដ្ឋទាំងអស់នៅទីនេះនឹងអាចរីករាយជាមួយសេវារបស់មិត្តហ្វូនកាន់តែងាយស្រួល »។
«ក្រុមហ៊ុនមិត្តហ្វូន ជានិច្ចកាល ប្ដេជ្ញានាំមកនូវការអភិវឌ្ឍដល់ប្រជាជនកម្ពុជាគ្រប់រូប ជាពិសេសសេវាទូរស័ព្ទចល័ត ដោយប្រើបច្ចេកវិទ្យាមានគុណភាពខ្ពស់បំផុតនិងទំនើបបំផុត ដែលគ្របដណ្ដប់ទូទាំងប្រទេស» លោកញ៉ុង ឌិនថន បានបន្ថែម។
ជាមួយនឹងសេវាទូរគមនាគមន៍របស់មិត្តហ្វូន មកដល់ទីនេះ គេរំពឹងថានឹងផ្តល់នូវការផ្លាស់ប្តូរបរិយាកាសរស់នៅរបស់ប្រជាជនក្នុងសហគមន៍ ជាមួយនឹងបទពិសោធន៍នៃការប្រើប្រាស់សេវាទូរស័ព្ទដ៏ងាយស្រួល និងទៅមុខបានកាន់តែលឿនរហ័ស។
ក្រុមហ៊ុន មិត្តហ្វូន បានចូលក្នុងទីផ្សារទូរស័ព្ទចល័តនៅកម្ពុជា តាំងពីឆ្នាំ២០០៩ មកម្ល៉េះ ហើយបច្ចុប្បន្ន បានក្លាយជាក្រុមហ៊ុនឈានមុខគេ ដែលមានសេវាគ្របដណ្តប់ ៩៧% នៃចំនួនប្រជាជនសរុបរបស់ប្រទេសកម្ពុជា៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!