សង្គមស៊ីវិល និងអ្នកច្បាប់ មើលឃើញថាក្រសួងពាក់ព័ន្ធ បង្ហាញពីកម្សោយផ្នែកផ្លូវច្បាប់ ក្នុងការដាក់ទោសទណ្ឌទៅលើក្រុមហ៊ុនលុបឆ្នេរព្រែកត្រែង បង្ហាញពីការអនុវត្តច្បាប់មានស្តង់ដារពីរ
សង្គមស៊ីវិល អ្នកវិភាគ និងអ្នកច្បាប់ មើលឃើញពីកម្សោយផ្នែកផ្លូវច្បាប់របស់រដ្ឋាភិបាល ទាក់ទិននឹងការដាក់ទោស ឬអនុវត្តច្បាប់ភូមិបាល ទៅលើក្រុមហ៊ុន ដែលរំលោភបំពានចាក់ដីលុបឆ្នេរព្រែកត្រែង ត្រឹមតែបញ្ជារអោយកាយដីចេញ ដោយមិនមានដាក់ទោសទណ្ឌអ្វីផ្សេង។ អ្នកទាំងនោះថា ការអនុវត្តច្បាប់នៅកម្ពុជា ហាក់មានស្តង់ដាពីរ អ្នកក្រមានជំលោះដីធ្លីជាមួយអ្នកមានអំណាច ត្រូវជាប់គុក តែអ្នកមាន រំលោភដីរដ្ឋ បែរជាមិនទទួលរងនូវទោសទណ្ឌអ្វីទាំងអស់។
បន្ទាប់ពីរដ្ឋាភិបាល ដែលមានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជារអោយក្រសួងរៀបចំដែនដី នគររូបនីយកម្មនិងសំណង់ និងមន្រ្តីពាក់ព័ន្ធចុះចាត់ការទៅលើក្រុមហ៊ុនចាក់ដីបំពេញយកដីឆ្នេរដែលជារបស់រដ្ឋ យកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន តាមសមត្ថកិច្ចអោយដឹងថាជា ក្រុមហ៊ុន របស់លោកស្រីជឹង សុភាព ហៅយាយភូ រួចមក រដ្ឋាភិបាលបានត្រឹមតែតម្រូវអោយក្រុមហ៊ុនកាយដីចេញវិញនោះ ការអនុវត្តបែបនេះ ក៏មានពាក្យមន្ទិលជាច្រើនពីសំណាក់ប្រជាពលរដ្ឋ អ្នកវិភាគ អ្នកច្បាប់ និងសង្គមស៊ីវិលចំពោះចំណាត់ការដ៏ស្រាលរបស់រដ្ឋាភិបាលបែបនេះទៅលើក្រុមហ៊ុនមួយនោះ។
សូមស្តាប់ព័ត៌មានពិស្តារ៖
លោក សុក សំអឿន អ្នកជំនាញផ្នែកច្បាប់ និងជាប្រធានសម្របសម្រួលសម្ព័ន្ធអង្គការដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គម បានអោយវិទ្យុសំឡេងយុវជន វិអូវ៉ាយ ដឹងនៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០១៨នេះថា ការរំលោភដីសាធារណៈណាមួយដែលបុគ្គលនោះដឹងហើយ ហើយនៅតែបំពានរំលោភទៀតនោះ គឺខុសច្បាប់ និងមានទោសព្រហ្មទណ្ឌ ហើយអ្នកច្បាប់ទៀតសោត បើមិនចាត់វិធានការទៅលើអ្នកដែលរំលោភដីរដ្ឋទេនោះ គឺបង្ហាញពីកម្សោយរបស់អ្នកច្បាប់ និងក្នុងការអនុវត្តច្បាប់នៅកម្ពុជា។
ប្រសិនជាមានភ័ស្តុតាងបញ្ជាក់ថាសាមីខ្លួនដឹងថាជាដីសាធារណៈ របស់រដ្ឋហើយនៅតែបំពានទៀតអាហ្នឹងគឺខុសច្បាប់ហើយ ហើយតាមច្បាប់វាត្រូវតែ ទី១ ជួសជុលអោយគេដូចដើមឡើងវិញ ទី២ អាចប្រឈមមុខនឹងទោសព្រហ្មទណ្ឌ ប្រសិនជាក្នុងករណីបែបនឹងវាបង្ហាញពីការអនុវត្តច្បាប់របស់យើងខ្សោយបើវាអត់មានរឿងក្ដីទៅតុលាការទេមានន័យថាមន្ត្រីអនុវត្តច្បាប់វាខ្សោយ បើទៅតុលាការហើយរួចខ្លួនមានន័យថា អាហ្នឹងពាក់ព័ន្ធនឹងអ្នកអនុវត្តច្បាប់ដូចគ្នាហ្នឹង។ អ្នកជំនាញផ្នែកច្បាប់ មេធាវី សុក សំអឿន
ដោយឡែក លោកសន ជ័យ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា បានប្រាប់វិទ្យុសំឡេងយុវជនដឹងដែរថា ចំណាត់ការរបស់រដ្ឋាភិបាលទៅលើក្រុមហ៊ុនដែលរំលោភលើដីរដ្ឋ ជាពិសេសដីឆ្នេរព្រែកត្រែងនេះ ដោយត្រឹមតែអោយកាយដីវិញ គឺហាក់មិនមែនជាការអនុវត្តច្បាប់នោះទេ។ លោកបានលើកឡើងថា ការអនុវត្តច្បាប់នៅកម្ពុជា ហាក់មានស្តង់ដារពីរ ចំពោះអ្នកក្រ និងចំពោះអ្នកមាន ឬមានអ្នកមានអំណាចនៅពីក្រោយ ជាក់ស្តែងអ្នកក្រតែងតែជាប់គុក តែអ្នកមានអំណាចតែងតែរួចខ្លួនឬរងពិន័យបន្តិចបន្តួច។
ខ្ញុំមិនយល់ថាជាការអនុវត្តច្បាប់ទេទាំងអស់នេះ វាគ្រាន់ជាការសម្រួលមានវិធានការរដ្ឋបាលតិចតួច គេយកដីទៅលុបឆ្នេរហើយគេអោយកាយឡើងវិញចឹងជាវិធានការច្បាប់មិនមែនចឹងទេអាចមានវិធានការប្ដឹងទៅតុលាការអំពីបទល្មើសដែលមានភាពជាក់លាក់ជាពិសេសការរំលោភដីឆ្នេរជាដើមនឹង ចឹងនេះជាទំរង់មួយដែលអនុវត្តបែបគេហៅថាយកល្អមើលដែលចែងក្នុងច្បាប់ភូមិបាលគឺវាមានលក្ខណសម្បត្តិគ្រប់គ្រាន់លើនិតិវិធីតាំងឡាយដែលរំលោភបំពានទៅលើដីឆ្នេរ។
សម្រាប់លោក មាស នីង អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម បានលើកឡើងដែរថា ការអនុវត្តច្បាប់នៅកម្ពុជា នៅគឺមានស្តង់ដារពីរជាយូរមកហើយ លោកថា ចំពោះចំណាត់ការរបស់រដ្ឋាភិបាល លើក្រុមហ៊ុនរំលោភដីឆ្នេរនៅខេត្តព្រះសីហនុ គឺបង្ហាញពីកម្សោយផ្នែកច្បាប់ និងកាន់តែធ្វើអោយប្រព័ន្ធយុត្តិធម៌នៅកម្ពុជា កាន់តែលែងមានប្រសិទ្ធភាព ។ ក្នុងបទពិសោធក្នុងនាមយើងជាខ្មែរហើយខ្ញុំក៏ជាពលរដ្ឋខ្មែរម្នាក់ដែរវាគ្មានអ្វីដែលធ្វើអោយយើងភ្ញាក់ផ្អើលហា៎ យើងដឹងថាវានឹងមានអ្វីកើតឡើងដោយសារតែពឹងផ្អែកទៅលើស្ដង់ដារ២នៃការអនុវត្តប្រព័ន្ធយុត្តិធម៌និងប្រព័ន្ធតុលាការឬការអនុវត្តច្បាប់របស់យើងសម្រាប់បុគ្គលដែលលុបបឹង លុបដីក្នុងសមុទ្រគ្រាន់តែយើងលឺភ្លាមនោះ យើងទស្សន៍ទាយរួចស្រាចហើយថាវាពិតមិនអាចធ្វើអ្វីគេបាន យើងដឹងថាមានអ្នកជំនួញ ឬ ក៏ឧកញ៉ាទាំងអស់នឹងមានខ្នងមកពីខាងណាខ្លះ អានេះវាគ្រាន់តែអោយយើងបន្តសំគាល់តទៅទៀតនេះជាសញ្ញានៃការប្រើស្ដង់ដារ២របស់តុលាការឬច្បាប់នៅស្រុកយើងអ្នកណាដែលមានអំណាចក៏ចេះតែឈ្នះទៅ រីឯអ្នកដែលអត់អំណាច ឬក៏ទន់ខ្សោយគឺរឿងតិចតួចបង្កទៅជាធំ អ្នកមានអំណាចរឿងធំគេអាចបន្ថយអោយនៅតូចប៉ុនសំបកលៀសបាន។
ទាក់ទិននឹងការដាក់ទោសទណ្ឌ ផ្សែងៗទៀតក្រៅតែពីការតម្រូវអោយក្រុមហ៊ុនកាយដីចេញពីដីឆ្នេររដ្ឋនេះ វិទ្យុសំឡេងយុវជន មិនអាចសុំការឆ្លើយតបពីលោក សេង ឡូតអ្នកនាំពាក្យក្រសួងដែនដី នគររូបនីយកម្ម និងសំណង់បាននោះទេនៅថ្ងៃនេះ ដោយសារតែលោកជាប់ដាក់បិណ្ឌ។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី១៨កញ្ញាថា លោក ហ៊ុន សែន បានចេញបញ្ជាទៅរដ្ឋមន្ត្រីក្រសួងដែនដី លោក ជា សុផារ៉ា ឲ្យចុះត្រួតពិនិត្យឆ្នេរព្រែកត្រែង ស្ថិតនៅភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ហើយបានរកឃើញថា ឆ្នេរសមុទ្រមួយនេះ ត្រូវបានចាក់ដីលុបពីសំណាក់ក្រុមហ៊ុនរបស់អ្នកស្រី ជឹង សុភាព ភរិយារបស់លោក ឡៅ ម៉េងឃីន សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា។ ហើយរដ្ឋាភិបាលក៏បានអះអាងថា វិធានផ្លូវច្បាប់របស់រដ្ឋាភិបាល គឺគ្រាន់តែឲ្យក្រុមហ៊ុនដែលគេដឹងថា ជាក្រុមហ៊ុន របស់លោកស្រីជឹង សុភាព ហៅយាយភូ កាយដីដែលបានចាក់លុបនោះ ចេញពីឆ្នេរសមុទ្រវិញតែប៉ុណ្ណោះដោយមិនមានវិធានការផ្លូវច្បាប់អ្វីផ្សេងនោះទេ។
សូមជម្រាបជូនដែរថា បើតាមច្បាប់ភូមិបាលឆ្នាំ២០០១ មាត្រា ២៥៩ ចែងថា ការប៉ះពាល់កម្មសិទ្ធិនៃទ្រព្យសម្បត្តិសាធារណៈ ត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ ៥,០០០,០០០ រៀល (ប្រាំលានរៀល) ដល់ ៥០, ០០០,០០០ រៀល (ហាសិបលានរៀល) ឬ /និងផ្ដន្ទាទោសពី ១ ឆ្នាំដល់ ៥ឆ្នាំ៕ អត្តបទដោយ៖ ធឿន វ៉ាន់សុង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!