ក្រុមអ្នកវិភាគលើកឡើងថា៖ អនុសាសន៍របស់ក្រសួងសុខាភិបាល «ត្រូវផ្ដល់សេវាសិនចាំគិតគូរការបង់ថ្លៃ សេវា ជាក្រោយ» ហាក់មិនមានប្រសិទ្ធភាពនោះឡើយ ព្រោះត្រូវការពេលវេលាយូរដើម្បីលុបបំបាត់ការគិតលុយជាមុន ទើបព្យាបាលជាក្រោយនោះ
ក្រុមអ្នកវិភាគ លើកឡើងថា អនុសាសន៍របស់ រដ្ឋមន្ត្រីក្រសូងសុខាភិបាល ប្រាប់មន្ត្រីសុខភិបាល ឳ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់លើអ្នកជំងឺ ដោយផ្ដល់សេវាព្យាបាលពលរដ្ឋជាមុនសិន ចាំគិតរឿងលុយតាមក្រោយនោះ ហាក់គ្មានប្រសិទ្ធភាព ព្រោះរឿងនេះហាក់បានដុះស្លែ លាងលែងជ្រះហើយ ខណៈដែលកន្លងទៅ មិនថាពេទ្យរដ្ឋ និងពេទ្យឯកជននោះទេ គឺតែងតែគិតលុយជាមុន ទើបយកអ្នកជំងឺទៅព្យាបាលជាក្រោយ។
សូមស្តាប់ព័ត៌មានពិស្តារ៖
ថ្មីៗនេះ រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានជម្រុញអោយមន្ត្រីថ្នាក់ក្រោមរបស់ខ្លួនជាពិសេសក្រុមគ្រូពេទ្យ ខិតខំប្រឹងប្រែងបម្រើសេវាសុខាភិបាលជូនដល់ប្រជាពលរដ្ឋ ជាពិសេសអ្នកក្រីក្រ ដោយត្រូវគិតអាយុជីវិតអ្នកជំងឺសំខាន់ជាងលុយ គឺត្រូវផ្តល់សេវាសិន ចាំគិតគូរការបង់ថ្លៃសេវាជាក្រោយ។
ទាក់ទិននឹងការលើកឡើងបែបនេះដែរ ប្រធានក្រុមអ្នកវិភាគវ័យក្មេង លោក ហង្ស វិទូ បានអោយវិទ្យុសំឡេងយុវជន វីអូវ៉ាយ ដឹងនៅថ្ងៃនេះថា ការលើកឡើងបែបនេះ គឺគ្រាន់តែជាអនុសាសន៍ និងហាក់គ្មានប្រសិទ្ធភាពនោះទេ។
លោកលើកឡើងបន្តថា រដ្ឋាភិបាល ក៏ដូចជាក្រសួង គួរតែមានវិធានការ ឬច្បាប់អោយបានតឹងរឹងសម្រាប់ដាក់ទោសអ្នកដែលប្រព្រឹត្តខុស ទើបការអនុវត្តនេះមានប្រសិទ្ធភាព។
តាមពិតរឿងនេះវាកើតមានជាយូរមកហើយ យើងឃើញថាក្រសួងសុខាភិបាលហាក់ដូចជាអត់មានវិធានការអ្វីសម្រាប់ទប់ទល់បញ្ហាហ្នឹងទេ ឧទាហរណ៍មានអ្នកជំងឺដែលគាត់ឈឺធ្ងន់ហើយគាត់គ្មានថវិការបង់ភ្លាមៗគឺពេទ្យប្រងើយកន្ដើយអត់ព្រមជួយអត់ព្រមព្យាបាលអោយជាឆាប់ៗទេគឺទុកចោល និយាយជារួមមានន័យថា អ្វីដែលលោករដ្ឋមន្ត្រីក្រសួងសុខាភិបាលអំពាវនាវនេះ ខ្ញុំគិតថាបើសិនគាត់អំពាវនាវ១០០ឆ្នាំទៀតក៏វាអត់បានផលអីល្អដែរសម្រាប់ប្រជាពលរដ្ឋ។
ដោយឡែកសម្រាប់លោកប៊ុង ដែត សមាជិកក្រុមអ្នកវិភាគវ័យក្មេង ក៏បានលើកឡើងស្រដៀងគ្នានឹងលោក ហង្ស វិទូ ដែរថា ការអំពាវនាវនេះ វាគ្រាន់តែជានិយាយ ហើយមានប្រសិទ្ធភាពត្រឹមតែមួយរយៈពេលខ្លីតែប៉ុណ្ណោះ។ ប្រសិទ្ធភាពរបស់ពាក្យសម្ដីរបស់មន្ត្រីរាជការយើងជាទំនៀមទម្លាប់ ជាធម្មតាយើងមើលទៅវាអត់ដែលមានប្រសិទ្ធភាពហេ៎ វាបានដែរតែបានក្នុងលក្ខខណ្ឌមួយគេហៅថាហា៎ភ្លើងឆេះចំបើងយើងត្រូវចាំកន្លែងហ្នឹង តែប្រសិនបើយើងមើល ទាក់ទងទៅនឹងលក្ខខណ្ឌមួយដែលហៅថាប្រសិទ្ធភាពការងារដូចភ្លើងឆេះចំបើងចឹង តែមួយប្រាវឆេះខ្ទេចតែម្ដង សឹងស្រមោចតូចៗក៏វារត់អត់ទាន់ដែរ ចឹងមានន័យថា ការងាររបស់អ្វីដែលគាត់ប្រាប់ គាត់ព្រមាន គាត់អីនឹង គឺអត់ដែលមានប្រសិទ្ធភាពអីទេ ហើយក៏ទោសទណ្ឌដែលដាក់លើពួកគាត់ក៏អត់ដែលមានលក្ខណៈធំដុំដែលធ្វើអោយគាត់ខ្លាចរអាអត់ដែលមានទេ អាហ្នឹងវាស្ថិតក្នុងក្រមខណ្ឌមួយក្រុមមន្រ្តីរបស់គាត់ដែរក្នុងគណៈបក្ស ចឹងគាត់បំរើបក្ស ចឹងជាធម្មតាគេផ្លាស់ប្ដូរយ៉ាងណាអាហ្នឹងជាទស្សនៈរបស់បក្សប្រជាជនកម្ពុជា ក៏ដូចទស្សនៈមន្ត្រីរាជការផ្សេងៗ។
ក្នុងនោះដែរ លោកបានអះអាងថា រដ្ឋមន្រ្តីក្រសួងសុខាភិបាលគួរតែចុះទៅត្រួតពិនិត្យផ្ទាល់នៅតាមពេទ្យនានា និងធ្វើការអនុវត្ត និងដាក់វិន័យយ៉ាងតឹងរឹងចំពោះមន្រ្តីពេទ្យណាដែលមិនយកចិត្តទុកដាក់លើអ្នកជំងឺ និងតែងតែទុកអ្នកជំងឺចោល បើមិនមានលុយបង់សេវាព្យាបាលនោះ។
ចឹងបើតាមខ្ញុំមើល លុះត្រាតែគាត់មានច្បាប់ណាមួយដែលដាក់ទោសទណ្ឌអោយគាត់ឃើញភ្លាមៗតែម្ដង ថាបុគ្គលនេះធ្វើខុសអញ្ចេកយើងមានកម្រិតនេះយើងដាក់ទោសកម្រិតណាមួយ ចឹងត្រូវមានការមកសារាចរណ៍ណែនាំមួយថា ឬក៏គេហៅថាច្បាប់មួយដែលទាក់ទងនឹងមន្ត្រីរាជការដែលប្រព្រឹត្តទាក់ទងទៅនឹងតើអ្នកណាអ្នកទទួលប័ណ្ណ បសស អីចឹង ចឹងរដ្ឋមន្រ្តីសុខាភិបាលត្រូវចុះតាមមន្ទីរពេទ្យក្រឡេកមើលថាតើមន្ត្រីរបស់ខ្លួនធ្វើការគ្រប់ជ្រុងជ្រោយហើយឬនៅ ពេលខ្លះធ្វើអោយប្រជាពលរដ្ឋខ្មែរអស់ជំនឿទុកចិត្តទៅលើពេទ្យ ពិសេសគ្រូមានេវិជ្ជាជីវៈមួយចំនួនគាត់អស់ជំនឿដែរ។
ការលើកឡើងពីសំណាក់អ្នកវិភាគបែបនេះ ក៏ដោយសារតែ នៅក្នុងពិធីដាក់អោយប្រើប្រាស់នៅអាគារមណ្ឌលផ្តល់ឈាម និងមន្ទីរពិសោធន៍វេជ្ជសាស្ត្រ នៃមន្ទីរពេទ្យបង្អែកខេត្តតាកែវ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានធ្វើការជម្រុញអោយក្រុមគ្រូពេទ្យបន្តខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់បំរើសេវាសុខាភិបាលជូនដល់ពលរដ្ឋ ពិសេសពលរដ្ឋក្រីក្រ តែម្តង ។
ការជម្រុញនេះគឺគ្រាន់តែជាការក្រើនរំលឹកដល់មន្ត្រីសុខាភិបាល ត្រូវប្រើប្រាស់ឲ្យអស់លទ្ធភាព នូវចំណេះដឹង និងចំណេះធ្វើរបស់ខ្លួន ដោយអនុវត្តឲ្យបាន ខ្ជាប់ខ្ជួន និងត្រឹមត្រូវតាមក្រមសីលធម៌វិជ្ជាជីវៈជាគ្រូពេទ្យ នូវរាល់ពេលបំពេញកតព្វកិច្ចសង្គ្រោះ ថែទាំអាយុជីវិតប្រជាជនយើង ដោយអនុវត្ត តាមអនុសាសន៍ និងការណែនាំដ៏ថ្លៃថ្លារបស់ប្រមុខរាជរដ្ឋាកម្ពុជា គឺ “ត្រូវផ្ដល់សេវាសិនចាំគិតគូរការបង់ថ្លៃ សេវា ជាក្រោយ” ។
គួរបញ្ជាក់ផងដែរថា ក្រសូងសុខាភិបាល ក៏ដូចជាក្រុមគ្រូពេទ្យនៅកម្ពុជា តែងតែរងការរិះគន់ពីសំណាក់ប្រជាជន និងគ្រប់មជ្ឈដ្ឋានទូទៅថា ការផ្ដល់សេវាសុខាភិបាលមិនមានត្រឹមត្រូវនោះទេ ដោយគិតតែពីរឿងលុយជាធំ មិនយកទុកដាក់ចំពោះពលរដ្ឋក្រីក្រគ្មានលុយអោយពេទ្យ និងប្រើពាក្យសម្ដីមិនសមរម្យគ្មានក្រមសីលធម៌ និងវិជ្ជាជីវៈជាគ្រូពេទ្យនោះទេ ពេលខ្លះរហូតទុកអ្នកជំងឺចោលដល់បាត់បង់ជីវិតក៏មាន ដោយសារតែពួកគេមិនមានសាច់ញាតិមកជាមួយ ឬដោយសារតែមិនមានលុយបង់សេវាជូនពួកគេជាដើម៕ អត្ថបទដោយ ធឿន វ៉ាន់សុង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!