អភិបាលខេត្តមណ្ឌលគិរីកម្រើកដៃជើង តាមដានរឿងកាប់ព្រៃឈើ បន្ទាប់ពីរងការព្រមានពីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ខណៈដែលអ្នកវិភាគថាការ ចុះតាមដានរឿងព្រៃឈើនេះ មិនអាចធ្វើអ្វីពួកឈ្មួញបំផ្លាញធនធានធម្មជាតិកម្ពុជានោះឡើយ
សង្គមស៊ីវិល និងអ្នកវិភាគ មិនមានជំនឿលើវិធានការរដ្ឋាភិបាល និងអាជ្ញាធរដែនដីទៅលើការចុះស្រាវជ្រាវតាមដាន ទប់ស្កាត់ និងបង្រ្កាបបទល្មើសព្រៃឈើ ដែលគ្រាន់តែ ធ្វើឡើងតាមតែការប្រកាស និងបញ្ជារបស់ថ្នាក់ដឹកនាំខាងលើតែប៉ុណ្ណោះ។ ការលើកឡើងរបស់ក្រុមអ្នកវិភាគ និងសង្គមស៊ីវិលបែបនេះ ក្រោយពេលដែលអាជ្ញាធរខេត្តមណ្ឌលគិរី បានដឹកនាំគណៈកម្មការចម្រុះចុះស្រាវជ្រាវតាមដាន ទប់ស្កាត់បទល្មើសព្រៃឈើនៅទូទាំងខេត្ត តែហាក់ដូចជាមិនមានប្រសិទ្ធភាពអ្វីនោះទេ។
https://www.facebook.com/SamdechKrolahomSarkheng/videos/460854821092882/
ខណៈសង្គមស៊ីវិល ក្រុមអ្នកវិភាគបានលើកឡើងផ្សេងៗគ្នាទាក់ទិននឹងការចុះបង្រ្តាបបទល្មើសព្រៃឈើពីសំណាក់អាជ្ញាធរដែនដី ដែលមានការដឹកនាំដោយលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរីនាពេលកន្លងទៅថ្មីនេះ ក្រោយពេលដែលមានការស្ដីបន្ទោស និងព្រមានខ្លាំងៗពីលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលចៅហ្វាយខេត្តមូយនេះអសកម្មមិនបានចុះបង្ក្រាបការកាប់ឈើខុសច្បាប់នាពេលកន្លងទៅនោះ នៅពេលនេះ អភិបាលខេត្តដែលរងការស្តីបន្ទោសរូបនោះបានកម្រើកដៃជើងចុះទៅតាមដានរឿងព្រៃឈើឡើងវិញ។
សូមស្តាប់ព័ត៌មានពិស្តារ៖
ចំពោះការលើកឡើងបែបនេះ លោក មាស នី អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម បានលើកឡើងថា មកទល់ពេលនេះ ប្រជាជនហាក់អស់ជំនឿលើការចាត់វិធានការរបស់រដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្ត ក្នុងកិច្ចការពារ និងបង្ក្រាបពួកឈ្មួញកាប់បំផ្លាញព្រៃឈើ ដោយមិនមានប្រសិទ្ធភាពនោះអ្វី។ អានេះរឿងពិតនៅក្នុងការគ្រប់គ្រងព្រៃឈើរបស់យើងនេះ វាមានបញ្ហានៅត្រង់នឹង ទី១ វិធានការនឹងធ្វើអត់ដែលបានយូរ ទី២ ហើយបើសិនហ៊ានធ្វើក្ដៅវាប៉ះពាល់ដល់អ្នកមានអំណាចផ្សេងៗដែលនៅពីក្រោយការដឹកជញ្ជូនឈើ ហើយយើងដឹងស្រាប់ហើយថា...
ចំណែកលោក ប៉ែន ប៉ុណ្ណារ៍ មន្ត្រីអង្គការអាដហុក បានលើកឡើងប្រាប់វិទ្យុសំឡេងយុវជននៅថ្ងៃនេះដែរថា អាជ្ញាធរ គួរតែស្រាវជ្រាវ ហើយកំណត់មុខសញ្ញាលក្រុមចោរលួចកាប់ព្រៃឈើអោយបានច្បាស់ មិនមែនគ្រាន់តែចុះតាមក្រុមហ៊ុនក្នុងរយៈប៉ុន្មានថ្ងៃនោះ វាមិនគ្រប់គ្រាន់ទេ ហើយក្រោយតែពីការចុះតាមដានមួយប្រាវនោះ បទល្មើសនិងបន្តកើតឡើងជាថ្មី។ ចឹងមិនមែនទៅស្រាវជ្រាវមួយថ្ងៃ ហើយថាអត់ តាមពិតបទល្មើសច្រើនណាស់នៅមណ្ឌលគិរីហ្នឹង ដែលត្រូវគណៈអភិបាលខេត្តមណ្ឌលគិរីធ្វើការស្រាវជ្រាវ ហើយកំណត់មុខសញ្ញាចោរកាប់ឈើ និងកាប់ព្រៃយកដីនឹងដើម្បីយកមក...
ដោយឡែក លោក ថេង សាវឿន អ្នកជំនាញផ្នែកកសិកម្ម ក៏បានលើកឡើងស្រដៀងគ្នានេះដែរថា អាជ្ញាធរគួរតែធ្វើតាមភារកិច្ច និងតួនាទីរបស់ខ្លួនអោយត្រឹមត្រូវ ។ លោកបានបន្តថា អាជ្ញាធរគួរមានការអនុវត្តច្បាប់អោយបានជាប្រចាំ ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើ។ មិនធ្វើអ្វីជានិរន្តរ៍រហូតមកទេ ទៅតាមអ្វីជាតួនាទី និងកាតព្វកិច្ចទេ ខ្ញុំគិតថាបទល្មើសព្រៃឈើហ្នឹង នឹងមិនអាចកើតមិនអាចចុះថមថយទៅលើកាប់បំផ្លាញដឹកព្រៃឈើនោះទេប្រសិន បើចឹង ហើយខ្ញុំគិតថាទាំងអាជ្ញាធរខេត្ត គ្រប់ស្ថាប័នទាំងអស់ថ្នាក់ស្រុកមានសិទ្ធិ និងមានកាតព្វកិច្ចផ្លូវច្បាប់បានចែងគ្រប់គ្រាន់ចុះចាប់ កាលណាបើយើងធ្វើចឹងមានន័យថាការអនុវត្តច្បាប់។
គួររំលឹកផងដែរថា កន្លងទៅនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបង្កើតគណៈកម្មការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ដែលដឹកនាំដោយ លោក សៅ សុខា មេបញ្ជាការកងរាជអាវុធលើផ្ទៃប្រទេស ជាប្រធាន លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជាអនុប្រធាន បានចុះទៅស្រាវជ្រាវ និងបង្ក្រាបបទល្មើសកាប់បំផ្លាញព្រៃឈើខុសច្បាប់ដោយគណៈកម្មការមួយនេះបានប្រើប្រាស់នូវកងកម្លាំងជាច្រើន ក៏ប៉ុន្តែហាក់ដូចជាគ្មានប្រសិទ្ធភាព ឬចំណាត់ការផ្លូវច្បាប់អ្វីនោះទេទៅលើឈ្មួញរកស៊ីកាប់ឈើ ។
ក្នុងពេលថ្មីៗនេះដែរ ដើមអាណត្តិថ្មីនៃរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានថ្លែងដែរថា លោកស្អប់ក្រុមចោរលួចកាប់ព្រៃឈើ ហើយលោកក៏បានបញ្ជាអោយបាញ់ក្រុមចោរកាប់ព្រៃឈើនេះផងដែរ៕ អត្ថបទដោយ ធឿន វ៉ាន់សុង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!