អ្នកជំនាញផ្នែកសេដ្ឋកិច្ច និងអ្នកវិភាគលើកឡើងខុសៗគ្នា ជុំវិញបញ្ហាតម្លៃប្រេងសាំងឡើងថ្លៃ និងបន្តឡើងថ្លៃនៅក្នុងប្រទេសកម្ពុជា ខណៈដែលរដូវកាលពិធីបុណ្យភ្ជុំបិណ្ឌ ក្រសួងពាណិជ្ជកម្ម បានបង្ហាញពីតម្លៃប្រេងសាំង ធម្មតា និងម៉ាសូត បានហក់ឡើងយ៉ាងខ្ពស់។
លោកគី សេរីវឌ្ឍន៍ អ្នកជំនាញផ្នែកសេដ្ឋកិច្ចនៅកម្ពុជា បានប្រាប់វិទ្យុសំឡេងយុវជន នៅថ្ងៃទី ៣ ខែ តុលា ឆ្នាំ២០១៨នេះ ទាក់ទិនទៅនឹង បញ្ហាកើនឡើងនៃតម្លៃប្រេងសាំងនៅកម្ពុជា ដោយលោកថា បញ្ហាសាំងឡើងថ្លៃ នេះអាចបណ្ដាល មកពី ពីចំណុច ទី មួយ បញ្ហាតម្រូវការប្រើប្រាស់ នៅក្នុងប្រទេស និង បញ្ហាប្រេង មានការនាំចូលមកពី ប្រទេស ថៃ និងវៀតណាម ដែលបណ្តាលអោយតម្លៃសាំងកើនឡើង ។ ទី ពីគឺបណ្ដាលមកពី បញ្ហាស្ថិរភាពនៅលើពិភពលោកមានភាពមិននឹងនរ ។
ការឡើងថ្លៃបប្រេងមានកត្តាពីរគឺទីមួយបញ្ហានៅក្នុងស្រុកយើងជិតភ្ជុំចឹងភ្ជុំនេះយើងភាគច្រើននាំប្រេងនិងសាំងពីប្រទេស ថៃ និងវៀតណាម ដល់ចឹងទៅនៅប្រទេសថៃក៏មានបុណ្យភ្ជុំហើយប្រទេសវៀតណាមក៏មានបុណ្យភ្ជុំ ដែលយើងមានវប្បធម៌ស្រដៀងគ្នាធ្វើអោយតម្រូវការ ពេលនិងវាឡើងថ្លៃដោយសារគេហៅថាការរំពឹងទុកនៃថ្លៃ ។ ចំណុចទីពីរ គឺបញ្ហាមួយទៀតគឺបញ្ហាអាមេរិកវៃជាមួយនិងប្រទេស៊េរី បាទ ព៌ត័មានអាមេរិកកាំងចាប់ផ្ដើមត្រៀមប្រយុទ្ឋនៅប្រទេសស៊េរី ហើយ ចិននិងរ៉ុស៊ីត្រៀមទប់ទល់ទៅវិញ ចឹងអានិងគឺជាបញ្ហាដែលអាចឲ្យប្រេងឡើងថ្លៃដែរ ។
លោកក៏បានបន្ថែមទៀត ថា ចំពោះតម្លៃសាំងនេះ អាចនិងមានការធ្លាក់ចុះមក នៅពេលពិធីបុណ្យភ្ជុំត្រូវបានបញ្ជប់ និង សង្រ្គាមនៅក្នុងពិភពលោកមានការថមថយ ។
ថ្លៃប្រេងជាទូទៅនៅក្នុងរបទទីផ្សារ វាឡើងហើយនិងចុះត្រឡប់មកវិញ ចឹងវាអាស្រ័យទៅលើត្រូវការនៃការផ្គត់ផ្គង់ នៅពេលដែលសង្រ្គាមនៅលើពិភពលោកមានការថមថយ ពេលនោះគឺអាស្រ័យលើ stock market នៃប្រេងមានការធ្លាក់ថ្លៃ ចឹងប្រេងវាអាចចុះថ្លៃវិញបន្តិច ទីពីរ នៅពេលដែលផុតរដូវបុណ្យទានទៅដែលគេហៅថារដូវដែលគេត្រូវការប្រេងច្រើន គឺចាប់ផ្ដើមថមថយទៅវិញ ចឹងថ្លៃក៏វាចាប់ផ្ដើមចុះមកវិញដែរ បាទចឹងវាមិនអាចឡើងរហូតចឹងបានទេ''។
គួរកត់សំគាល់ដែរថា តម្លៃបានកើនឡើង និងបានបន្តការកើនឡើង បែបនេះ បានធ្វើអោយប្រជាពលរដ្ឋខ្មែរមួយចំនួន ហាក់មិនសប្បាយចិត្តនោះឡើយ ខណៈដែលទំនិញនានា មានដូចជាប្រេងសាំង ត្រីសាច់ ថ្លៃឡានឈ្នួល ឡានក្រុង បានបន្តឡើងថ្លៃខ្លាំង ហើយបើធៀបទៅនឹងចំណូលរបស់ប្រជាពលរដ្ឋ ហាក់មិនសមមូលគ្នា។ ដែលប្រកានេះហើយ ក៏មានការលើកឡើងអោយរដ្ឋាភិបាលចូលរួមអន្តរាគមន៍លើការកើនឡើងតម្លៃប្រេងសាំង និងទំនិញសព្វមុខនេះ បើទោះបីជាកម្ពុជា បានអនុវត្តទីផ្សាសេរីក៏ដោយចុះ ព្រោះកាន់តែធ្វើអោយប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពួកគេ។
ទាក់ទិននិងបញ្ហានេះផងដែរ កញ្ញាលីស្រីស្រស់ សមាជិកក្រុមអ្នកវិភាគវ័យក្មេង បានលើកឡើង ថា បញ្ហាតម្លៃថ្លៃសាំងមានការឡើងថ្លៃនេះ គឺអាចបណ្ដាលមកពីសេដ្ឋកិច្ចនៅក្នុងប្រទេសមិនទាន់មានលំនឹងគ្រប់គ្រាន់នៅឡើយ ។ ហើយ កញ្ញាបានបន្ថែមទៀតថា មិនមែនមានតែថ្លៃសាំងទេដែលឡើងថ្លៃ តំម្លៃទំនិញផ្សេងៗ ក៏មានការឡើងថ្លៃដែរ ។
កម្ពុជាហាក់ដូចជាចរន្តនៅក្នុងសេដ្ឋកិច្ចរបស់យើងហាក់ដូចជាដើរ គេហៅថាស្ថិននៅក្នុងស្ថានភាពមួយដែលមិនច្បាស់លាស់ទេ។ បងឃើញថាមិនតែប្រេងសាំងទេតម្លៃទីផ្សារដូចជាផលិតផលអ្វីៗគ្រប់បែបយ៉ាងទាំងអស់និងតិចរឺច្រើនក៏មានការកើនឡើងនៅតម្លៃដែលវាអាចថ្លៃខុសពីធម្មតា ហើយនៅក្នុងនិងដោយសារតែប្រេងសាំងវាជាប្រភពធនធានសំាខាន់នៅគ្រប់ដង្ហើមសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ មានន័យថាគាត់យកប្រេងសាំងទៅប្រើហើយគាត់អាចផលិតជារបស់របរអីចឹងទៅចឹងនៅពេលដែរប្រេងសាំងឡើង មានន័យថាផលិតផលនិងក៏វាឡើងដូចគ្នា ចឹងយើងឃើញនៅក្នុងនិងយើងឃើញថា មូលហេតុដែលឡើងដោយសារតែខាងចរន្តសេដ្ឋកិច្ចរបស់យើងមិនទាន់មានលំនឺងដូចយើងដឹងហើយថាបញ្ហានយោបាយវាប៉ះពាល់ទៅដល់ស្ថានការសេដ្ឋកិច្ចខ្លាំងណាស់ ចឹងបងគិតថាបញ្ហានយោបាយដែលយើងកំពុងតែប្រទាញប្រទូង ក៏ដូចជាបណ្ដានយោបាយកើនឡើង ក៏វាអាចជាឧទាហរណ៍មួយដែលធ្វើស្ថានភាពសេដ្ឋកិច្ចមិនទាន់មានលំនិងទេ'' ។
គួរបញ្ជាក់ផងដែរថាទាក់ទិននិងការប្រែប្រួលតម្លៃប្រេងសាំងនេះដែរ ក្រសួងពាណិជ្ជកម្មបានលើកឡើងថា ក្រសួងពុំមានដំណោះស្រាយ និងសមត្ថកិច្ចណាមួយ ដើម្បីធ្វើឱ្យប្រេងសាំងនៅកម្ពុជា ចុះថ្លៃបានទេ ក៏ព្រោះដោយសារប្រេងសាំងទាំងនោះ នាំចូលពីក្រៅប្រទេស ខណៈ យើងពុំទាន់មានលទ្ធភាពផលិតប្រេងសាំងបានដោយខ្លួនឯង ។ ក្នុងនោះក្រសួងធ្លាប់បានលើកឡើងថា ប្រេងសាំងដែលនាំចូលមកកម្ពុជា ក្រសួងបានកំណត់តម្លៃលក់ទៅលើប្រភេទប្រេងសាំងធម្មតា និងប្រេងសាំងម៉ាស៊ូត ក្នុងរយៈពេល១០ថ្ងៃម្តង ។ ចំណែកឯប្រេងសាំងស៊ុបពែរ គឺម្ចាស់ក្រុមហ៊ុន ជាអ្នកកំណត់លក់ដោយខ្លួនឯង។ កន្លងទៅ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ក៏ធ្លាប់បានលើកឡើងពីបញ្ហាប្រេងសាំងឡើងថ្លៃនៅកម្ពុជានេះផងដែរ ដោយក្នុងនោះ លោកក៏បានស្នើឲ្យក្រសួងពាណិជ្ជកម្មតាមដានឲ្យដិតដល់លើតម្លៃប្រេងនេះ និងស្នើដល់ក្រុមហ៊ុនចែកចាយប្រេងនានា គិតគូរឲ្យបានហ្មត់ចត់លើការលក់ប្រេងរបស់របស់ខ្លួន។ ត្រង់ចំណុចនេះលោកបញ្ជាក់ថា ប្រសិនបើក្រុមហ៊ុនប្រេងនោះ បានទិញប្រេងមកស្តុកទុកពេលតម្លៃប្រេងនៅទាបហើយលក់មិនទាន់អស់ មិនគួរដំឡើងថ្លៃភ្លាមៗនោះទេនៅពេលតម្លៃប្រេងលើពិភពលោកឡើងថ្លៃ។ លោកបានបន្ថែមទៀតថា ការរួមគ្នារវាងរដ្ឋ និងឯកជនលើតម្លៃប្រេងនាពេលនេះ គឺដើម្បីដោះស្រាយនូវបញ្ហា និងកង្វល់របស់ប្រជាពលរដ្ឋលើបញ្ហាតម្លៃប្រេងនេះ៕ ដោយកញ្ញា ញឹម ស្រីតូច
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!