សកម្មជនការពារព្រៃឈើ៖ ការលើកឡើងរបស់អភិបាលខេត្តមណ្ឌលគិរី ថាគ្មានការដឹកជញ្ជូនឈើទៅវៀតណាម គ្រាន់តែជាលេសដោះសារកុំអោយថ្នាក់លើស្តីអោយតែប៉ុណ្ណោះ ដោយកន្លងទៅ គឺមានឡានដឹកឈើខុសច្បាប់ជាច្រើនដឹកឈើចេញពីតំបន់ភ្នំព្រិចទៅកាន់ព្រំដែនវៀតណាម
ខណៈសកម្មជនការពារព្រៃឈើ ក្រុមអ្នកវិភាគ និងសង្គមស៊ីវិល លើកឡើងការព្រួយបារម្ភពីករណីនៃការកាប់ និងដឹកជញ្ជូនព្រៃឈើខុសច្បាប់បានកើតមានសឹងរាល់ថ្ងៃនោះ លោកអភិបាលខេត្តមណ្ឌលគិរី ដែលបានដឹកនាំគណៈកម្មការចម្រុះខេត្តចុះស្រាវជ្រាវ ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ បានថ្លែងថា គ្មានករណីដឹកជញ្ជូនឈើទៅប្រទេសវៀតណាមនោះទេ បន្ទាប់ពីលោកបានដឹកនាំក្រុមការងារ មន្រ្តីកងរាជអាវុធហត្ថ នគរបាល និងមន្រ្តីមន្ទីរកសិកម្មខេត្តចុះទៅតាមដាន ត្រួតពិនិត្រស្រាវជ្រាវ ពីការកាប់ឈើខុសច្បាប់ហើយមកនោះ។
ជាមួយនឹងការថ្លែងរបស់លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី នេះដែរ លោក អ៊ួច ឡេង សកម្មជនការពារព្រៃឈើ បានឆ្លើយតបថា ក្រុមឈ្មួញកាប់បំផ្លាញព្រៃឈើ មិនហ៊ានចេញសកម្មភាពដឹកឈើនោះទេ នៅពេលដែលលោកអភិបាលខេត្តចុះទៅស្រាវជ្រាវ និងបង្ក្រាបបទល្មើសព្រៃឈើក្នុងរយៈពេលតែប៉ុន្មានថ្ងៃនោះ ។
នេះអ្វីដែលយើងត្រូវតែដឹង ព្រោះក្នុងការស៊ើបអង្កេតែឯកឧត្តមអភិបាល គាត់ឆ្លើយថា គ្មានការដឺកឈើទៅវៀតណាម អាហ្នឹងនៅស៊ើបអង្កេតគាត់រកឃើញចឹង។
ជាមួយគ្នានេះដែរ លោក ហេង ស្រស់ សកម្មជនការពារព្រៃឈើ ក៏បានលើកឡើងដែរថា គ្រាន់ជាការដោះសារ និងយករួចខ្លួនររបស់លោកអភិបាលខេត្តមណ្ឌលគិរី ដោយខ្លាចការស្ដីបន្ទោសពីថ្នាក់លើតែប៉ុណ្ណោះ។ លោកបានបន្តថា មានឡានដឹកឈើខុសច្បាប់ជាច្រើនបានដឹកឈើចេញពីតំបន់ភ្នំព្រិចទៅកាន់ព្រំដែនប្រទេសវៀតណាម។
ហើយបើតាមការដែលខ្ញុំស្រាវជ្រាវកន្លងទៅកាលឆ្នាំ ២០១៧ ២០១៨ កន្លងទៅនឹង ថ្មីៗនឹងក្នុងមួយម៉ោងដឹកចេញពីតំបន់ភ្នំព្រិច២០ឡាន ដឹកតាមច្រកត្រពាំងស្រែចាក់ទៅប្រទេសវៀតណាមដោយឌឺរ៉េចតែម្ដង នេះជាការដឹកជញ្ចូនឈើពីតំបន់ភ្នំព្រិចទៅប្រទេសវៀតណាម។
ដោយឡែក លោក ប៉ែន ប៊ុណ្ណារ៍ មន្ត្រីអង្គការអាដហុក បានលើកឡើងថា អ្វីដែលលោក ស្វាយ សំអ៊ាង លើកឡើងបែបនេះ ដូចជាផ្ទុយពីប្រសាសន៍របស់លោក ស ខេង រដ្ឋមន្ត្រីក្រសូងមហាផ្ទៃដែលបានលើកឡើងថា ខេត្តមណ្ឌលគិរីមានការកើតឡើងបទល្មើសកាប់ព្រៃឈើជាច្រើន ហើយលោក ស ខេង ក៏មានការព្រមានខ្លាំងៗដល់លោកអភិបាលខេត្តរូបនេះផងដែរផង។លោក ប៉ែន ប៉ុណ្ណារ៍ បានបន្តទៀតថា សូម្បីតែគណៈកម្មការជាតិស្រាវជ្រាវ និងទប់ស្កាត់បទល្មើសព្រៃឈើ ក៏ធ្លាប់បានចាប់ និងប្រមូលបានឈើខុសច្បាប់ជាច្រើនផងដែរ។
ដល់ថ្នាក់សម្ដេចតេជោបង្កើតគណៈកម្មការ គាត់ឆែកឃើញឈើរាប់ម៉ឺនដុំរាប់សែនដុំ ហីសម្ដេច ស ខេង ក៏លោកប្រកាស ហីមានអំណះអំណាងពីការថតពីលើពីអីនឹង គឹវាបញ្ជាក់ច្បាស់ណាស់ពីបទល្មើស ក៏ប៉ុន្តែបើគាត់យកតែបទល្មើស យកតែសកម្មភាពគាត់មូយថ្ងៃនឹង គាត់ទៅមើលនឹងគាត់ឆ្លើយថា អត់មាន វាជារឿងមួយផ្ទុយពីប្រសាសន៍សម្ដេច ស ខេង ក៏ដូចផ្ទុយពីប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន នឹងបាទ ហើយផ្ទុយពីប្រព័ន្ធផ្សព្វផ្សាយដែលផ្សាយតាំងរាប់ឆ្នាំមកហើយ ផ្សាយពីបទល្មើសដែលឡើងនៅក្នុងខេត្តមណ្ឌលគិរី។
ជាមួយគ្នានេះ លោក ហង្ស វិទូ ប្រធានក្រុមអ្នកវិភាគវ័យក្មេង បានបញ្ជាក់ថា ការលើកឡើងរបស់លោកអភិបាលខេត្តមណ្ឌលគិរី បែបនេះ អាចនឹងត្រឹមត្រូវ ដោយសារតែ ឈ្មួញបានកាប់ព្រៃឈើចង់អស់ទៅហើយ ដូច្នេះបានជាលោកអភិបាលខេត្តរកមិនឃើញបទល្មើសកាប់បំផ្លាញព្រៃឈើ។
បាទអរគុណ អឺ..បើនិយាយទៅឈើសព្វថ្ងៃវាចង់អស់ទៅហើយ បើនិយាយថាគ្មានករណីកាប់ វាប្រហែលជាអាច ព្រោះអីសព្វថ្ងៃមើលទៅដូចគ្មានឈើអីត្រូវកាប់ វាកាប់អស់ហើយ អាហ្នឹងទី១ ទី២ បើសិនចង់ដឹង យើងជាប្រជាពលរដ្ឋដែលនៅសហគមន៍នឹងគួរតែមានការតាមដានហើយសង្កេតអោយបានច្បាប់លាស់ អឺចាំមើល ហីរាយការណ៍ប្រាប់អាជ្ញាធរបើក្នុងករណីដែលលើកឡើងថាគ្មាន តែបើមាន អាហ្នឹងគឺជាការទទួលខុសត្រូវរបស់អ្នកដែលប្រកាសថាគ្មានហ្នឹង។
ចំពោះករណីនេះដែរ លោក នេត ភក្រ្តា អ្នកនាំពាក្យក្រសួងបរិស្ថាន បានប្រាប់វិទ្យុសំលេង នៅថ្ងៃនេះដែរថា ករណីដែលដឹកឈើទៅលក់នៅបរទេស ពិតជាមានប្រាកដមែន ប៉ុន្តែក្រសួងបរិស្ថានកំពុងត្រួតពិនិត្យ និងតាមដានដើម្បីធ្វើរបាយការណ៍អោយបានលំអិត។
អឺ...ខ្ញុំអឺទាក់ទងនឹងបញ្ហានេះយើងមានរបាយការណ៍ ប៉ុន្តែតាមព័ត៌មាន ឬតាមអី ហើយជាធម្មតាយើងមិនបដិសេធថាគ្មានបទល្មើសទេ គឺមានបាទ ប៉ុន្តែត្រង់ថារបាយការណ៍ចេញទៅយ៉ាងមិចៗ អាហ្នឹងជាកិច្ចការមួយដែលក្រសួងយើងកំពុងតែពិនិត្យមើល ហើយចាត់វិធានការជាបន្តបន្ទាប់ក្នុងដែនសមត្ថកិច្ចរបស់បាទ។
គួររំលឹកផងដែរថា ខេត្តមណ្ឌលគិរី ជាខេត្តមួយដែលមានសកម្មភាពកាប់បំផ្លាញព្រៃឈើយ៉ាងអណាធិបតេយ្យដោយមួយថ្ងៃៗមានឡានដឹកឈើខុសច្បាប់រាប់សិបឡានបានដឹកឈើទៅកាន់ប្រទេសវៀតណាម។
ជាមួយគ្នានេះដែរ កន្លងទៅនេះ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានស្ដីបន្ទោស និងព្រមានដល់លោក ស្វាយ សំអ៊ាង ចៅហ្វាយខេត្តមណ្ឌលគិរី រឿងការកើតឡើងនៃការកាប់ព្រៃឈើនៅក្នុងខេត្តមណ្ឌលគិរីមានការកើនឡើងខ្លាំង តែចៅហ្វាយខេត្តរូបនេះមិនបានធ្វើការចុះបង្ក្រាបនោះទេ។ ហើយទាក់ទិននឹងបញ្ហារិចរិលព្រៃឈើនៅកម្ពុជានេះផងដែរ លោកនាយរដ្ឋមន្ត្រីហ៊ុន សែនក៏ធ្លាប់បានលើកឡើងនៅក្នុងពិធីជួបជុំជាមួយប្រជាពលរដ្ឋនៅសហរដ្ឋអាមេរិកកាលពីពេលកន្លងទៅដែរថា លោកទទួលស្គាល់ពិតជាមានការបំផ្លាញព្រៃឈើយ៉ាងច្រើននៅក្នុងប្រទេសកម្ពុជាពិតមែន ដោយសារតែមានចោរចូលលួចកាប់ នឹងដឹកជញ្ជូនទៅក្រៅប្រទេស និងមួយវិញទៀត គឺដោយសារតែបម្រែបម្រួលប្រជាពលរដ្ឋកាន់តែច្រើន បង្កអោយមានការរុករានព្រៃ ហើយផ្លាស់មកធ្វើជាដីដាំដំណាំកសិឧស្សាហកម្មជំនួសវិញ៕ អត្ថបទដោយ ធឿន វ៉ាន់សុង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!