ក្រុមអ្នកវិភាគ៖ រដ្ឋាភិបាលកម្ពុជា គួរតែបន្ទន់ឥរិយាបថជួបចរចាជាមួយសហភាពអឺរ៉ុប ដោយគិតពីផលប្រយោជន៍ជាតិជាធំ
ក្រុមអ្នកវិភាគ ថារដ្ឋាភិបាលកម្ពុជា គួរតែចរចាជាមួយសហភាពអឺរ៉ុប ដើម្បីរកវិធានការសមស្របណាមួយក្នុងការដោះស្រាយបញ្ហាប្រឈម ដែលអ៊ីយូ នឹងដកប្រព័ន្ធអនុគ្រោះពន្ធមកលើកម្ពុជា ខណៈអ្នកនាំពាក្យរដ្ឋាភិបាល ប្រតិកម្មតបវិញថា នេះគ្រាន់ជាការលើកឡើងតាមការនឹកឃើញ ដោយមិនបានយល់ច្បាស់ពីនីតិវិធីនៃប្រព័ន្ធអនុគ្រោះពន្ធនោះទេ។
ក្រោយមានការសម្រេចពីគណៈកម្មការសហភាពអ៊ឺរ៉ុប ព្យួរការអនុគ្រោះពន្ធពី មកលើកម្ពុជា ក្រុមអ្នកវិភាគ សង្គមស៊ីវិល បានបង្ហាញពីក្តីបារម្ភចំពោះបញ្ហាប្រឈមនានាចំពោះកម្ពុជាបន្ទាប់ពីកម្ពុជាត្រូវបាន សហភាពអ៊ឺរ៉ុបដកការអនុគ្រោះនាចុងឆ្នាំ២០១៩ខាងមុខ។
លោក ប៊ុន ហេង សមាជិកក្រុមអ្នកវិភាគវ័យក្មេង បានប្រាប់វិទ្យុសំឡេងយុវជន វីអូវ៉ាយ នៅថ្ងៃទី១៦ខែតុលា ឆ្នាំ២០១៨នេះថា កម្ពុជានៅមានឳកាសក្នុងការជួបពិភាក្សាគ្នាជាមូយសហភាពអឺរ៉ុប លើការដោះស្រាយ ចរចា និងគោរពតាមអ្វីដែលសហភាពអ៊ឺរ៉ុបបានស្នើសុំមកកាន់កម្ពុជា ជាថ្នូទៅនឹងការសម្រេចមិនដក ប្រព័ន្ធអនុគ្រោះពន្ធចេញពីកម្ពុជា។
ក្នុងនោះដែរលោកថា រដ្ឋាភិបាលកម្ពុជាគួរតែបន្ទន់ឥរិយាបថបន្តិចក្នុងការដោះស្រាយបញ្ហានេះ ដោយលោកថានេះអាចបង្កផលប៉ះពាល់ដល់ផលប្រយោជន៍ជាតិ ដោយមិនមែនអោយរដ្ឋាភិបាលអោនក្បាលដាក់បរទេសនោះទេ នេះគ្រាន់ជាការរក្សានូវផលប្រយោជន៍ប្រទេសកម្ពុជាតែប៉ុណ្ណោះ។
នឹងដូចខ្ញុំលើកឡើងមុននឹងចឹងខ្មែរយើង ឬមេដឹកនាំយើងគាត់និយាយថា គាត់អត់អោនក្បាលដាក់បរទេសទេ អាហ្នឹងជាអ្វីដែលលើកឡើង អាហ្នឹងកម្ពុជាយើងជាជំហរចង់បានអធិបតេយ្យភាពដូចកន្លែងហ្នឹង នរណាក៏ចង់បានអធិបតេយ្យភាព យើងអត់ចង់អ្នកណាធ្វើមកលើយើងទេ សំខាន់ប៉ះពាល់ផលប្រយោជន៍ជាតិ វាប៉ហពាល់ធ្ងន់ធ្ងរ បើសិនការអនុគ្រោះពន្ធកើតឡើង ត្រូវបានព្យួរមែន ចឹងចំណុចកន្លែងហ្នឹងយើងគួរថ្លឹងថ្លែងយកមួយណា បើយើងបន្ទន់ឥរិយាបថ បន្ទន់ឥរិយាបថមិនមែនអោនក្បាលអោយគេជាន់ទេ គឺការបន្ទន់ឥរិយាបថ ជជែករកផ្លូវដំណោះស្រាយរួមគ្នាមួយដែលសហភាពអឺរ៉ុបក៏ទទួលយកបាន យើងក៏ទទួលយកបាន ហើយយើងទទួលបានផលចំណេញពីកន្លែងហ្នឹង ចឹងកន្លែងនេះៗរដ្ឋាភិបាលត្រូវតែធ្វើ ត្រូវតែធ្វើអីគេ ធ្វើដើម្បីធានាថារាល់ការអនុគ្រោះពន្ធបានផ្ដល់មកវិញ ហើយផលប្រយោជន៍ទាំងអស់បានដល់ប្រជាជន។
ជាមួយគ្នានេះដែរ កញ្ញា លី ស្រីស្រស់ សមាជិកក្រុមអ្នកវិភាគវ័យក្មេង ក៏បានលើកឡើងដូចនឹងលោក ប៊ុន ហេង ផងដែរ លោកកញ្ញា បានលើកឡើងថា សហភាពអឺរ៉ុប នៅតែបើកទ្វារចចារ ជាមួយរដ្ឋាភិបាលកម្ពុជាជានិច្ច ល្គឹកណាកម្ពុជា មានឆន្ទះ និងគោលជំហរចរចាព្រមទាំង ចូលរូមពិភាក្សាដោះស្រាយបញ្ហាជាមួយអឺរ៉ុប ដែរឬអត់ ។
យើងនៅតែឳកាសក្នុងការដោះស្រាយនូវចំពោះស្ថានភាពពេលនេះ សហភាពអឺរ៉ុបក៏គេបើកការចចារជាមួយកម្ពុជាដែរ ចឹងវាអាចនៅតែមានផ្លូវដោះស្រាយ តែសំខាន់កម្ពុជាយើងមានឆន្ទៈដោះស្រាយជាមួយអឺរ៉ុបដែរឬទេ ចឹងអ្វីដែលខ្ញុំនៅបារម្ភ ខ្ញុំបារម្ភថានៅពេលដែលអឺរ៉ុបគេចាប់ផ្ដើមអនុវត្តនីតិវិធីដូចយើងបានដឹងហើយគេប្រើពេលយ៉ាងយូរ អឺស យ៉ាងតិចក៏ ១២ ខែ ដែរក្នុងការអភិវឌ្ឍការសម្រេចផ្ដាច់ហ្នឹង ចឹងមានន័យថារយៈពេលនេះជារយៈពេលមួយដែលល្អសម្រាប់កម្ពុជា ក្នុងការចចារជាមួយសហភាពអឺរ៉ុបដើម្បីដោះស្រាយបញ្ហា។
សម្រាប់ការបង្ហាញក្តីបារម្ភ និងស្នើសុំអោយរដ្ឋាភិបាលកម្ពុជា ចរចាជាមួយសហភាពអ៊ឺរ៉ុបនេះដែរ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណរដ្ឋមន្រ្តី បានប្រតិកម្មតបវិញថា ការលើកឡើងពីសំណាក់ក្រុមអ្នកវិភាគ អង្គការសង្គមស៊ីវិលបែបនេះ ហាក់បង្ហាញថា អ្នកទាំងនោះ មិនបានយល់ច្បាស់ពីនីតិវិធីនៃប្រព័ន្ធអនុគ្រោះពន្ធទេ។ ក្នុងនោះលោកថា នេះគ្រាន់ជាការយល់ឃើញរបស់អ្នកវិភាគតែប៉ុណ្ណោះ ដោយការព្យួរប្រព័ន្ធអនុគ្រោះពន្ធនេះគ្មានអ្វីប៉ះពាល់ដល់ផលប្រយោជន៍ប្រទេសកម្ពុជានោះទេ។
បាទសូមជំរាបជូនថា អ្នកវិភាគ ឬ សង្គមស៊ីវិល គាត់អត់បានយល់ច្បាស់ពីប្រព័ន្ធអនុគ្រោះពន្ធទូទៅ លើកឡើងតែសព្វាវុធពីសហភាពអឺរ៉ុប គាត់អត់យល់ទាំងអស់ គួរតែគាត់ព្យាយាមពិចារណា និងស្រាវជ្រាវអោយបានដិតដល់ ជៀសជាងបញ្ចេញគំនិតជាសាធារណៈ ប៉ុន្ដែបណ្ដាលអាប់អោយកិត្តិយសផ្ទាល់របស់ទេ នៅពេលមើលឃើញថាគាត់អត់ដឹងអីសោះ នេះជាការយល់ឃើញរបស់ខ្ញុំ ប្រព័ន្ធអនុគ្រោះពន្ធដែលទូទៅលើកឡើងតែសព្វាវុធ ជាកញ្ចប់កម្មវិធីមួយក្នុងការអនុវត្តកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងសហភាពអឺរ៉ុប នៅក្នុងគោលការណ៍អនុគ្រោះពន្ធនេះឯង។
គួររឺលឹកផងដែរថា កាលកន្លងទៅថ្មីៗនេះ សហភាពអឺរ៉ុបបានចេញលិខិតមួយព្យួរការអនុគ្រោះពន្ធ EBA ដល់កម្ពុជា ដោយការព្យួរការអនុគ្រោះពន្ធនេះ គឺអនុវត្តក្នុងរយៈពេល ៦ខែ ចំនួន ២ ដង ដោយនៅដើមឆ្នាំ ២០១៩ សហភាពអឺរ៉ុប នឹងសម្រេចជាផ្លូវការ ក្នុងការដក ឬ មិនដកនូវការអនុគ្រោះពន្ធ EBA មកលើប្រទេសកម្ពុជា។
គួរកត់សំគាល់ដែរថា កម្ពុជា បានទទួលផលចំណេញជាង ៦៧៦លានដុល្លារអាមេរិក ក្នុងមួយឆ្នាំៗ ពីកិច្ចព្រមព្រៀងអនុគ្រោះពន្ធ ឬ EBA ដែលសហភាពអឺរ៉ុប បានផ្តល់ឲ្យកម្ពុជា និងប្រទេសអភិវឌ្ឍន៍តិចតួចផ្សេងទៀត នូវឱកាសនាំគ្រប់ផលិតផលទាំងអស់ លើកលែងតែអាវុធចូលទៅក្នុងទីផ្សាររួមតែមួយរបស់សហភាពអឺរ៉ុប ដោយមិនជាប់ពន្ធគយ និងមិនជាប់កូតា។ អត្ថបទដោយ ធឿន វ៉ាន់សុង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!