អ្នកសេដ្ឋកិច្ច និងក្រុមអ្នកវិភាគ យល់ឃើញផ្សេងៗគ្នា ចំពោះកម្ពុជាដែលនាំចូលអំបិលពីប្រទេសចិន ចំនួន ៣ ម៉ឺនតោន នៅចុងខែវិច្ឆិការនេះ
អ្នកសេដ្ឋកិច្ច និងក្រុមអ្នកវិភាគ យល់ឃើញផ្សេងៗគ្នា ចំពោះកម្ពុជាដែលនាំចូលអំបិលពីប្រទេសចិន ចំនួន ៣ ម៉ឺនតោន នៅចុងខែវិច្ឆិការនេះ។
ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ ខាងមុខនេះ កម្ពុជា នឹងចុះកិច្ចព្រមព្រៀងជាមួយចិន ក្នុងការនាំចូលអបិលចំនួន ៣ ម៉ឺនតោនពីប្រទេសចិន ដោយសារកម្ពុជាជួបប្រទះនឹងបញ្ហាអាកាសធាតុ ដែលធ្វើអោយការផលិតអំបិលរបស់កម្ពុជាមិនអាចផ្គត់ផ្គង់អំបិលគ្រប់គ្រាន់សម្រាប់ទីផ្សារក្នុងស្រុក ។
ទាក់ទងនឹងការនាំចូលអបិលចំនួន ៣ ម៉ឺនតោនពីប្រទេសចិន នេះ អ្នកជំនាញផ្នែកសេដ្ឋកិច្ច លោក ចាន់ សុផល បានលើកឡើងថា នេះមិនមែនជារឿងចំលែកនោះទេសម្រាប់ការនាំចូលអំបិលពីក្រៅប្រទេសមកកម្ពុជា ដោយសារតែការផលិតអំបិលនៅក្នុងប្រទេសកម្ពុជាមានការថយចុះ ដោយបញ្ហាភ្លៀងធ្លាក់ច្រើន ម៉្យាងទៀតនេះ ក៍ជាការធ្វើពាណិជ្ជកម្មទៅវិញទៅមកជាមួយប្រទេសជាដៃគូរ ។
[ ខ្ញុំយល់ឃើញថាវា ជារឿងមួយដែលមិនមានអ្វីពិសេសខ្លាំងទេ ដោយសារតែវាមិនមែនរាល់ឆ្នាំបើតាមព័ត៌មានលឺថាដោយសារឆ្នាំនេះការផលិតអំបិលបានថយចុះបណ្ដាលពីភ្លៀងខ្លាំងពេក បើទោះជានាំចូលរាល់ឆ្នាំក៏វាមិនជារឿងដែលថាប្លែកខ្លាំង ដែរ ដោយសារយើង ផលិតទំនិញខ្លះនាំចេញ ទំនិញខ្លះនាំចូល ខ្ញុំគិតថាវារឿងធម្មតា ]។
ដោយឡែក កញ្ញា លី ស្រីស្រស់ សមាជិកក្រុមអ្នកវិភាគវ័យក្មេង យល់ឃើញផ្ទុយពីលោក ចាន់ សុផល ថា ការដែលកម្ពុជានាំចូលអំបិលពីប្រទេសចិននេះ អាចបង្ហាញពីភាពកម្សោយរបស់កម្ពុជាក្នុងការផលិត អំបិល ។ កញ្ញា លី ស្រីស្រស់ បានបន្ថែមថា ការខ្វះខាត អំបិលដោយសារតែ ការផលិតមិនទាន់នេះ គឺបណ្តាលមកពីមិនមានការជំរុញ និងលើកទឹកចិត្តពីសំណាក់រដ្ឋាភិបាល ឬ ស្ថាប័នពាក់ព័ន្ធក្នុងការផលិតអំបិលរបស់ប្រជាជននៅក្នុងប្រទេស។
[ ចឹងនៅក្នុងហ្នឹង អឺ.....យើងមានធនធានហើយដូចសមុទ្រដូចជាអី ហើយយើងអត់លទ្ធភាពនៅក្នុងការចម្រាញ់អំបិលហ្នឹង ចម្រាញ់ទឹកប្រៃហ្នឹងអោយក្លាយជាអំបិលហេ៎ បើទោះបីជាការចម្រាញ់ត្រូវប្រើប្រាស់ បច្ចេកវិទ្យាខ្ពស់អីជាដើម ចឹងនៅក្នុងហ្នឹងតិច ឬច្រើនក៏ខ្ញុំមើលឃើញថា វាបង្ហាញអំពីកម្សោយក្នុងវិស័យអំបិល មួយទៀតខ្ញុំមើលឃើញដែរថា ប្រហែលជាវិស័យក្នុងការផលិតអំបិលហ្នឹអាចជួបប្រទះបញ្ហា ឬមិនមានការគាំទ្រពីខាងរដ្ឋាភិបាល បានជាការផលិតអំបិលហ្នឹង គឺមានការថយចុះ ហើយដល់ថ្នាក់នាំអំបិលពីក្រៅប្រទេសមកកម្ពុជា ចឹងខ្ញុំមើលឃើញចំណុចហ្នឹងចំពោះការនាំអំបិលចូល ]។
ជាមួយគ្នានេះ លោក ប៊ុន ហេង អ្នកតាមដានការអភិវឌ្ឍសង្គម លើកឡើងថា កម្ពុជាគួរតែមានការជំរុញ និងបង្កើនការផលិតអំបិលក្នុងស្រុកដែលកម្ពុជាមានស្រាប់អោយបានច្រើន និងមានគុណភាព ជាជាងការនាំចូលពីក្រៅប្រទេសនោះ។
[ អំបិលច្រើន ឬក៏មិចរដ្ឋាភិបាលដោះស្រាយ យើងមិនអាចរំពឹងថានៅពេលណានឹងអស់ទេ ចឹងរដ្ឋាភិបាលគួរមានកញ្ចប់ថវិការណាមួយ ឬក្រសួងពាណិជ្ជកម្ម ឬក្រសួងពាក់ព័ន្ធហ្នឹង មានកញ្ចប់ថវិការណាមួយបើសិនផលិតផលអំបិលច្រើនស្តុកទុកទៅក្នុងករណីយើង អត់ យើងទុកដល់ពេលក្រោយនៅពេលដែលយើងខ្វះ វាប្រៀបដូចជាការដែលស្រមោចព្យាយាមរកអី រករបស់ដែលវាស៊ីទុកពេលដែលខណៈពេលដែលទឹកឡើងវារកទុកហា៎ វាដូចគ្នាចឹងវាទុកដូចគ្នា អាហ្នឹងក្នុងករណីដែលយើងមានហើយ ព្យាយាមរក្សា ឬ ក៏អភិរក្សអាហ្នឹងអោយវាមានហើយទុកប្រើប្រាស់ពេលក្រោយ អាហ្នឹងករណីខាងក្នុង ]។
ទាក់ទិននឹងបញ្ហានេះ វិទ្យុសំឡេងយុវជន មិនអាចសុំការឆ្លើយតបពី អ្នកនាំពាក្យក្រសួងឧស្សាហកម្ម និងសិប្បកម្ម លោក ហេង សុខគង់ បាននោះទេ ដោយទូរសព្ទចូល មិនមានអ្នកទទួល។
គូរបញ្ជាក់ផងដែរថា នេះជាលើកទី២ហើយ ដែលកម្ពុជាបាននាំចូលអំបិលពីប្រទេសចិនចំនួន ៣ ម៉ឺនតោនបន្ថែមទៀត ដែលលើកទី១ កម្ពុជាបាននាំចូលអំបិលចំនួន ២ ម៉ឺនតោន កាលពីឆ្នាំ២០០៩ ពីប្រទេសចិនដូចគ្នានេះដែរ ដោយសារការផលិតអំបិលនៅកម្ពុជាមិនអាចផ្គត់ផ្គង់តម្រូវការទីផ្សារប្រើប្រាស់អំបិលនៅកម្ពុជាគ្រប់គ្រាន់ ៕អត្ថបទដោយ ធឿន វ៉ាន់សុង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!