ក្រុមអ្នកវិភាគ ៖ ថាការលើកឡើងរបស់លោក ស ខេង ពីបញ្ហាប្រឈមនៅក្រុងព្រះសីហនុ មិនមានអ្វីធ្ងន់ធ្ងរនោះទេ ហាក់ផ្ទុយពីស្ថានការណ៍ពិតនៅក្រុងព្រះសីហនុ
ក្រុមអ្នកវិភាគ ថាការលើកឡើងរបស់ លោក ស ខេង ពីបញ្ហាប្រឈមនៅខេត្តព្រះសីហនុ មិនមានភាពធ្ងន់ធ្ងរ ហើយអាចនៅដោះស្រាយបាន ដែលមិនមែនជារឿងគួរអោយព្រួយបារម្ភខ្លាំង ហាក់ផ្ទុយពី ឲស្ថានការណ៍ពិតនៅក្រុងព្រះសីហនុ។ ក្រុមអ្នកវិភាគទាំងនោះ ស្នើអោយអោយរដ្ឋាភិបាល និងអាជ្ញាធរ គួរតែមានវិធានការអោយបានតឹងរឹងចំពោះបទល្មើសនៅខេត្តព្រះសីហនុ ជាពិសេសទប់ស្កាត់ការបង្កភាពអនាធិបតេយ្យ និងអសន្តិសុខពីសំណាក់ជនជាតិបរទេសដែលរស់នៅលើទឹកដីនោះ។
ក្រោយមានការបញ្ជូនក្រុមការងារកម្រិតស្រាលមួយរបស់ក្រសួងមហាផ្ទៃទៅខេត្តព្រះសីហនុ ដើម្បីត្រួតពិនិត្យ និងពិគ្រោះយោបល់លើបញ្ហាប្រឈមនានានៅក្នុងខេត្តមួយនេះ លោក ស ខេង បានបញ្ជាក់ជាថ្មីថា ក្រុមការងារកម្រិតស្រាលមួយនេះមិនមានសិទ្ធិអំណាចសម្រេចកិច្ចការជំនួសរដ្ឋបាលខេត្តនោះទេ អ្វីដែលសំខាន់នោះ គឺរដ្ឋបាលខេត្ត នៅតែជាអ្នកសម្រចកិច្ចការងារនោះដដែល។
[…ខ្ញុំគិតថាមកពេលនេះដូចមិនមានបញ្ហាអីធំដុំដែលដោះមិនចេញទេ បាទបញ្ហានៅទីនោះសំខាន់គឺ បទល្មើស ទី១ទាក់ទងនឹងបទល្មើស នែ...ដូចជាបទល្មើសគ្រឿងញៀន ឬមួយបទល្មើស ប្លន់ ការតាមសម្លាប់គ្នាអីហូរហែរ ហើយទី២ គឺបរិស្ថាន អនាម័យក៏មិនទាន់អីធ្ងន់ធ្ងរដែរ ហើយក្រៅពីហ្នឹងបញ្ហាធម្មតាទេ មានការវិនិយោគទៅដីវាឡើងថ្លៃ ដល់ឡើងថ្លៃទៅ គឺជំលោះរឿងដីកើនឡើងច្រើន...]
លោក ហង្ស វិទូ ប្រធានក្រុមអ្នកវិភាគវ័យក្មេងបានប្រាប់វិទ្យុសំឡេងយុវជន វិអូវ៉ាយ នៅថ្ងៃទី ១៩ ខែតុលានេះថា អាជ្ញាធរគួរមានវិធានការ និងយុទ្ធសាស្រ្តណាមួយអោយបានច្បាស់លាស់ក្នុងការដោះស្រាយបញ្ហា និងគ្រប់គ្រងបទល្មើសទាំងអស់អោយបានតឹងរឹង ជៀសវាងបង្កក្តីបារម្ភកាន់តែច្រើនដល់ពលរដ្ឋនៅទីនោះ ជាពិសេសភ្ញៀវជាតិ និងអន្តរជាតិ។
[…ខ្ញុំយល់ឃើញថាងាយៗទេ ដើម្បីចាត់ការរឿងនេះបានទាល់តែអាជ្ញាធរ សមត្ថកិច្ច ហើយនិងថ្នាក់ដឹកនាំនៅខេត្តហ្នឹងមានវិធាបការច្បាស់លាស់មានការរៀបចំយុទ្ធសាស្រ្តច្បាស់លាស់ដើម្បីដាក់ទោស ក៏ដូចជាបង្ការ ទី១ គឺបង្ការកុំអោយមានការប្រព្រឹត្តបទល្មើសពីជនជាតិចិនហ្នឹង ទី២ នៅពេលមានការប្រព្រឹត្តអាជ្ញាធរ ឬក៏ក្រសួងសមត្ថកិច្ចហ្នឹងគួរតែចាត់ការធ្វើមិចកុំអោយមានអំពើពុករលួយ ស៊ីលើស៊ីក្រោមដែលវាធ្វើអោយបាត់បង់នូវតម្លាភាព និងយុត្តធម៌ ហើយចំនុចទី៣ គឺអ្នកណាក៏ដោយដែលប្រព្រឹត្តបទល្មើសទាំងនេះគួរតែបញ្ជូនទៅប្រទេសចិនវិញ...]
ដោយឡែក កញ្ញា លី ស្រីស្រស់ សមាជិកក្រុមអ្នកវិភាគវ័យក្មេង ក៏បានលើកឡើងដែរថា ការបញ្ជូនក្រុមការងារកម្រិតស្រាលអោយចុះទៅត្រួតពិនិត្យបញ្ហានានានៅខេត្តព្រះសីហនុនេះហើយបានលើកឡើងថាគ្មានបញ្ហាអ្វីធ្ងន់ធ្ងរទេដោយបញ្ហាទាំងនោះអាចនៅដោះស្រាយបាន គឺហាក់ផ្ទុយពីស្ថានការណ៍ពិតដែលកើតមាននូវបញ្ហាដែលគួរអោយព្រួយបារម្ភខ្លាំង សូម្បីតែប្រជាពលរដ្ឋខ្មែរមិនហ៊ានទៅលេងក្រុងព្រះសីហនុទៀតផង។
[…ខ្ញុំមិនបានទៅសិក្សាស្រាវជ្រាវដោយផ្ទាល់ហេ៎ តែបើផ្អែកទៅលើអ្វីដែលតាមដានស្ថានការណ៍ព័ត៌មានអីជាដើមហ្នឹង ខ្ញុំមើលថាវាជាស្ថានការណ៍មួយដែលគួរអោយព្រួយបារម្ភដែរ ហៃអ្វីដែលខ្ញុំបានអំពីព័ត៌មានមួយចំនួនពីអ្នកនៅខេត្តព្រះសីហនុនោះ គឺគាត់ព្រួយបារម្ភអំពីសុវត្ថិភាព ហៃអ្វីដែលយើងបារម្ភមួយទៀតថា គាត់បង្ហាញថាព្រះសីហនុលែងជាទីក្រុងដូចពីមុនទៀតហើយ ចឹងអានេះជាព័ត៌មានពិតអំពីអ្នកដែលនៅទីនោះ ហើយខ្ញុំគិតថាទុកអោយមហាជនវាយតម្លៃពីការប្រកាសជាសាធារណៈទៅលើការចុះត្រួតពិនិត្យ របាយការណ៍ចុះត្រួតពិនិត្យនៅក្នុងខេត្តព្រះសីហនុកន្លងមកដែលចេញដោយក្រសួងមហាផ្ទៃចុះ…]
វិទ្យុសំលេងយុវជន មិនអាចសុំការឆ្លើយតបពី លោក ខៀវ សុភ័ក្រ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានទេ ដែលជាក្រសួងសាម៉ីក្នុងការទទួលភារកិច្ចនេះ ដោយលោក ខៀវ សុភ័ក្រ បញ្ជូនទៅសាកសួរបន្តពីលោក លោក អ៊ុត គឹមអន អនុរដ្ឋលេខាធិការក្រសូងមហាផ្ទៃ និងជា ប្រធានក្រុមការងារដែលចុះពិនិត្យនៅខេត្តព្រះសីហនុវិញ។
គួររំលឹកផងដែរថា កន្លងទៅនេះ ខេត្តព្រះសីហនុ ជាខេត្តមួយដែលមានការរីកចម្រើន និងមានការអភិវឌ្ឍយ៉ាងខ្លាំងមិនចាញ់រាជធានីភ្នំពេញនោះទេ ក៏ប៉ុន្តែខេត្តព្រះសីហនុក៏បានរងការរិះគន់ច្រើនផងដែរពីមជ្ឃដ្ឋានទូទៅដែលបណ្ដោយអោយមានការកើតឡើងនូវបញ្ហាប្រឈមនានាជាច្រើននៅក្នុងខេត្ត ហើយគ្មានវិធានការណាមួយនោះឡើយ។ ខេត្តដែលធ្លាប់ជាគោលដៅទេសចរណ៍ មានភ្ញៀវទេសចរណ៍ច្រើនទៅទស្សនានៅទីនោះ ហាក់មានភាពអន់ថយ ដោយសារតែមានបញ្ហាជាច្រើនបានកើតមាននៅក្នុងខេត្តមួយនោះ មានដូចជា ការមកវិនិយោគនិងមករស់នៅយ៉ាងច្រើនពីសំណាក់ជនជាតិចិន មករកស៊ី បង្កើតកាស៊ីណូរីកដូចផ្សិត ឆ្នេរសមុទ្រមួយចំនួនត្រូវបានបិទដោយក្រុមហ៊ុនឯកជន ការបង្កភាពអនាធិបតេយ្យពីសំណាក់ជនជាតិចិន មានដូចជាបាញ់បោះសេរី វាយតប់កាប់ចាក់ លួចឆក់ប្លន់ បញ្ហាផ្លូវខូច បញ្ហាសម្រាមនិងបញ្ហាអសន្តិសុខ ចោរកម្ម ឃាតកម្ម ការជួញដូរគ្រឿនញៀន បញ្ហាបរិស្ថាន និងរឿងដីធ្លីជាដើម ៕ អត្ថបទដោយ ធឿន វ៉ាន់សុង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!