អ្នកវិភាគ និងសង្គមស៊ីវិល៖ ល្គឹកណាមន្រ្តីនគរបាលថ្នាក់មូលដ្ឋាននៅតែធ្វើការរងចាំបញ្ជារពីថ្នាក់លើ មិនព្រមបំពេញតួនាទីរបស់ខ្លួននោះទេ ចំណាត់ការថ្មីរបស់ស្នងការនគរបាលថ្មី គឺមិនមានប្រសិទ្ធភាពនោះឡើយ
សង្គមស៊ីវិល និងក្រុមអ្នកវិភាគ រងចាំមើលចំណាត់ការថ្មីរបស់ លោកស ថេត ស្នងការនគរបាលក្រុងភ្នំពេញដែលទើបឡើងថ្មី បន្ទាប់ពីស្នងការថ្មីរូបនេះ បញ្ជារអោយមន្រ្តីនគរបាលគ្រប់ខណ្ឌ ក្នុងរាជធានីភ្នំពេញទាំងអស់ ត្រូវបម្រើសេវាជូនប្រជាជនអោយបានល្អ និងមានប្រសិទ្ធភាពនោះ។ យ៉ាងណាអ្នកវិភាគថា ល្គឹកណាមន្រ្តីនគរបាលនៅតាមមូលដ្ឋានទាំងនោះ នៅតែធ្វើការរងចាំតែបញ្ជាថ្នាក់លើ ដោយមិនហ៊ានធ្វើអ្វីទាំងអស់ ភាពអសកម្មនៅក្នុងរាជធានី និងការបម្រើសេវាដល់ប្រជាពលរដ្ឋ គឺនៅតែមិនមានប្រសិទ្ធភាព។
លោក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលទើបតែមកកាន់តំណែងថ្មី ជំនួស លោក ជូន សុវណ្ណ ដែលត្រូវទទួលភារកិច្ចថ្មីនោះ បានជំរុញអោយមន្រ្តីនគរបាលខណ្ឌទាំង១២ របស់ក្រុងភ្នំពេញត្រូវមាននូវឆឆន្ទៈខ្ពស់ក្នុងបង្ក្រាបបទល្មើសគ្រឿងញៀន ហើយលោកក៏បានជំរុញអោយមន្រ្តីនគរបាលត្រូវយកចិត្តទុកដាក់ចំពោះការមកប្ដឹងរាល់បទល្មើសនានាពីសំណាក់ពលរដ្ឋ ដោយមន្រ្តីនគរបាលមិនត្រូវប្រើពាក្យសម្ដីអសុរស មិនពីរោះ មុខមិនអោយក្រោយមិនមើល ពលរដ្ឋសូរ១០ ម៉ាត នគរបាលឆ្លើយ ១ទៅវិញ ជាដើម ។
[…មេប៉ុស្ដិ៍មកទីនេះស្រាប់ដែរហើយ សូមបងៗកុំបណ្ដោយតែរបៀបនេះ ពីបាកហើយ ដូចនេះយកចិត្តទុកដាក់ រីករាយក្នុងការទទួលពាក្យបណ្ដឹងតាមរយៈ ទូរស័ព្ទក្ដី លិខិតស្នាម ឬផ្ទាល់មាត់ដែលពូកគាត់ទៅប្ដឹងទៅដល់កន្លែងធ្វើការរបស់យើង សូមទទួលយក ទទួលយកហើយអនុវត្តអោយបានតាមជំនាញ ទោះបីថារកឃើញ ឬមិនឃើញអោយគាត់អស់ចិត្ត ក្នុងន័យនេះយើងក៏ត្រូវប្រើពាក្យសម្ដីពិរោះដែលពួកគាត់គាត់អាចទទួលយកបាន កុំគំរួសគំរើយ គេសួរ១០ម៉ាត យើងឆ្លើយប្រាប់គេវិញតែមួយម៉ាត់ហើយងាកមុខចេញហេ៎ ដល់គេដាក់ផលប្រយោជន៍អោយ បានងាកមុខ ងាកមុខមកវិញ...]
ដោយឡែកសម្រាប់ លោក សន ជ័យ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា បានលោកឡើងថា នេះជាការងារមួយដែលថ្នាក់ក្រោយចាំតែការបញ្ជាពីថ្នាក់លើ ដោយគ្មាននូវយន្តការណាមួយច្បាស់លាស់ក្នុងការអនុវត្តបែបអភិបាលកិច្ចល្អ បើនៅតែមិនអាចលុបបំបាត់មន្រ្តីធ្វើការងាររងចាំតែបញ្ជារនេះបានទេ ការជម្រុញនេះគឺមិនមានប្រសិទ្ធិភាពអ្វីនោះឡើយ។
[…នេះបើសិនអាចធ្វើបាន វានឹងផ្ដល់ភាពជាគំរូមួយដល់នៅក្នុងសមត្ថកិច្ច ចឹងវានឹងបាននូវគុណតម្លៃ និងការគោរព ហៃនិងវាជាធាតុមួយក្នុងការធ្វើអោយសកម្មនៅក្នុងជួរប៉ូលីស ឬក្នុងការគ្រប់គ្រងប៉ូលីសចឹងដែរ ចឹងនៅពេលដែលយើងមើលទៅលើអំណាចតាមខ្សែរបណ្ដោយរបស់ប៉ូលីស គឺប៉ូលីសខ្ញុំមើលឃើញអំណាចមួយដែលគេហៅថា ថ្នាក់ក្រោមរងចាំបញ្ជាថ្នាក់លើ បានន័យថា សម្រាកប្រុងរងចាំបញ្ជាមេហា៎ ចឹងទៅមិនទាន់ឈានដល់អ្វីមួយដែលគេហៅថា ការផ្ដល់សិទ្ធិអំណាចពេញលេញក្នុងការអនុវត្តការងារពីក្រោមឡើងលើប៉ុន្មានទេសព្វថ្ងៃនេះ...]
ចំពោះ កញ្ញា លី ស្រីស្រស់ សមាជិកក្រុមអ្នកវិភាគវ័យក្មេង ក៏បានលើកឡើងដូចគ្នានឹងលោក សន ជ័យ ផងដែរ ដោយកញ្ញាបញ្ជាក់ថា មន្រ្តីរាជការថ្នាក់ក្រោមសឹងទាំងអស់ចាំតែការចង្អុលបង្ហាញ និងបញ្ជាតែពីមន្រ្តីថ្នាក់លើតែប៉ុណ្ណោះ។ អ្នកវិភាគវ័យក្មេងរូបនេះ បានបន្ថែមថា គ្រាន់ជាការអំពាវនាវ ឬ ព្រមាន ក៏ដូចជាការប្រកាសជាសាធារណៈរបស់ថ្នាក់លើនោះ ហាក់គ្មានប្រសិទ្ធភាពអ្វីនោះទេ ក្នុងការជំរុញ និងពង្រឹងការងាររបស់មន្រ្តីនគរបាលក្នុងការបង្កើនការបង្ក្រាបបទល្មើស និងការបម្រើសេវាជូនពលរដ្ឋនោះ។
[…តាមការអំពាវនាវ តាមរយៈការប្រកាសជាសាធារណៈ តាមរយៈការអង្វរ ខ្ញុំគិតថាអាវិថីសាស្រ្តទាំងអស់ហ្នឹងអត់មានប្រសិទ្ធភាពក្នុងការជំរុញមន្ត្រីថ្នាក់ក្រោមអនុវត្តតួនាទីទេ អ្វីដែលខ្ញុំចង់បង្ហាញគឺថា បើមន្រ្តីថ្នាក់លើចង់អោយមន្រ្តីថ្នាក់ក្រោមអនុវត្តតួនាទីបានល្អ ខ្ញុំមើលថាមន្រ្តីថ្នាក់លើហ្នឹងពិនិត្យអោយច្បាស់អំពីលក្ខន្ដិកៈ អំពីសមត្ថកិច្ចរបស់ខ្លួន ពិសេសមន្រ្តីថ្នាក់ក្រោមហ្នឹង ចឹងនៅក្នុងហ្នឹងរាល់ស្ថាប័នទាំងអស់គ្រប់វិស័យគេមានការប្រជុំប្រចាំខែ ប្រចាំឆ្នាំអីជាដើម ចឹងក្នុងនាមយើងជាមន្រ្តីជាន់ខ្ភស់យើងត្រូវតែពិនិត្យរបាយការណ៍អោយបានជាក់ច្បាស់ ហើយការសិក្សាស្រាវជ្រាវ មានការចុះទៅតាមមូលដ្ឋានសួរពលរដ្ឋដោយខ្លួនឯង ថាតើមន្រ្តីហ្នឹងបានយកចិត្តដែរទេ...]
សូមរំលឹកដែរថា លោក ស ថេត ក៏បានលើកឡើងពីការរាយកាណ៍ពីសំណាក់ប្រជាពលរដ្ឋពីបទល្មើសជូញដូរគ្រឿងញៀនយ៉ាងបើកចំហនៅតាមផ្លូវ ៦០ ម៉ែត្រក្នុងភូមិសាស្រ្តខណ្ឌមានជ័យដែលគ្មានការបង្ក្រាប ។
គួរបញ្ជាក់ផងដែរ ក្នុងរាជធានីភ្នំពេញ មានការរាយការណ៍ជាច្រើនអំពីការបម្រើសេវារបស់នគរបាលតាមមូលដ្ឋានខ្លះមានការយឺតយ៉ាវ មិនមានការយកចិត្តទុកដាក់ នគរបាលប្រើពាក្យមិនសមរម្យ ពេលខ្លះពលរដ្ឋទៅដាក់ពាក្យបណ្ដឹង មិនមានមន្រ្តីនគរបាលនៅប្រចាំការនោះទេ និងពេលខ្លះទៀតប៉ុស្តិ៍នគរបាលត្រូវបិទទ្វារទៀតផង ៕ អត្ថបទដោយ ធឿន វ៉ាន់សុង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!