ក្រុមអ្នកវិភាគ ៖ ករណីពុលស្រាសនៅខេត្តក្រចេះ ដោយសារក្រសួង និងអាជ្ញាធរពាក់ព័ន្ធ ហាក់ខ្វះការយកចិត្តទុកដាក់ និងអភិបាលកិច្ចល្អក្នុងការដោះស្រាយករណីពុលស្រាជាញឹកញាប់
ក្រុមអ្នកវិភាគ លើកឡើងថា ក្រសួង និងអាជ្ញាធរ ហាក់ខ្វះការយកចិត្តទុកដាក់ ក្នុងការដោះស្រាយករណីពុលស្រាសដែលកើតមានឡើងជាញឹកញាប់ ជាពិសេសករណីពុលស្រាសនៅខេត្តក្រចេះ ដែលបានធ្វើអោយបាត់បង់អាយុជីវិតប្រជាពលរដ្ឋ ចាស់ក្មេងជាច្រើននាក់ ខណៈអ្នកនាំពាក្យក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើកឡើងថា រាល់សិប្បកម្មផលិតស្រាសទាំងអស់ ក្រសួងមិនបានទទួលស្គាល់ និងផ្ដល់អាជ្ញាប័ណ្ណអោយនោះទេ ហើយក៏កំពុងតែមានវិធានការចំពោះកន្លែងផលិតស្រាទាំងនោះផងដែរ
ករណីពុលស្រាសបានកើតឡើងទៀតហើយនៅស្រុកសំបូរ ខេត្តក្រចេះ ដែលបណ្ដាលអោយអ្នកស្លាប់មានចំនួន ៥ នាក់បន្ថែមទៀត និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៤០នាក់ ។ ខេត្តក្រចេះ ជាខេត្តមួយដែលតែងតែមានករណីពុលស្រាសជាញឹកញាប់ ដែលក្រសួងស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធហាក់មិនមាននូវវិធានការអ្វីច្បាស់លាស់នោះទេ ក្នុងការទប់ស្កាត់កុំអោយមានការកើតឡើងបន្តទៀតនូវករណីមួយនេះ។
ទាក់ទិននឹងករណីនេះ លោក ហង្ស វិទូ ប្រធានក្រុមអ្នកវិភាគវ័យក្មេង បានលើកឡើងថា នេះជាការខ្វះនូវអភិបាលកិច្ចល្អក្នុងការធ្វើការងាររបស់អាជ្ញាធរមូលដ្ឋាន។ លោកបន្តថា រដ្ឋាភិបាល គួរតែមាននូវការកំណែទម្រង់ស៊ីជម្រៅនៅថ្នាក់មូលដ្ឋាន ដើម្បីប្រសិទ្ធភាពការងាររបស់មន្រ្តីមូលដ្ឋាន ។
[…កង្វះការយកចិត្តទុកដាក់ពីអាជ្ញាធរពិសេសគេហៅថាអភិបាលកិច្ចមិនល្អ ចឹងតាមពិតរឿងអភិបាលកិច្ចមិនល្អភាគច្រើនកើតឡើងច្រើននៅក្នុងប្រទេសកម្ពុជាមិនមែនត្រឹមតែខេត្តក្រចេះទេ បើយើងពិនិត្យមើលអោយច្បាស់លាស់ទៅ គ្រាន់ថាខេត្តក្រចេះគាត់ឧស្សាហ៍មានរឿងរញ៉េរញ៉ាយកើតឡើងចឹងហា៎ ប៉ុន្តែជារួមនៅទូទាំងប្រទេសហ្នឹង យើងមើលឃើញថាវាបណ្ដាលមកពីអភិបាលកិច្ចមិនល្អ ចឹងដើម្បីធ្វើអោយអភិបាលកិច្ចល្អ លុះណារដ្ឋាភិបាលគាត់ព្យាយាមក្នុងការអនុវត្តនូវតួនាទី ជាពិសេសគឺព្យាយាមធ្វើយ៉ាងមិចអនុវត្តហ្នឹងអោយបានតឹងរឹង ហើយបើសិនជ្រើសរើសមេដឹកនាំគួរតែអោយប្រជាពលរដ្ឋហ្នឹងគាត់មានការជ្រើសរើសមេដឹកនាំទៅតាមឆន្ទៈរបស់គាត់ចឹងហា៎...]
ជាមួយគ្នានេះ កញ្ញា លី ស្រីស្រស់ សមាជិកក្រុមអ្នកវិភាគវ័យក្មេង លើកឡើងថា រដ្ឋាភិបាល ឬ អាជ្ញាធរ ហាក់មិនបានយកចិត្តទុកដាក់ក្នុងការដោះស្រាយបញ្ហាជូនពលរដ្ឋនោះទេ។ កញ្ញា លី ស្រីស្រស់ បានបន្ថែមថា ក្រសួងពាក់ព័ន្ធគួរតែមាននូវការស្រាវជ្រាវ និងចាត់វិធានការណាមួយអោយបានច្បាស់លាស់ក្នុងការត្រួតពិនិត្យគុណភាពចំពោះការផលិតស្រាស និងចំនីអាហាផ្សេងៗជាដើម។
[…ចឹងបងសង្កេតឃើញថាយន្តការ ក៏ដូចជាកិច្ចអន្តរាគមន៍ពីក្រសួងដែលពាក់ព័ន្ធហ្នឹង គឺមិនទាន់បានល្អទេមកដល់សព្វថ្ងៃនេះ ហៃចំពោះបងជាអ្នកវិភាគ បងមិនមានភារកិច្ចក្នុងការដោះស្រាយអាបញ្ហាទាំងអស់ហ្នឹងទេ ប៉ុន្តែបងគិតថារដ្ឋាភិបាលក៏ដូចជាក្រសួងពាក់ព័ន្ធគួរតែផ្ដោតទៅលើបញ្ហាទាំងអស់នេះ ជាជាងធ្វើរឿងដែលព្យាយាមធ្វើគោលនយោបាយធ្វើ ពីព្រោះយើងធ្វើគោលនយោបាយ គឺយើងដើម្បីដោះស្រាយអាបញ្ហាដែលកើតឡើងហេ៎ ហៃចុះបើយើងធ្វើគោលនយោបាយប៉ុន្មានសិបឆ្នាំហើយយើងអត់ដោះស្រាយអាបញ្ហាជាតិគីមីក្នុងបន្លែ ផលិតផលដែលហួសដឺឡេ ឬក៏សល់អី ចឹងមានន័យថាគោលនយោបាយយើងគឺវាបរាជ័យ ហៃយើងមិនអាចឆ្លើយតបជាមួយការដោះស្រាយប្រជាពលរដ្ឋបាន...]
លោក អ៊ុំ សុថា អ្នកនាំពាក្យក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានប្រាប់វិទ្យុសំលេងយុវជន នៅថ្ងៃនេះថា ក្រសួងមិនបានទទួលស្គាល់ និងផ្ដល់អាជ្ញាប័ណ្ណដល់សិប្បកម្មផលិតស្រាសទាំងនោះទេ ដោយការផលិតស្រាសមិនមានលក្ខណបច្ចេកទេសត្រឹមត្រូវដែលមានការប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ។ អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា ក្រសួងបានធ្វើការចុះបិទនូវកន្លែងផលិតស្រាសណាដែលបណ្ដាលអោយមានការពុលនេះ ហើយបើនៅតែលួចលាក់ផលិតទៀត ក្រសួងនឹងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ ។
[…តាមវិធានការដែលយើងធ្លាប់ដាក់ចេញកន្លងមកអ្នកដែលផលិតអត់ច្បាប់ហ្នឹងដំបូងយើងបិទ បើគាត់នៅតែធ្វើទៀតអហ្នឹងយើងត្រូវបញ្ជូនឯកសាររបស់គាត់ យើងត្រូវចាប់ បញ្ជូនឯកសារគាត់នៅតែលួចលាក់ទៀតអាហ្នឹងប៉ះពាល់ដូចខ្ញុំធ្លាប់ប្រាប់ពីមុនចឹង គឺយើងត្រូវបញ្ជូនគាត់ទៅតុលាការហើយ បើគាត់ធ្វើអោយប៉ះពាល់ដល់អាយុជីវិតគេចឹងមិននេះណា មិនធម្មតាណាធ្វើអោយប៉ះពាល់អាយុជីវិតគេ ប៉ុន្តែយើងមិនមែន ហ៎ទៅប្ដឹងជារួម យើងទៅប្ដឹងកន្លែងណាដែលវាកើតឡើងជាក់ស្ដែងមានលទ្ធផលអី គេអត់អីអត់បញ្ជ្រាស់មកយើងវិញហា៎
វិទ្យុសំលេងយុវជន វីអូវ៉ាយ មិនអាចសុំការឆ្លើយតបពី លោក លី សូវណ្ណ អ្នកនាំពាក្យក្រសួងសុខាភិបាល បានទេ ដោយទូរស័ព្ទមិនមានអ្នកលើក។
គួររំលឹកដែរថា ខេត្តក្រចេះតែងតែមានករណីពុលស្រាសកើតឡើងជាច្រើនលើកច្រើនសារ ដែលបានបណ្ដាលអោយបាត់បង់ជីវិតពលរដ្ឋជាច្រើននាក់ ក៏ប៉ុន្តែក្រសួង ឬ អាជ្ញាធរមូលដ្ឋាន ហាក់មិនមានដំណោះស្រាយ ក៏ដូចជាវិធានការណាមួយចំពោះការរកយុត្តិធម៌ជូនជនរងគ្រោះ និងអ្នកដែលបានស្លាប់ទៅនោះទេមក់ដល់ពេលនេះ ហើយក្រសួងជាច្រើនបានឆ្លើយដោះសារដោយព្យាយាមសាចទឹកដាក់គ្នាទោវិញទៅមក ដែលករណីនោះ ក៏មានការស្តីបន្ទោសយ៉ាងដំណំពីសំណាក់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ពីកំហុសធ្វេសប្រហែល និងការសាចទឹកដាក់គ្នាដោយមិននាំគ្នារកមូលហេតុពិតប្រាកដនៅពីក្រោយករណីពុលស្រាសរហូតដល់មានបាត់បងជីវិតមនុស្សនោះទេ៕ អត្ថបទដោយ ធឿន វ៉ាន់សុង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!