សង្គមស៊ីវិល និងអ្នកវិភាគ លើកឡើងស្រដៀងគ្នាថា ការស្នើសុំតំឡើងតំណែងតាមរយៈការរត់ការ ពីសំណាក់ មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ឬ តាមខ្សែស្រឡាយ ហាក់បង្ហាញអំពីការប្រព្រឹត្តអំពើពុករលួយ
សង្គមស៊ីវិល និងអ្នកវិភាគ លើកឡើងស្រដៀងគ្នាថា ការស្នើសុំតំឡើងតំណែងតាមរយៈការរត់ការពីសំណាក់ មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ឬ តាមខ្សែស្រឡាយ ហាក់បង្ហាញអំពីការប្រព្រឹត្តអំពើពុករលួយ ។ ក្រុមអ្នកវិភាគ និងសង្គមស៊ីវិល ស្នើអោយរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ ត្រូវតំឡើងតំណែង ឬ តួនាទី អោយស្របតាមសមត្ថភាព គុណសម្បត្តិ និងប្រសិទ្ធភាពការងាររបស់មន្រ្តីរាជការ ។
បន្ទាប់ពីព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យ ដាក់អោយស្នងការនគរបាលខេត្ត ចំនួន បីខេត្តចូលនិវត្តន៍ ក្នុងនោះរួមមាន ស្នងការនគរបាលខេត្តប៉ៃលិន ស្នងការនគរបាលខេត្តព្រៃវែង និងស្នងការនគរបាលខេត្តកំពង់ឆ្នាំង រួចមក ក៍មានលេចលឺថា មានការរត់ការពីសំណាក់មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃក្នុងការចង់បាននូវតំណែងស្នងការខេត្តទាំងបីនេះ។
ទាក់ទិននឹងបញ្ហានេះ វិទ្យុសំលេងយុវជន មិនអាចសុំការឆ្លើយតបពី អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័ក្រ បាននោះទេនៅថ្ងៃនេះ ដោយទូរស័ព្ទចូលមិនមានអ្នកទទួល។
ជាមួយគ្នានេះ កញ្ញា លី ស្រីស្រស់ សមាជិកក្រុមអ្នកវិភាគវ័យក្មេង យល់ថា ចំពោះការរត់ការបស់មន្ត្រី ដែលស្នើសុំតួនាទី ឬតំណែងនេះ គឺមន្ត្រីមួយចំនួនហាក់អោយតម្លៃខ្លាំងលើមុខតំណែង ជាងសមត្ថភាព និងប្រសិទ្ធភាពការងារដែលខ្លួនមាន។ អ្នកវិភាគរូបនេះ បន្តថា ប្រសិនបើការចង់បានតំណែងនេះ ធ្វើឡើង ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ នោះគឺជារឿងល្អ តែបើគ្រាន់តែចង់បានតំណែងនោះ គឺដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន នោះគឺជារឿងដ៏អាក្រក់មួយ ។
[…ក្នុងនឹងអូនឯងមើលឃើញអំពីការប្រកួតប្រជែងចង់បានតំណែងរបស់មន្រ្តីនៅក្នុងក្របខណ្ឌរដ្ឋាភិបាលហ្នឹងទៅ ហើយសព្វថ្ងៃនេះបងមើលឃើញថាមិនមែនមានតែចំនុចហ្នឹងហេ៎ នៅមានចំនុចច្រើនទៀត ដែលហាក់បញ្ជាក់អំពីការប្រកួតប្រជែង ការធ្វើមិចអោយបានតំណែងខ្ពស់ទៅកាន់រដ្ឋាភិបាលហ្នឹង គឺធ្វើមិចអោយខ្លួនធំជាងអ្នកដទៃ តែនៅក្នុងប្រសិនជាការចង់បានតំណែងហ្នឹងដោយខ្លួនចង់បានអំណាចហើយធ្វើមិចអោយអាការអនុវត្តគោលនយោបាយ ឬក៏ធ្វើមិចអោយមានការអភិវឌ្ឈបងមើលឃើញថាអាហ្នឹងវាមិនមែនជាបញ្ហាហេ៎…]
ទាក់ទិននឹងបញ្ហានេះ លោក សន ជ័យ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លើកឡើងថា ការស្នើសុំមុខតំណែងតាមរយៈបក្សពួក ខ្សែស្រឡាយ ក្រុមគ្រួសារ បែបនេះ ជាការបង្ហាញអំពីការប្រព្រឹត្តអំពើពុករលួយរបស់មន្រ្តីរាជការ។ លោក សន ជ័យ ស្នើអោយក្រសួងស្ថាប័នពាកព័ន្ធ គួរតែតំឡើងតំណែងតាមរយៈការប្រកួតប្រជែងប្រសិទ្ធភាពការងារ ហើយគុណសម្បត្តិរបស់មន្ត្រី និង លុបបំបាត់អោយបាននូវការឡើងតំណែងតាមរយៈខ្សែស្រឡាយ និងអំពើពុករលួយនានា។
[…នៅអ្វីដែលគេបានវិនិយោគនៅក្នុងការទទួលបានតំណែងហ្នឹង ចឹងខ្ញុំគិតថាដល់ពេលវេលាដែលត្រូវលុបបំបាត់បញ្ហានេះចោលហើយ យើងចង់អោយតំណែងរបស់មន្ត្រីម្នាក់បានដោយការប្រកួតប្រជែង ដោយសារស្នាដៃ ដោយសារតែអំពើល្អ ហៃនិងការទទួលបាននូវគុណតម្លៃ ចឹងបើសិនជាមន្រ្តីណាមួយមានតំណែងក្នុងកម្រិតខ្ពស់ ហើយបើពួកគេបានតំណែងដោយការបញ្ចេញស្នាដៃដោយការប្រលងប្រជែង ខ្ញុំគិតថានឹងទទួលបានការគោរពពីថ្នាក់ក្រោម …]
គួររំលឹកដែរថា កន្លងទៅ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏ធ្លាប់លើកឡើងពីការស្នើសុំតួនាទី ជាអភិបាលខេត្តថ្មី ដែលជាខេត្តមួយគ្រោងបំបែកចេញពីខេត្តកណ្ដាល ដោយលោកនាយករដ្ឋមន្ត្រី លើកឡើងថា ខេត្តមិនទាន់បានបង្កើតជាផ្លូវការផង នាំគ្នាបែងចែកតំណែងអ្នកណាកាន់តំណែងអភិបាលខេត្ត និងអភិបាលរងខេត្តទៅហើយ រហូតដល់លោកនាយករដ្ឋមន្រ្តី សម្រេចលុបចោលនូវគម្រោងបង្កើតខេត្តនេះទៅវិញ។
គួរបញ្ជាក់ដែរថា កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ នៅក្នុងសិក្ខាសាលាប្រកាសផ្សព្វផ្សាយ ផែនការយុទ្ធសាស្រ្តបញ្ជ្រាបយេនឌ័រ ឆ្នាំ២០១៨ - ២០១៣ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក ស ខេង ក៏ធ្លាប់បានព្រមានចាត់វិធានការលើអ្នកដែលរត់ការស្នើសុំតំណែង ឬតួនាទី ខុសពីនីតិវិធី ដែលផ្ទុយពីច្បាប់ ដោយត្រូវឆ្លងកាត់នូវដំណាក់កាលរដ្ឋបាលត្រឹមត្រូវ នៅក្រសួងមហាផ្ទៃជាមុនសិន ៕ អត្ថបទដោយ ធឿន វ៉ាន់សុង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!