ប្រធានគណបក្សខ្មែរក្រោក និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ លោក វឌ្ឍនាសាពង្ស បញ្ជាក់ថា លោកនឹងធ្វើរបាយការណ៍រឿងឧកញ៉ា ង៉ោ ស្រ៊ុន រំលោភយកដីពលរដ្ឋនៅខេត្តសៀមរាបជូនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការសម្រេច និងចាត់វិធានការ
ប្រធានគណបក្សខ្មែរក្រោក និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ លោក វឌ្ឍនាសាពង្ស បញ្ជាក់ថា លោកនឹងធ្វើរបាយការណ៍រឿងឧកញ៉ា ង៉ោ ស្រ៊ុន រំលោភយកដីពលរដ្ឋនៅខេត្តសៀមរាបជូនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការសម្រេច និងចាត់វិធានការ ខណៈអ្នកវិភាគ លើកឡើងថា អ្នកដែលរំលោភយក និងមានទំនាស់ដីធ្លីជាមួយពលរដ្ឋភាគច្រើន គឺជាអ្នកដែលមានអំណាច និងមានអ្នកធំនៅពីក្រោយខ្នង។
ថ្មីៗនេះ ប្រជាពលរដ្ឋដែលរស់នៅឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ចំនួន១៨៥ គ្រួសារដែលរងការរំលោភយកដីពីលោកឧកញ៉ា ង៉ោ ស៊្រុន បានសុំការអន្តរាគមន៍ពីលោក សុខសុវណ្ណ វឌ្ឍនាសាពង្ស ប្រធានគណបក្សខ្មែរក្រោក និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ដែលលោកបានចុះទៅជួបផ្ទាល់ជាមួយពលរដ្ឋដែលរងគ្រោះនៅខេត្តសៀមរាបដោយបានរកឃើញនូវភ័ស្តុតាងដែលបញ្ជាក់ថាឧកញ៉ា ង៉ោ ស៊្រុន ពិតជាបានរំលោភយកដីពលរដ្ឋមែន។
នៅថ្ងៃនេះ លោក សុខសុវណ្ណ វឌ្ឍនាសាពង្ស ប្រធានគណបក្សខ្មែរក្រោក បានបញ្ជាក់ប្រាប់វិទ្យុសំឡេងយុវជន ថា លោកបានរកឃើញនូវភ័ស្តុតាងមួយចំនួនដែលបញ្ជាក់ថា ឧកញ៉ា ង៉ោ ស៊្រុន ពិតជាបានរំលោភយកដីពលរដ្ឋនៅខេត្តសៀមរាបចំនួន១៨៥ គ្រួសារពិតមែន ។ លោកបានបន្ថែមទៀតថា លោកនឹងលើកយកករណីនេះទៅពិភាក្សាក្នុងកិច្ចប្រជុំប្រចាំខែរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់នៅចុងសប្តាហ៍នេះ ហើយលោកក៏នឹងរាយការណ៍ជូនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ពីករណីនេះផងដែរ។
[…ហើយអាភ័ស្តុតាងជាក់ស្ដែងគឺយើងយោងលើឯកសារ អាដីហ្នឹងវាប្ដឹងផ្ដល់ទៅតុលាការ ហើយដល់យើងសួរទៅដីអត់ទាន់ចុះបញ្ជីទេ ហៃយើងមើលច្បាប់ ច្បាប់បានចែងហើយសេចក្ដីប្រកាសអំពីដីរដ្ឋអត់ទាន់ចុះបញ្ជីគេអត់ដោះស្រាយនៅតុលាការទេ គេដោះស្រាយនៅអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ប៉ុន្តែអាជ្ញាធរដោះស្រាយទំនាស់ដីធ្លីដាក់លិខិតទៅលោក ឃឹម ប៊ុនសុង តែលោក ឃឹម ប៊ុនសុងអត់អើពើទេ អាហ្នឹងហើយជារឿង អ្វីដែលខ្ញុំឆ្ងល់ខ្លាំងបំផុត ខ្ញុំចង់ដឹងលោក ឃឹម ប៊ុនសុងគាត់......ព្រោះគាត់អត់ខ្វល់ពីលិខិតអាជ្ញាធរជាតិ...]
ជាមួយគ្នានេះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានលើកឡើងថា លោកនឹងសុំជួបអភិបាលខេត្តសៀមរាប លោក ឃឹម ប៊ុនសុង ដើម្បីសុំការពន្យល់ពីករណីមួយនេះ ដោយពេលនេះលោកមិនទាន់បានទទូលព័ត៌មានណាមួយច្បាស់លាស់នោះទេក្នុងករណីនេះ។
[…ទីមួយយើងអត់ទាន់ជួបផ្ទាល់ជាមួយខាងឯកឧត្តមអឺ..គណៈប្រតិភូគណបក្សខ្មែរក្រោកទេនៅឡើយទេ ហៃនៅថ្ងៃ៣០នេះយើងនឹងមានការប្រជុំចុងខែប្រចាំរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ប្រសិនជាឯកឧត្តមខាងគណបក្សខ្មែរក្រោកលោកដាក់ជាប្រធានបទអាហ្នឹងយើងនឹងពិចារណាចុះទៅសិក្សា ហើយព្រោះរឿងហ្នឹងខ្ញុំមិនទាន់ទទួលព័ត៌មាននៅឡើយ ខ្ញុំមិនទាន់ហ៊ានសន្និដ្ឋានបែបណានោះទេ ឆាប់ៗនឹងក្រោយពីខ្ញុំត្រលប់ពីខេត្តកោះកុងវិញខ្ញុំនឹងទៅខេត្តសៀមរាបពាក់ព័ន្ធនឹងផ្លូវនឹងដែរ ផ្លូវមិនអភិវឌ្ឍ មិនកសាង មិនជួសជុលសម្រាប់ភ្ញៀងទេសចរហា៎ ហៃពាក់ព័ន្ធនឹងរឿងនោះខ្ញុំនឹងភ្ជាប់ដែរបើសិនមានរឿងនោះកើតឡើង ខ្ញុំនឹងស្នើជួបឯកឧត្តមអភិបាលខេត្តសៀមរាបដើម្បីអោយគាត់បំភ្លឺពាក់ព័ន្ធនឹងករណីនេះដែរ...]
ក្នុងនោះដែរ លោក ពេជ្រ ស្រស់ ក៏បានបញ្ជាក់ពីភារកិច្ច និងសិទ្ធអំណាចរបស់សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ដែលមានសិទ្ធជួបពិភាក្សាលើបញ្ហាផ្សេងៗជាមួយនឹងមន្រ្តីរាជរដ្ឋាភិបាល ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលមានភាពអសកម្មនៅក្នុងសង្គម។
[…យោងតាមព្រះរាជក្រឹត្យលក្ខខណ្ឌទី៣ គឹយើងមានសិទ្ធចូលរួមឃ្លាំមើលការអនុវត្តកិច្ចការងាររបស់មន្រ្តីរដ្ឋាភិបាលទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ហើយនិងផ្ដល់យោបល់កែទម្រង់រាល់ការងារអនុវត្តទៅវាធ្វើមិនបានល្អប្រសើរសម្រាប់ជាតិ និងប្រជាពលរដ្ឋ ហើយការចុះទៅរបស់យើង គឹមានតួនាទីសម្របសម្រួលជាមួយអាជ្ញាធរមានន័យថាយើងចុះទៅតាមដាន វាយតម្លៃក៏ដូចជាសិក្សាបញ្ហារបស់ប្រជាពលរដ្ឋអោយអាជ្ញាធរដឹងលឺ ហើយអាជ្ញាធរគាត់នឹងមានកាតព្វកិច្ចអ្នកដោះស្រាយបើមើលឃើញវាពិតជាត្រឹមត្រូវអ្វីដែលយើងលើកឡើង ហៃគាត់នឹងចាត់នីតិវិធីដោះស្រាយតាមផ្លូវច្បាប់ដែលមានស្រាប់ហា៎...]
ដោយឡែក លោក មាស នី អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម បានលោកឡើងថា ករណីដែលមានការរំលោភយកដីពលរដ្ឋភាគច្រើន គឺជាអ្នកដែលមានអំណាច និងឥទ្ធិពល ព្រមទាំងមានអ្នកកាងនៅពីក្រោយ ដែលធ្វើអោយអាជ្ញាធរមូលដ្ឋានពេលខ្លះមិនហ៊ានដោះស្រាយនោះទេ។
[…រឿងអស់នេះបើជាខ្ញុំគិតមិនខុសទេហើយខ្ញុំក៏ធ្លាប់មានបទពិសោធន៍ក្នុងការតាមដានហើយធ្វើការស្រាវជ្រាវច្រើនលើវិបត្តិដីធ្លីហ្នឹង វិបត្តិដីធ្លីដែលមានភាពរឺងរួសដោះស្រាយមិនរួចហា៎ ឬក៏អាជ្ញាធរមូលដ្ឋានហាក់មិនហ៊ានចាត់វិធានការ គឹភាគច្រើននៃករណីបែបនឹងគឺតែងតែមានអ្នកដែលមានខ្នងក្រាស់ៗគ្រាក់ៗនៅពីក្រោយពិភ្នំពេញទៅអាហ្នឹងភាគច្រើនដែលខ្ញុំឃើញហា៎...]
គួររំលឹកដែរថា តាមការបង្ហោះនៅលើបញ្ដាញទំនាក់ទំនងសង្គមរបស់លោក សុខសុវណ្ណ វឌ្ឍនាសាបុង ប្រធានគណបក្សខ្មែរក្រោក និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានបង្ហាញថា ក្នុងករណីនេះក៏មានការអន្តរាគមន៍ពីសំណាក់ថ្នាក់ដឹកនាំកំពូលៗជាច្រើន មានដូចជា លោក ហេង សំរិន ប្រធានរដ្ឋសភា លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ប៊ិន ឈិនរដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្តី និង រដ្ឋមន្ត្រីក្រសូងរៀបចំដែនដី លោក ជា សុផារ៉ា ជាដើម ដែលបានបញ្ជាអោយអាជ្ញាធរខេត្តធ្វើការដោះស្រាយលើករណីនេះ តែអាជ្ញាធរហាក់មិនអើពើនោះទេ ៕ អត្ថបទដោយ ធឿន វ៉ាន់សុង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!