អ្នកជំនាញផ្នែកសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងអ្នកច្បាប់ ៖ ផ្អែកលើទិដ្ឋភាពច្បាប់ ករណីជនជាតិបារាំង ជិះម៉ូតូបុកជនជាតិខ្មែរដែលជិះម៉ូតូបញ្ជ្រាស់ទិសថា ជនបរទស គឺមិនមានកំហុសនោះទេ អ្នកដែលខុសគឺ ជនដែលជិះបញ្ជ្រាស់ផ្លូវ គឺខុសច្បាប់ចរាចរណ៍និងត្រួវចេញការខូចខាតអោយជនរង
កាលពីថ្មីៗនេះ មានគ្រោះថ្នាក់ចរាចរណ៍មួយរវាងជនជាតិបារាំងបានជិះម៉ូតូបុកបុរសជនជាតិខ្មែរ ដែលជិះម៉ូតូបញ្ជ្រាស់ផ្លូវ ដែលបណ្ដាលអោយក្មេងស្រីម្នាក់រងរបួស ដែលធ្វើអោយឪពុកម្ដាយក្មេងស្រីបានទាមទារនូវសំណងជាទឹកប្រាក់ចំនួន ២៥០ ដុល្លាអាមេរិច ទាំងមិនដឹងថាហេតុការណ៍នោះ អ្នកណាខុស អ្នកណាត្រូវ ។
ទាក់ទិននឹងករណីនេះដែរ លោក សុក សំអឿន អ្ននជំនាញផ្នែកច្បាប់ បានលើកឡើងថា តាមផ្លូវច្បាប់អ្នកដែលជិះបញ្ជ្រាស់ផ្លូវ គឺជាអ្នកខុសយ៉ាងពិតប្រាកដ។ ដូចជាករណីខ្លះ អ្នកដែលបង្កអោយមានគ្រោះថ្នាក់ និងជនរងគ្រោះ អាចមានការចចារ និងសម្របសម្រួលគ្នាបានក្នុងលក្ខខណ្ឌណាមួយ ដោយមិនចាំបាច់ដោះស្រាយតាមផ្លូវច្បាប់នោះទេ ។
[…បើយើងជិះបញ្ជ្រាស់ហៃធ្វើអោយមានគ្រោះថ្នាក់ចរាចរណ៍ ឬក៏យើងជិះខុសច្បាប់ហា៎ បើឆ្លងភ្លើងក្រហម ឬក៏ជិះបញ្ជ្រាស់អីនឹង អាហ្នឹងអឺ..យើងខុសច្បាប់យើងជាអ្នកបង្កមានន័យថាការទទួលខុសត្រូវគឺលើយើងហើយ ក៏ប៉ុន្តែគ្រាន់តែពេលយើងខុស ចចារគ្នាយើងមិនដឹងគេនិយាយរបៀបមិចយល់នៅ ព្រោះប្រហែលម្ខាងៗមានចំនុចដែលខ្លួនឯងអះអាងថាខ្លួនត្រូវច្រើន បើយើងនិយាយថាជិះបញ្ជ្រាស់ខុស វាខុសហើយចឹងហេ៎ តែយើងមិនដឹងថាតើជាមូលហេតុអីផ្សេងទៀត ព្រោះតែម្ខាងទៀតសុខចិត្តសងទៅម្នាក់ទៀតនោះ...]
លើកឡើងស្រដៀងនេះដែរ អ្នកជំនាញផ្នែកសុវត្ថិភាពចរាចរណ៍ផ្លូវគោក លោក អៀរ ចរិយា ថា តាមច្បាប់ចរាចរណ៍ដែលជិះបញ្ជ្រាស់ គឺខុសច្បាប់ទាំងស្រុង ជាពិសេសក្នុងករណីដែលអ្នកជិះបញ្ជ្រាស់ផ្លូវ ហើយបង្កអោយមានគ្រោះថ្នាក់ហើយ នៅទាមទារលុយពីអ្នកដែលជិះត្រឹមត្រូវនោះ គួរតែសមត្ថកិច្ចមាននូវវិធានការអប់រំ និងតាមផ្លូវច្បាប់ផងដែរ។
[…ហើយករណីដែលគាត់អឺ..ជិះខុសហើយគាត់អឺ..គាត់នៅទារលុយគេទៀតអាហ្នឹងជារឿងមួយដែលខុសច្បាប់ដែលសមត្ថកិច្ចត្រូវតែហៅគាត់មកអប់រំ ឬក៏ធ្វើការដាក់វិន័យគាត់...]
ដោយឡែក លោក អៀង វុទ្ធី ប្រធានអង្គការសមធម៌កម្ពុជា បានប្រាប់វិទ្យុសំឡេងយុវជន នៅថ្ងៃនេះថា ករណីនេះ ជាករណីចម្លែកមួយដែលអ្នកជិះស្របទិស ត្រូវចេញសំណងអោយអ្នកដែលជិះបញ្ជ្រាស់ទិសទៅវិញ ។ លោកបានស្នើអោយ អាជ្ញាធរ ឬ សមត្ថកិច្ចត្រូវដោះស្រាយករណីនេះអោយត្រឹមត្រូវ និងមាននូវភាពយុត្តិធម៌ ។
[…ប៉ុន្តែករណីនេះដូចរាងចម្លែកដែរ យើងឃើញថាដែលជិះត្រូវទិសហ្នឹងបែរជាត្រូវសងសំណងទៅវិញហា៎ អាហ្នឹងខ្ញុំមិនបាននៅហេតុការណ៍នឹងពិបាកនឹងនិយាយដែរ ក្លោវាមានព្រឹត្តការណ៍អីផ្សេងទៀតដែលយើងមិនបានដឹងនៅក្នុងហេតុការណ៍នឹង ប៉ុន្តែបើយើងនិយាយពីទិដ្ឋភាពផ្លូវច្បប់អ្នកដែលមិនគោរពច្បាប់គឺត្រូវទទួលខុសត្រូវហើយ បាទចឹងចំពោះការអ្នកអនុវត្តច្បាប់ យើងយកច្បាប់មកមកគេហៅថាធ្វើជាគោល ចឹងអ្នកដែលណាដែលខុសគឺខុស មិនមែនយើងចេះតែធ្វើចឹងវាអាចថាប៉ះពាល់ទៅដល់ការអនុវត្តច្បាប់ហា៎ទៅថ្ងៃក្រោយទៀត...]
គួរបញ្ជាក់ដែរថា ជារៀងរាល់ថ្ងៃនៅក្នុងភ្នំពេញ គឺតែងតែការកកស្ទះចរាចរណ៍ ដែលបានធ្វើអោយ ប្រជាពលរដ្ឋមួយចំនួន មិនគោតពច្បាប់ ដូចជា ជិះបញ្ជ្រាស់ផ្លូវ និងមិនគោរពភ្លើងសញ្ញាជាដើម ៕ អត្ថបទដោយ ធឿន វ៉ាន់សុង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!