អ្នកវិភាគ ៖ ការហាមឃាត់មិនអោយអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ លោកស្រី រ៉ូណា ស្មីត ជួបជាមួយលោក កឹម សុខា គឺ ហាក់មិនបានបង្ហាញពីមូលហេតុណាមួយច្បាស់លាស់នោះទេ
អ្នកវិភាគ លើកឡើងថា ការហាមឃាត់មិនអោយអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ លោកស្រី រ៉ូណា ស្មីត ជួបជាមួយលោក កឹម សុខា គឺ ដោយមិនបានបង្ហាញពីមូលហេតុណាមួយច្បាស់លាស់នោះ ហើយក៏ការជួបនោះក៏មិនបានផ្តល់ផលប៉ះពាល់ដល់នីតិវិធីស៊ើបសួររបស់តុលាការនោះដែរ ខណៈអ្នកនាំរាជរដ្ឋាភិបាល បញ្ជាក់ថា ជាឆន្ទានុសិទ្ធក្នុងការសម្រេចរបស់តុលាការ ។
ក្នុងដំណើរទស្សនកិច្ចរបស់លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិនៅប្រទេសកម្ពុជារយៈពេល ១១ថ្ងៃ ដោយមានជួបពិភាក្សាការងារជាមួយមន្រ្តីរដ្ឋាភិបាលកម្ពុជា អង្គការក្រៅរដ្ឋាភិបាល និងសង្គមស៊ីវិល ជាដើម ។ ក្នុងនោះដែរ លោកស្រី រ៉ូណា ស្មីត ក៏បានស្នើសុំជួបលោក កឹម សុខា អតីតប្រធានគណបក្សប្រឆាំងដែលកំពុងជាប់ឃុំនៅក្នុងផ្ទះរបស់លោកផ្ទាល់ តែសំណើនេះត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញបដិសេធ មិនអនុញ្ញាតអោយជួបនោះទេ ។
កញ្ញា លី ស្រីស្រស់ ប្រធានក្រុមអ្នកវិភាគវ័យក្មេង បានប្រាប់វិទ្យុសំឡេងយុវជន វីអូវ៉ាយនៅថ្ងៃទី១ ខែវិច្ឆិកានេះថា ការមិនអនុញ្ញាតមិនអោយលោកស្រី រ៉ូណា ស្មីត ចូលជួបអតីតប្រធានបក្សប្រឆាំង លោក កឹម សុខា ហាក់មិនបានបង្ហាញពីមូលហេតុអោយបានច្បាស់លាស់នោះទេ ។
[…ចឹងខ្ញុំមើលឃើញថាអាការយកឡោះបែបហ្នឹង វាអាចជាមូលដ្ឋានគ្រឹះ ហៃពិបាកក្នុងការទទួលយកដោយមិនបានបង្ហាញអំពីឆន្ទៈច្បាស់លាស់ ឬក៏មូលហេតុច្បាស់លាស់ទៅតាមនីតិវិធីច្បាប់ កន្លងមកយើងក៏ដឹងដែរថា ករណីលោក កឹម សុខា វាលាយឡំនយោបាយច្រើនជាងនីតិវិធីច្បាប់ ចឹងហើយខ្ញុំមើលឃើញថានីតិវិធីច្បាប់ វាតែងតែដើរក្រោយពីការចចារនយោបាយទេ...]
អ្នកវិភាគរូបនេះ បានចោទសូរថា ការដែលលោកស្រី រ៉ូណា ស្មីត ជួបលោក កឹម សុខា តើពិតជាប៉ះពាល់ដល់នីតិវិធីស៊ើបសូររបស់តុលាការដែរឬទេ ?
[…បើតាមខ្ញុំដឹងគឺមូលហេតុករណីរបស់លោក កឹម សុខា ស្ថិតនៅក្នុងការស៊ើបអង្កេតរបស់ចៅក្រមស៊ើបសួរ ប៉ុន្តែនៅក្នុងចំនុចនេះដែរបើយើងមើលទិដ្ឋាភាពច្បាប់យើងមើលឃើញថា តើការចូលជួបរបស់លោកស្រី រ៉ូណា ស្មីត ពិតជាអាចមានផលប៉ះពាល់ទៅលើប្រសិទ្ធភាពនៃការអឺ ឬនីតិវិធីនៃស៊ើបសួររបស់តុលាការដែរអត់ ព្រោះយើងត្រូវបើយើងមើលទៅលើទិដ្ឋភាពច្បាប់ថានៅក្នុងករណីកំពុងស្ថិតនៅនីតិវិធីក្នុងការស៊ើបសួរហ្នឹង បើសិនជាក្នុងករណីការជួបអ្នកណាម្នាក់វាអាចប៉ះពាល់ដល់នីតិវិធី ឬក៏ប៉ះពាល់ដល់គុណភាពលើការស៊ើបសួរអាហ្នឹងវាអាចធ្វើទៅរួចហើយមានន័យថាតុលាការអាចហាមក្នុងការមិនអោយជួប ពីព្រោះវាអាចមានការគំរាមគំហែង ឬក៏អីមួយកើតឡើងចឹងទៅ...]
ដោយឡែកលោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានប្រាប់វិទ្យុសំឡេងយុវជននៅថ្ងៃនេះដែរថា រាល់ការសម្រេចរបស់តុលាការ អោយអ្នកណាជួប ឬមិនជួបជាមួយលោកកឹម សុខា គឺ ជាឆន្ទានុសិទ្ធរបស់តុលាការដោយផ្អែក តាមនីតិវិធីច្បាប់ ដោយរាជរដ្ឋាភិបាលពុំមានសិទ្ធអ្វីលើការសម្រេចរបស់តុលាការនោះទេ។
[…ហ្នឹងជាសេចក្ដីសម្រេចដែលជាអេអឺ..អំណាចរបស់តុលាការណា៎ រាជរដ្ឋាភិបាលយើងមិនដឹងថានីតិវិធីរបៀបមិចទេសួរទៅអ្នកនាំពាក្យតុលាការ ឬ ព្រះរាជអាជ្ញាគេដឹង បាទ នឹងជាឆន្ទានុសិទ្ធរបស់តុលាការ ដែលគ្មានស្ថាប័នណា បុគ្គលណាប្រឆាំង..ចំពោះលោក កឹម សុខា ជាហេ៎..ដែលជនជាប់ចោទអេ៎..ជាប់ចោទមិនមែនជាជនសង្ស័យដែលតុលាការធ្វើកិច្ចការទៅតាមដាន...]
គួររំលឹកដែរថា អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ លោកស្រី រ៉ូណា ស្មីត បានចាប់ផ្ដើមធ្វើទស្សនកិច្ចនៅកម្ពុជា រយៈពេល ១១ ថ្ងៃ ដែលចាប់ពីថ្ងៃទី ២៩ តុលា ដល់ ថ្ងៃទី ៨ វិច្ឆិកា ឆ្នាំ២០១៨ ។ ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជានេះ លោកស្រី រ៉ូណា ស្មីត ផ្ដើតសំខាន់ទៅលើការវិនិយោគ និងបញ្ហាគោរពសិទ្ធមនុស្សនៅកម្ពុជា ។
គួរបញ្ជាក់ផងដែរ លោក កឹម សុខា ត្រូវកម្លាំងនគរបាលក្រសួងមហាផ្ទៃចាប់ខ្លួនកាលពីអំឡុងឆ្នាំ ២០១៧ ដោយចោទពីបទ "ក្បត់ជាតិ" ។ លោក កឹម សុខា ក៏ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់ពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ។ ក្នុងពេលថ្មីៗនេះ តុលាការក៏សម្រចយកលោក កឹម សុខា មកឃុំខ្លួននៅក្នុងផ្ទះរបស់លោកវិញ ដោយសារមានបញ្ហាសុខភាព តែត្រូវបានហាមឃាត់មិនចេញ និងជួបអ្នកណានោះទេបើគ្មានការអនុញ្ញាតពីតុលាការ៕ អត្ថបទដោយ ធឿន វ៉ាន់សុង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!