អ្នកជំនាញផ្នែកចរាចរណ៍ និងអ្នកវិភាគ គាំទ្រចំពោះការលើកឡើងរបស់លោក ស៊ុន ចាន់ថុល ដែលគ្រោងនឹងបង្កើត App មួយដើម្បីទុកទទួលដំណឹងពីការរាយការណ៍របស់ប្រជាពលរដ្ឋ ប៉ុន្តែក្រៅពីការបង្កើត App រដ្ឋាភិបាលគួរតែមានយន្តការចំពោះមន្រ្តីទាំងឡាយណាដែលមិនបានអនុវត្តតាមច្បាប់
ថ្មីៗនេះ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា ក្រសួងនឹងគ្រោងបង្កើត App មួយនៅចុងឆ្នាំ ២០១៨ នេះ ដើម្បីឲ្យប្រជាពលទាំងឡាយដែលបានឃើញមានបញ្ហាការខូចខាតផ្លូវនៅត្រង់ចំនុចណាមួយអាចថតរូបភាពទាំងនោះហើយផ្ញើរទៅតាម App ដើម្បីផ្ដល់ដំណឹងឲ្យក្រសួងបានដឹង។
ទាក់ទងនឹងបញ្ហានេះ លោក អៀរ ចរិយា អ្នកជំនាញផ្នែកសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានប្រាប់វិទ្យុសំឡេងយុវជន នៅថ្ងៃទី ១ ខែ វិច្ឆិកា នេះថា ការគ្រោងនឹងបង្កើត App នេះ ក៏ជាការផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋដែរ ហើយជុំវិញនឹងការបង្កើត App នេះ រដ្ឋាភិបាលក៏គួរតែឲ្យមានការត្រួតពិនិត្យស្លាកសញ្ញានៅតាមដងផ្លូវបន្ថែមទៀតផងដែរ ដោយលោកបញ្ជាក់ថា ស្លាកសញ្ញាមួយចំនួនមានការខូតខាត ដោយឡែកក្នុងការត្រួតពិនិត្យផ្លូវ គឺជាតួនាទីរបស់អាជ្ញាធរមិនមែនជាតួនាទីរបស់ប្រជាពលរដ្ឋនោះទេ។
[…បាខ្ញុំគិតថាការបង្កើតអ៊ែបនេះវាជារឿងល្អប្រសើរមួយសំរាប់ធ្វើអោយការត្រួតពិនិត្យទៅលើគុណភាពផ្លូវ វាកាន់តែប្រសើរហើយខ្ញុំគិតថាការបង្កើតអ៊ែបនេះកុំឲ្យត្រួតពិនិត្យរឿងគុណភាពផ្លូវសូមឲ្យត្រួតពិនត្យទៅលើទាំងផ្លាកសញ្ញា គំនូសសញ្ញាផងដែរ ព្រោះអីយើងឃើញថាផ្លូវយើងភាគច្រើនពុំទាន់មានគំនូសសញ្ញាផ្លាកសញ្ញាគ្រប់គ្រាន់នៅឡើយទេហើយមានកន្លែងខ្លះ ផ្លាកសញ្ញាខ្លះត្រូវបាំងដើមឈើមែកឈើហើយកន្លែងខ្លះក៏មានលុបទៅវិញបាត់ ចឹងអានឹងយើងត្រូវតាមដានមើលដែលព្រោះវាជាផ្នែកអាចជួយឲ្យបង្កើនសុវត្ថិភាពរបស់អ្នកបើកបរដែរ ចឹងអឺតាមពិតវាជាតួនាទីរបស់ អាជ្ញាធរក្នុងការ ត្រួតពិនិត្យទៅលើគុណភាពផ្លូវផ្លាកសញ្ញាគំនូសសញ្ញាអីនេះ...]
កញ្ញា លី ស្រីស្រស់ ប្រធានក្រុមអ្នកវិភាគវ័យក្មេង យល់ឃើញថា ក្រៅពីការបង្កើត App រដ្ឋាភិបាល គួរតែមានការរឹតបន្តឹងការអនុវត្តច្បាប់ និងពិន័យចំពោះមន្រ្តីទាំងឡាយណាដែលមានកំហុសឆ្គងផងដែរ ហើយកញ្ញាបានបន្ថែមទៀតថា ពេលខ្លះរាល់ការបញ្ជូនដំណឹងរបស់ប្រជាពលរដ្ឋអាចជាការភ័យខ្លាច ព្រោះថាការបញ្ជូនដំណឹងនេះអាចនិងមានផលប៉ះពាល់ដល់មន្រ្តីណាមួយដែលគ្រប់គ្រងនៅទីនោះ។
[…យើងត្រូវធ្វើយ៉ាងណាឲ្យមានយន្តការនៅក្នុងការដាក់ពិន័យមន្រ្តី រឺក៏អ្នកដេញថ្លៃណាដែលមិនគោរពទៅលើលក្ខខណ្ឌ រឺក៏កិច្ចសន្យាដែលខ្លួនបានដាក់ដេញថ្លៃជាមួយរដ្ឋ ចឹងបើសិនជាគាត់មើលអាចំនុចទាំងអស់នេះ ខ្ញុំយល់ថាវាអាចមានប្រសិទ្ធភាពជាងការបង្កើតអ៊ែប ព្រោះខ្ញុំលើកឡើងខាងដើមហើយថា អាការបង្កើតអ៊ែបនឹងវាអាចជារឿងមួយដែលដែលធ្វើមិចឲ្យពលរដ្ឋនឹងដាក់បញ្ហាទៅប៉ុន្តែបើនៅក្នុងពេលជាមួយគ្នាយើងមិនបានដោះស្រាយវា វាអត់ប្រសិទ្ធភាពដូចតាគ្នានឹង ហើយពលរដ្ឋគាត់មានការភ័យខ្លាចដែរបើសិនជាអ្វីដែលគាត់រាយការណ៍ទៅវាអាចប៉ះពាល់ដល់មន្រ្តីជាន់ខ្ពស់ណាមួយ…]
គួរបញ្ជាក់ផងដែរថា ស្ថានភាពផ្លូវនៅក្នុងប្រទេសកម្ពុជានៅតាមតំបន់មួយចំនួន គឺនៅតែមិនទាន់មានល្អប្រសើរឡើយ បើទោះបីជាធ្លាប់មានចំណាត់ការពីមន្រ្តី ក៏ដូចជាក្រសួងយ៉ាងណាក្ដី ហើយប្រជាពលរដ្ឋមួយចំនួនក៏មានការរអ៊ូរទាំនៅការខូចខាតផ្លូវនេះ ព្រោះវាមានផលប៉ះពាល់ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ។ មិនថាផ្លូវតូចផ្លូវធំមួយចំនួនទាំងក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានាខូចខាត ហើយគ្មានចំណាត់ការ និងជួសជុលណាមួយពីសំណាក់អាជ្ញាធរនៅតាមមូលដ្ឋាន ដោយបណ្តែតបណ្តោយអោយផ្លូវខូចទាំងនោះក្លាយទៅជារន្ធបាយខុនដែលដក់ទឹក និងបង្កគ្រោះថ្នាក់ចរាចរណ៍ដល់ប្រជាពលរដ្ឋផងដែរ៕ អត្ថបទដោយ ញឹម ស្រីតូច
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!